(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារអាមេរិក ដល់លោក ហួត មុន្នីពិសាខ អាយុ ៣៥ឆ្នាំ មន្ត្រីនគរបាលខេត្តសៀមរាប រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលរងគ្រោះរលាកភ្លើងធ្ងន់ធ្ងរដោយការផ្ទុះហ្គាស កាលពីរសៀលថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩ ហេីយត្រូវត្រលប់ទៅបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យសបប្រាសិទ្ធ ខេត្តអ៊ូប៊ុន ប្រទេសថៃ។
ថវិកានេះ ត្រូវបាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប យកទៅប្រគល់ជូនដោយផ្ទាល់នៅមន្ទីរពេទ្យ ក្នុងពេលចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរបួស នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩នេះ។
ក្នុងឱកាសនោះ លោកប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីបារម្ភបំផុតចំពោះសុខភាពរបស់លោក ហ៊ួត មុន្នីពិសាខ។
ក្នុងពេលសាកសួរពីស្ថានភាពរបួស លោកប្រធានគណៈកម្មាធិការសាខា បានសម្តែងនូវក្តីត្រេកអរ ព្រោះតាមការបញ្ជាក់របស់វេជ្ជបណ្ឌិត និងអ្នករងគ្រោះផ្ទាល់ថាគាត់បានធូរស្រាលច្រើនហើយ មិនយូរប៉ុន្មានទៀតទេគាត់អាចវិលត្រលប់ទៅផ្ទះ ភូមិស្រុកកំណើតវិញហើយ។ លោកប្រធានគណៈកម្មាធិការសាខា ក៏បានជូនពរ និងលើកទឹកចិត្តដល់អ្នករងគ្រោះត្រូវជឿជាក់លើគ្រូពេទ្យ និងត្រូវខិតខំថែរក្សា បំប៉នសុខភាព ដើម្បីឆាប់បានជាសះស្បើយឡេីងវិញ។
លោក ហ៊ួត មុន្នីពិសាខ និងក្រុមគ្រួសារ បានសម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគុណធម៌ដ៏ធំធេងរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានជួយសម្រាលទុក្ខលំបាកដល់គ្រួសាររបស់លោកក្នុងគ្រាលំបាកនេះ។
សូមបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់លោក ហ៊ួត មុន្នីពិសាខ បានចំនួន ២លេីក រួចមកហេីយក្នុងរយៈពេលកន្លងមកនេះ៕