(ក្រចេះ)៖ ទិវាសត្វផ្សោតទន្លេមេគង្គ ឆ្នាំ២០១៩ បាននិងកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥-២៧ ខែតុលា ក្រោមប្រធានបទ «កើនផ្សោត កើនទេសចរ កើនជីវភាព» ជាមួយនឹងការប្ដេជ្ញាចិត្តរួមគ្នាអភិរក្សសត្វផ្សោតនៅកម្ពុជា។
ពិធីបើកទិវាសត្វផ្សោតទន្លេមេគង្គ ឆ្នាំ២០១៩នេះ ត្រូវបានធ្វើឡើងកាលពីល្ងាចមិញ ក្រោមអធិបតីភាពលោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅខេត្តក្រចេះ។
នាឱកាសនោះ លោកបានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តក្រចេះ មន្ទីរទេសចរណ៍ មន្ទីរ-អង្គភាពជុំវិញខេត្ត និងអង្គការ WWF ដែលបានសហការរៀបចំទិវាសត្វផ្សោតទន្លេមេគង្គ ឆ្នាំ២០១៩ នេះឡើង ដោយបានផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់ពីសារ:សំខាន់នៃជីវសាស្ត្រ និងការអភិរក្សសត្វផ្សោតទន្លេមេគង្គ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សំដៅរក្សាលំនឹងជីវសាស្ត្រអេកូឡូស៊ីនៅតាមបណ្តោយដងទន្លេមេគង្គ និងលើកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន។
លោកអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ថា សត្វផ្សោត គឺជាប្រភេទសត្វជលផលកំពុងរងគ្រោះថ្នាក់មួយប្រភេទក្នុងចំណោមសត្វជលផលកំពុងរងគ្រោះថ្នាក់សរុប ៥៨ប្រភេទ ដែលត្រូវបានកំណត់ ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ហើយវាក៏ត្រូវបានកំណត់នៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីអភិរក្សធនធានធម្មជាតិ (IUCN) ជាប្រភេទងាយរងគ្រោះជិតផុតពូជ និងជារតនសម្បត្តិជាតិមានជីវិតរបស់កម្ពុជាផងដែរ។
បច្ចុប្បន្ននេះ សត្វផ្សោតនៅកម្ពុជាមានចំនួនតែ៩២ក្បាលប៉ុណ្ណោះ ហើយពួកវាកំពុងរស់នៅតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ អភិរក្សឲ្យបានគង់វង្ស ដោយមានយុទ្ធសាស្ត្រអភិរក្សច្បាស់លាស់។
លោក សេង ទៀក នាយកប្រចាំប្រទេសរបស់អង្គការ WWF បានលើកឡើងថា តាមរយៈសកម្មភាពរបស់អង្គការ WWF នៅកម្ពុជា អង្គការបានសហការយ៉ាងជិតស្និទ្ធជាមួយនឹងរដ្ឋបាលជលផល និងរដ្ឋបាលខណ្ឌជលផលខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដើម្បីការពារនិងអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលជាលទ្ធផលគួរឲ្យមោទនៈ យើងឃើញថាមានការកើនឡើងនូវចំនួនកូនផ្សោតថ្មីចំនួន ២០ក្បាល ក្នុងអំលុងឆ្នាំ២០១៨ និងឆ្នាំ២០១៩នេះ ខណៈសត្វផ្សោតងាប់មានចំនួន ៦ក្បាល។
ក្រៅពីនេះ អង្គការបានយកចិត្តទុកដាក់លើគម្រោងប្តូរមុខរបររបស់ប្រជាពលរដ្ឋពីការនេសាទខុសច្បាប់នៅជុំវិញតំបន់ការពារសត្វផ្សោត ដោយសហការជាមួយមន្ទីរទេសចរណ៍ រៀបចំបង្កើតសហគមន៍អេកូទេសចរណ៍ ដោយផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈការផ្តល់នូវសេវាកម្មផ្ទះស្នាក់ សេវាដឹកជញ្ជូន សេវាកម្មហូបចុក មគ្គទ្ទេសក៍សហគម្ម និងសេវាកម្មសម្បទាទេសចរណ៍ផ្សេងៗទៀត។
សូមជម្រាបថា ពិធីបើកទិវាសត្វផ្សោតទន្លេមេគង្គប្រព្រឹត្តទៅយ៉ាងអធិកអធម ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរប្រមាណ ១០០០នាក់ ដោយរៀបចំឲ្យមានកម្មវិធីតាំងពិព័រណ៍ពាណិជ្ជកម្ម សិល្បចម្រៀង ការសម្តែងរបាំជូនពរ និងរបាំក្រឡាន និងកម្មវិធីប្រកួតញ៉ាំក្រូចថ្លុង ក្រឡាន និងណែម ដែលជាផលិតផលក្នុងខេត្តផងដែរ៕