Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីឧស្សាហកម្ម អំពាវនាវវិនិយោគគិនចិន រកស៊ីបើករោងចក្រនៅកម្ពុជា កុំមើលឃើញតែទីផ្សារអឺរ៉ុប និងអាមេរិក គួរសម្លឹងមើលទីផ្សារប្រទេសផ្សេងទៀត

27-10-2019 11:40

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រីកិត្តិសេដ្ឋា ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានអំពាវនាវឱ្យក្រុមអ្នកវិនិយោគិនចិន ដែលមកបើករោងចក្ររកស៊ីនៅកម្ពុជា ហើយដែលតែងតែនាំចេញទំនិញទៅកាន់ទីផ្សារអឺរ៉ុប និងអាមេរិកភាគច្រើន គួរឈប់សម្លឹងឃើញតែទីផ្សារទាំងពីរនោះ គួរងាកមកសម្លឹងមើលឃើញប្រទេសផ្សេងវិញដូចជា៖ កាណាដា អូស្រ្តាលី ញ៉ូហ្សែលែន ជប៉ុន និងកូរ៉េជាដើម។

ការអំពាវនាវបែបនេះរបស់លោកទេសរដ្ឋមន្ត្រីកិត្តិសេដ្ឋា ចម ប្រសិទ្ធ បានធ្វើឡើងនៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាព សម្ពោធសមាគមវាយនភណ្ឌចិននៅលម្ពុជា នៅមជ្ឈមណ្ឌលទីក្រុងកោះពេជ្រ ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមអ្នកវិនិយោគិនចិន យ៉ាងច្រើនផងដែរ។

នៅក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រីកិត្តិសេដ្ឋា ចម ប្រសិទ្ធ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងស្វែងរកដៃគូវិនិយោគជាច្រើនទៀត ដើម្បីជួយអភិវឌ្ឍប្រទេសកម្ពុជា កាន់តែមានការីកចម្រើនបន្ថែមទៀត។

លោកបានបន្តថា បើមានរោងចក្រកាត់ដេរចិន នៅកម្ពុជាមានកាន់ច្រើននោះ គឺកាន់តែល្អដើម្បីជួយសម្រួលការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា និងជួយអភិវឌ្ឍប្រទេសជាតិកាន់តែរីក ចម្រើនបន្ថែមទៀត។

លោករដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអំពាវនាវដល់រោងចក្រចិន ដែលកំពុងនៅទីនេះ សូមកុំសម្លឹងមើលតែទីផ្សារអាមេរិក កុំសម្លឹងមើលតែទីផ្សារសហភាពអឺរ៉ុប យើងក៏មានទីផ្សារជាច្រើន ទៀតដូចកាណាដា ដូចអូស្រ្តាលី ញ៉ូហ្សែលែន ជប៉ុននិងកូរ៉េ»។

លោកបញ្ជាក់ថា ក្នុងឆ្នាំនេះ សមាគមអាស៊ាន១០ប្រទេស នឹងចូលរួមចុះកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងតំបន់។ ដូច្នេះនៅពេលខាងមុខនេះអាស៊ាន១០ប្រទេស បូកជាមួយចិន ជប៉ុន កូរ៉េ ឥណ្ឌា ញ៉ូហ្សែលែន និងអូស្រ្តាលី នឹងក្លាយទៅជាទីផ្សាររួមតែមួយ ដែលការផលិតនាំចេញពីប្រទេសមួយទៅប្រទេសមួយ និងទៅពីខេត្តមួយទៅខេត្តមួយទៀត នឹងមិនមានការជាប់ពន្ធគយឡើយ៕