(ភ្នំពេញ)៖ ប្រធានក្លឹបពាណិជ្ជករកម្ពុជា លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា និងលោកស្រី នង ស្រីពេជ្រ បានរំលឹកអនុស្សាវរីយ៍ដ៏ជូរចត់របស់ខ្លួន នៅចំពោះមុខអ្នករត់ម៉ូតូឌុបជាច្រើននាក់ និងបានបញ្ជាក់ថា លោកមិនភ្លេចកំណើតពីអតីតកាលជាអ្នករត់ម៉ូតូឌុបនោះទេ ទោះថ្មីៗនេះ ទើបតែទទួលបានគោរមងារ ជាឧកញ៉ាក៏ដោយ។
កម្មវិធីជួបជុំជាមួយបងប្អូនអ្នករត់ម៉ូតូឌុប នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានលើកឡើងថា លោកក៏ជាអ្នករត់ម៉ូតូឌុបម្នាក់ដែរ ហើយការជួបជុំគ្នានេះ គឺដើម្បីចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន របស់ខ្ញុំ នាពេលកន្លងមក «ខ្ញុំក៏ជាអ្នករត់ម៉ូតូឌុបដែរ មនុស្សយើងម្នាក់ៗអ្នកណា ក៏ធ្លាប់ឆ្លងកាត់ការលំបាកដែរ»។
ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បន្តទៀតថា «គ្មានអ្នកណាមួយកើតមក យកទ្រព្យសម្បត្តិ មកជាមួយនោះតែ។ បើយើងមិនប្រឹងខ្លួនឯងទេ គឺគ្មានអ្នកណាជួយយើង ក្រៅពីខ្លួនយើងនោះទេ។ ដូចនេះលុយពិបាករកណាស់ ចំពោះការចាយវាយផ្សេងៗ សុំមានការរិះថាំ ចេះសន្សំទុកមួយផ្នែក»។
លើសពីនេះ លោកឧកញ៉ា បានលើកឡើងថា មនុស្សយើងកាលណាមានលុយច្រើន ចាយច្រើន មានតិចចាយតិច អាជីពអ្នករត់ម៉ូតូឌុប ក៏ជាមុខរបរល្អដែរថ្លៃថ្នូរ ឲ្យតែយើងមានមុខរបរមួយ ច្បាស់លាស់ ហើយក៏គ្មាន ការងារណាថោកទាប ការងារណាក៏ថ្លៃថ្នូរដែរ ហើយមុខរបរអ្វីក៏ដោយ ក៏ធ្វើឲ្យយើងជោគជ័យដែរ។
ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានបញ្ជាក់ថា «នៅពេលយើងមានទំនាក់ទំទងល្អ ជាមួយមនុស្សខាងក្រៅនោះ ការងារនិងមុខរបររបររបស់យើង នឹងទទួលបានជោគជ័យជាក់ជាមិនខានឡើយ»។
ក្នុងឱកាសនោះ លោកឧកញ៉ា ក៏បានរំលឹកថា «ផ្តើមពីជីវិតអ្នករត់ម៉ូតូឌុប និងភាពតស៊ូអត់ធ្មត់ ពីសំណាក់ការមាក់ងាយ ពីមនុស្សដែលនៅជុំវិញខ្លួន ចំណុចទាំងនេះហើយ ធ្វើឲ្យខ្ញុំហ៊ានលះបង់កម្លាំងកាយ និងកម្លាំងចិត្ត ពេលវេលារាល់ឧបសគ្គទាំងឡាយ មាននៅចំពោះមុខ ទើបមានថ្ងៃនេះ»។
លោកបានផ្តាំ ទៅយុវជនជំនាន់ក្រោយថា បើយើងចង់ទទួលបានជោគជ័យបាន គឺកើតចេញពីការ ខិតខំតស៊ូគ្រប់បែបយ៉ាងទម្រាំ ឆ្លងផុតភាពលំបាកក្រខ្សត់នៃជីវិត ហើយបើគ្មានការតស៊ូជំនះគ្រប់ ឧបសគ្គទេ យើងមិនអាចសម្រេចគោលដៅធំ និងបំណងរបស់ខ្លួនបានឡើយ ដូច្នោះយើងមិនអាចអង្គុយឈឺចាប់ នូវអ្វីៗដែលយើងកំពុងកើតឡើង នៅក្នុងជីវិតយើងនោះទេ។
សូមជម្រាបថា ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាឧកញ៉ា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ជាអគ្គនាយកក្រុមហ៊ុន ECC Reality និងជាប្រធានក្លឹបពាណិជ្ជករកម្ពុជា ដែលមានសមាជិក ជាអ្នករកស៊ីជាង ២០០ក្រុមហ៊ុន៕