(កំពង់ស្ពឺ)៖ មានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ដោយសារតែភ្លៀងមួយមេយ៉ាងធំ នាយប់រំលងអាធា្រត្រថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ បណ្តាលឲ្យជន់លិចផ្លូវជាតិលេខ៤ ផ្លូវលេខ៥១ និងផ្លូវលេខ៤១ ត្រង់ផ្លូវបំបែកផ្សារថ្នល់ទទឹង និងមួយផ្នែកទៀតនៃផ្សារត្រពាំងអំពិល ដែលបង្កការកកស្ទះចរាចរណ៍ជាច្រើនម៉ោង ហើយបើគិតមកដល់ម៉ោង ១២ថ្ងៃត្រង់ថ្ងៃដដែលនេះ ស្ថានភាពនៅកកស្ទះដដែល។

ដោយឡែកផ្សារថ្នល់ទទឹង និងផ្សាត្រពាំងអំពិល ស្ថិតក្នងស្ថានភាពលិចទឹក រំខានដល់ក្រុមអាជីវកររកស៊ីផងដែរ។ ផ្លូវបំបែក ត្រង់ចំណុចផ្សាថ្នល់ទទឹង លើផ្លូវជាតិលេខ៤ មានព្រំប្រទល់ជាប់គ្នារវាងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្រុមប្រជាពលរដ្ឋនាព្រឹកនេះ បានធ្វើដំណើរក្នុងស្ថានភាពលំបាកខ្លាំង ដោយសារកកស្ទះចរាចរណ៍ផង និងទឹកលិចផ្លូវផង ដោយពួកគាត់ត្រូវប្រើពេលរាប់ម៉ោង ទម្រាំឆ្លងកាត់ទីប្រជុំថ្នល់ទទឹងផុត។ ជាមួយគ្នានេះដែរ ពួកគាត់ទទូចឲ្យអាជ្ញាធរ មេត្តារកច្រកលំហូរទឹក ដើម្បីរំដោះទីប្រជុំជនផ្សារទាំង២ ខាងលើកុំជនលិចរាល់ឆ្នាំខ្លាំងពេក។

ក្រុមមន្ត្រី បានប្រាប់ថា ដោយសារតែការសាងសង់រំលោភដីផ្លូវ និងការចាក់ដីលើសកម្ពស់ផ្លូវជាតិខ្លាំង ទើបមានការជនលិចបែបនេះ។ ជាមួយគ្នានេះ ខ្វះភាពទទួលខុសត្រូវរបស់ពលរដ្ឋ ដែលរស់នៅជាប់ដងផ្លូវ ដែលតែងសាងសង់មិនដាក់លូបង្ហូរទឹក ឬធ្វើលូបើកមុខទឹកដើម្បីបញ្ជៀសការជនលិចឲ្យបានត្រឹមត្រូវផងដែរ។

អាជ្ញាធរអំពាវនាវឲ្យពលរដ្ឋ ប្រកាន់ជំហរធ្វើផ្ទះដាក់លូបង្ហូរឲ្យបានត្រឹមត្រូវ ហើយធ្វើឡើងប្រកបដោយគុណភាព មានកន្លែងខ្លះការដាក់លូធ្វើឡើងឲ្យតែបាន បណ្តាលឲ្យដីហូរចូល ទើបស្ទះបណ្តាលឲ្យទឹកលិចផ្លូវ ហើយមួយផ្នែកទៀតមិននាំគ្នាកាយសំរាមចេញពីលើលូ ដែលមានស្រាប់ដែរ។

សូមបញ្ជាក់ដែរថា ដោយសារស្ថានភាពចរាចរណ៍កាន់តែមមាញឹកខ្លាំង នៅកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្សារថ្នល់ទទឹង ព្រុំប្រទល់ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួល ខេត្តកណ្តាល និងដោយមើលឃើញពីការលំបាកចំពោះកងកម្លាំងលើការងារសម្រួលចរាចរប្រចាំថ្ងៃ ជាពិសេសចំពោះរថយន្ត កម្មករ-កម្មាការិនីកាត់ដេរ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ទើបរដ្ឋបាលខេត្តកំពង់ស្ពឺ បានសម្រេចដាក់ឲ្យដំណើរការភ្លើងស្តុបថ្មីមួយបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ និងកាត់បន្ថយការកកស្ទះ។

ការដាក់ឲ្យដំណើរការនេះ បានធ្វើឡើងកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ក្រោមវត្តមានលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ ចុះពិនិត្យ និងរៀបចំទីតាំងតំឡើងភ្លើងសញ្ញាបញ្ជាចរាចរណ៍ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ នៅថ្នល់ទទឹង ព្រំប្រទល់ ខេត្តកំពង់ស្ពឺ-ខេត្តកណ្តាល។

លោក វ៉ី សំណាង បានលើកឡើងថា រដ្ឋបាលខេត្តកំពង់ស្ពឺ បានដំឡើងភ្លើងស្តុបនៅចំណុចបំបែកថ្នល់ទទឹង ដើម្បីចូលរួមបញ្ជៀសការកកស្ទះចរាចរណ៍។

លោកអភិបាលខេត្ត បានអរគុណលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានជួយឧបត្ថម្ភភ្លើងស្តុបនេះ ហើយលោកក៏សូមអំពាវនាវចំពោះពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវ មេត្តាធ្វើដំណើងប្រកបដោយការគោរពច្បាប់ចរាចរណ៍ និងធ្វើដំណើរមានសុខសុវត្ថិភាពក្នុងកិច្ចការ ការងាររកស៊ីផងដែរ៕