(ភ្នំពេញ)៖ លោក ត្រាំ អ៉ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញនិវត្តន៍មកដល់កម្ពុជាវិញ ក្រោយបញ្ចប់ការចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើកទី១៩ (TELMIN) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ាន (TELMIN) គឺជាព្រឹត្តិការណ៍មួយដែលត្រូវបានរៀបចំឡើងប្រចាំឆ្នាំដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានវិទ្យា និងបច្ចេកវិទ្យារវាងប្រទេសអាស៊ានទាំង១០ និងដៃគូសន្ទនា ក៏ដូចជា សហភាពទូរគមនាគមន៍អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធផ្សេងៗ ក្រោមប្រធានបទស្តីពី «ការតភ្ជាប់ដ៏ឆ្លាតវៃ សម្រាប់ការផ្លាស់ប្តូរឌីជីថលអាស៊ាន (Smart Connectivity for ASEAN Digital Transformation)»។
បន្ទាប់ពីកិច្ចប្រជុំបានបញ្ជប់ អង្គប្រជុំបានសម្រេចនូវលទ្ធផលមួយចំនួន ដូចខាងក្រោម៖
*ទី១៖ ការផ្លាស់ប្តូរឈ្មោះកិច្ចប្រជុំដើម្បីរំលេចនូវតួនាទីរបស់វិស័យ ICT ក្នុងការជំរុញការផ្លាស់ប្តូរឌីជីថលក្នុងវិស័យដទៃទៀត កិច្ចប្រជុំបានសម្រេចនូវការផ្លាស់ប្តូរឈ្មោះ នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍និងព័ត៌មានវិទ្យាអាស៊ាន និងកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីទូរគមនាគមន៍អាស៊ាន ដូចជា៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍និងព័ត៌មានវិទ្យាអាស៊ាន (TELMIN) ទៅជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីឌីជីថលអាស៊ាន (ASEAN Digital Ministers’ Meeting, ADGMIN)។ ហើយកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីទូរគមនាគមន៍អាស៊ាន (TELSOM) ទៅជាកិច្ចប្រជុំឧត្តមមន្ត្រីឌីជីថលអាស៊ាន (ASEAN Digital Senior Officials’ Meeting, ADGSOM)។
*ទី២៖ បានអនុម័តនូវសេចក្តីណែនាំអាស៊ាន សម្រាប់ពង្រឹងភាពធន់ និងការជួសជុលខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ដែលមានគោលបំណងក្នុងការផ្តល់ការណែនាំ ទៅភាគីពាក់ព័ន្ធ និងសម្របសម្រួលដំណើរការសម្រាប់ការស្នើសុំលិខិតអនុញ្ញាត ពីប្រទេសជាសមាជិកអាស៊ាន ក្នុងការពន្លឿនការជួសជុលខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រដោយកាត់បន្ថយ ជាអតិបរមានូវលក្ខខណ្ឌតម្រូវនានា និងការចំណាយ ក៏ដូចជាផ្តល់ប្រយោជន៍ដល់ការធ្វើធុរកិច្ច និងអ្នកប្រើប្រាស់នៅក្នុងតំបន់។
*ទី៣៖ អង្គប្រជុំបានទទួលស្គាល់នូវការបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការតភ្ជាប់គន្លាតឌីជីថលនៅក្នុងអាស៊ាន និងអនុម័តក្របខណ្ឌអាស៊ាន សម្រាប់កាតព្វកិច្ចសេវាសកលសម្រាប់ជំនាន់ក្រោយ (USO 2.0) ដែកំណត់នូវអភិក្រមសម្រាប់អ្នកធ្វើគោលនយោបាយ ក្នុងការផ្សារភ្ជាប់គោលនយោបាយកាតព្វកិច្ចសេវាសកល (USO) នឹងកម្មវិធីផ្សេងៗ ដែលធ្វើការផ្តោតទៅលើការតភ្ជាប់នៃផ្នែកផ្គត់ផ្គង់ និងដំណោះស្រាយផ្នែកតម្រូវការ។
*ទី៤៖ អង្គប្រជុំបានបញ្ជាក់ពីសារៈសំខាន់នៃការជំរុញលើការសហការថ្នាក់តំបន់លើវិស័យសន្តិសុខព័ត៌មានវិទ្យា និងពង្រឹងកិច្ចសម្របសម្រួលក្នុងចំណោមប្រទេសសមាជិកអាស៊ាន លើការកសាងគោលនយោបាយ និងការកសាងសមត្ថភាពលើវិស័យសន្តិសុខព័ត៌មានវិទ្យា។ ក្នុងន័យនេះរដ្ឋមន្ត្រីនៃបណ្តាប្រទេសសមាជិកអាស៊ាន បានស្វាគមន៍លើគំនិត ក្នុងការបង្កើតនូវការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកំព្យូទ័រ (CERT) របស់អាស៊ានក្នុងការពង្រឹងដល់សមត្ថភាព និងការសម្របសម្រួល និងការបែងចែកព័ត៌មាននៃការគំរាមកំហែង ភ្លាមៗក្នុងពេលតែមួយ ក្នុងចំណោមការិយាល័យ CERT ក្នុងអាស៊ាន និងជាមួយដៃគូសន្ទនារបស់អាស៊ាន នឹងរង់ចាំការរៀបចំឯកសារនៃផែនការអនុវត្ត សម្រាប់ការបង្កើតការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកំព្យូទ័រអាស៊ាន (ASEAN CERT)។
*ទី៥៖ អង្គប្រជុំបានអនុម័តពង្រាងនៃការបង្កើតយន្តការសម្របសម្រួលអាស៊ានលើវិស័យសន្តិសុខព័ត៌មាន និងបញ្ជូនពង្រាងនេះទៅភាគីក្នុងវិស័យពាក់ព័ន្ធដើម្បីផ្តល់ធាតុចូល។
*ទី៦៖ អង្គប្រជុំបានស្វាគមន៍វឌ្ឍនភាពនៃការបង្កើត សេចក្តីណែនាំអាស៊ាន ស្តីពីការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ការបង្កើតប្រព័ន្ធផ្តល់សេវាឌីជីថល និងកម្មវិធីរដ្ឋាភិបាលឌីជីថល ប្រកបដោយនិរន្តរភាព និងសេចក្តីណែនាំអាស៊ានក្នុងការបង្កើតមាតិកាក្នុងបណ្តាប្រទេសអាស៊ាន។
*ទី៧៖ អង្គប្រជុំបានពិភាក្សាលើផែនការសកម្មភាព និងកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនាលើកិច្ចសហប្រតិបត្តិការនាឆ្នាំក្រោយ ដែលផ្តោតលើចំនុចសំខាន់ៗដូចជាការកសាងសមត្ថភាព ការតភ្ជាប់ឌីជីថល ដែលសន្តិសុខព័ត៌មានវិទ្យា ការឆ្លើយតបបន្ទាន់ ការចែករំលែកព័ត៌មានរវាងគ្នា នវានុវត្តន៍ និងកិច្ចការងារដទៃទៀតដែលគាំទ្រដល់ការអភិវឌ្ឍនៃសេដ្ឋកិច្ចឌីជីថល។
*ទី៨៖ អង្គប្រជុំក៏បានអនុម័តសេចក្តីថ្លែងការណ៍រួមទីក្រុងវៀងច័ន្ទន៍ស្តីពីការតភ្ជាប់ឆ្លាតវៃសម្រាប់ការផ្លាស់ប្តូរឌីជីថលអាស៊ាន ដើម្បីពង្រឹងនូវការតភ្ជាប់ និងលទ្ធភាពទទួលបានឌីជីថល ជំរុញការរីកដុះដាលសង្គម និងសេដ្ឋកិច្ចឌីជីថល ផងដែរ៕