(ក្រចេះ)៖ ដើម្បីអបអរសាទរទិវាសត្វផ្សោតទន្លេមេគង្គ ឆ្នាំ២០១៩ នៅខេត្តក្រចេះ ភាគីពាក់ព័ន្ធប្រមាណ ១៥០នាក់ បានចូលរួមដាំកូនឈើប្រមាណ ២៥០ដើម ក្រោមប្រធានបទ «ទេសចរណ៍ម្នាក់ ដាំដើមឈើមួយដើម» ក្នុងគោលបំណងផ្សព្វផ្សាយបំផុសស្មារតីចូលរួមអភិរក្សសត្វផ្សោតផង និងបង្កើនការដាំដុះកូនឈើឱ្យបានច្រើនផងដែរ។
សកម្មភាពនេះមានការចូលរួមពីមន្ទីរទេសចរណ៍ខេត្តក្រចេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការ WWF ក្រុមហ៊ុនមេរ៌ុ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នៅទីតាំងវត្តរការកណ្តាលថ្មី សង្កាត់រការកណ្តាល ក្រុងក្រចេះ។
លោក ជួប រតនា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានឱ្យដឹងថា ការដាំដើមឈើនេះ គឺបានបំផុសស្មារតីយុវជនជំនាន់ក្រោយឲ្យយល់ដឹងពីសារៈសំខាន់នៃ «ភាពស្អាត និងបៃតង (Clean and Green)» និងការថែរក្សាប្រភេទឈើកម្រ សំដៅរក្សាលំនឹងជីវចម្រុះ និងប្លែក្លាយឲ្យទៅផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ខេត្តក្រចេះ។
លោកប្រធានមន្ទីរទេសចរណ៍បានលើកឡើងទៀតថា យុទ្ធនាការ «ទេសចរណ៍ម្នាក់ ដាំដើមឈើមួយដើម» គឺជាយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ដែលបានដាក់ចុះ សំដៅជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលជាទេសចរណ៍វប្បធម៌ និងធម្មជាតិឲ្យកាន់តែផុលផុសបន្ថែមទៀត ក៏ដូចជាជំរុញចលនាទេសចរណ៍ក្នុងស្រុកផងដែរ។
លោក កែវ គឹមហ៊ុត នាយកផ្នែកទីផ្សារ និងស្រាវជ្រាវនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ បានលើកឡើងពីការយកចិត្តទុកដាក់របស់ហត្ថាកសិករក្នុងការដាំដើមឈើ គឺជាសកម្មភាពទំនួលខុសត្រូវសង្គម ដើម្បីចូលរួមបំផុសគំនិតបុគ្គលិកក្រុមហ៊ុនឲ្យចេះស្រលាញ់ និងការពារបរិស្ថានធម្មជាតិ និងជាការចូលរួមរបស់គ្រឹះស្ថាន ដើម្បីកម្ពុជាស្អាត និងបៃតង៕