(ភ្នំពេញ)៖ ជាការពិតណាស់ អំពើមួយដែលកើតឡើងដោយអចេតនា ពុំត្រូវបានទទួលការដាក់ពិន័យ ឬក៏ទទួលទោសនោះទេ ដូចដែលក្រមព្រហ្មទណ្ឌបានចែងថា ពុំមានបទល្មើសទេ បើគ្មានចេតនា ។ ប៉ុន្តែមិនមែនមានន័យថា គ្រប់អំពើដែលកើតឡើងដោយអចេតនាសុទ្ធតែត្រូវទទួលបានការលើកលែងនោះទេ ក្នុងករណីដែលច្បាប់ចែងទុកជាមុន បទល្មើសមួយអាចកើតចេញពីការមិនប្រុងប្រយ័ត្ន ការខ្ជីខ្ជា ការធ្វេសប្រហែស ឬការមិនគោរពកាតព្វកិច្ចដោយឡែកណាមួយ ដែលអំពើនោះបានបង្កឲ្យអ្នកដទៃស្លាប់ដោយអចេតនា ដែលបណ្តាលមកពីកំហុសរបស់ខ្លួន ត្រូវបានចាត់ទុកជាបទល្មើស មនុស្សឃាតដោយអចេតនា ដូចមានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

តើអ្វីជាបទល្មើសមនុស្សឃាតដោយអចេតនា? តើបទល្មើសនេះ ត្រូវទទួលទោសបែបណា?

សម្រាប់សបា្តហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទទាក់ទងនឹង «បទមនុស្សឃាតដោយអចេតនា» មកធ្វើការបកស្រាយជូនបងប្អូនប្រជាពលរដ្ឋឲ្យបានយល់ដឹងដូចតទៅ៖

យោងតាមស្មារតីមាត្រា២០៧ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តិថា «បទមនុស្សឃាតដោយអចេតនា» គឺជាអំពើបណ្តាលឲ្យស្លាប់អ្នកដទៃដោយ៖

*ទី១៖ ការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬការខ្ជីខ្ជា។
*ទី២៖ ការបំពានលើកាតព្វកិច្ចសន្តិសុខ ឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ។

ក្នុងន័យខាងលើពាក្យថា «ការធ្វេសប្រហែស» គឺជាការភ្លេចភ្លាំង ខ្វះភាពម៉ត់ចត់ ការមាក់ងាយដោយជនល្មើស។ ចំពោះ «ការមិនប្រុងប្រយ័ត្ន» សំដៅទៅលើអំពើទាំងឡាយណាដែល បណ្តាលមកពីការមិនបានប្រុងប្រៀបស្មារតី ដោយការរវើរវាយជាដើម។ រីឯ «ការបំពានលើកាតព្វកិច្ចសន្តិសុខ ឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ» គឺជាការមិនប្រតិបត្តិតាមបទបញ្ជាទាំងឡាយ ដែលមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់ស្ថាប័ន ឬសហគ្រាសណាមួយ ឬគឺជាការមិនប្រតិបត្តិតាមអ្វីដែលច្បាប់បានតម្រូវឲ្យធ្វើ។

«បទមនុស្សឃាតដោយអចេតនា» ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន រៀលទៅ ៦លានរៀល។
ឧទាហរណ៍៖ កាលពីឆ្នាំ២០១៤ មានហេតុការណ៍គ្រោះថ្នាក់មួយ បានកើតឡើងនៅម្តុំស្តាតអូឡាំពិក ដែលកើតឡើងដោយសារតែការធ្វេសប្រហែសរបស់អ្នកម៉ៅការសំណង់ និងជាងសំណង់ ក៏បានធ្វើឲ្យដែកជ្រុងប្រវែងជាង ១ម៉ែត្រ ធ្លាក់ពីលើអគារកំពុងសាងសង់ ត្រូវចំក្បាលស្ត្រីម្នាក់បណ្តាលឲ្យបែកលលាដ៍ក្បាលស្លាប់ភ្លាមៗ។ ទង្វើនេះបង្ហាញថា ទោះបីជាអ្នកម៉ៅការសំណង់ និងជាងសំណង់ ពុំមានចេតនាក្នុងការសម្លាប់ស្រ្តីនោះក៏ដោយ ប៉ុន្តែការខ្ជីខ្ជា ការធ្វេសប្រហែសរបស់ពួកគាត់ គឺបណ្តាលឲ្យមានមនុស្សស្លាប់បាត់បង់ជីវិត ដែលត្រូវផ្តន្ទាទោសតាមមាត្រាខាងលើ។

ក្រៅពីបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ក៏មានច្បាប់ផ្សេងទៀត បានចែងអំពីការផ្តន្ទាទោស និងដាក់ពិន័យទៅលើជនដែលធ្វើឲ្យបុគ្គលដទៃស្លាប់ ដោយសារការធ្វេសប្រហែស ឬខ្វះការប្រុងប្រយ័ត្នជាអាទិ៍។ ជាក់ស្តែង ករណីចរាចរណ៍ ប្រសិនបើជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទ ប្បញ្ញតិ្តស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឲ្យស្លាប់អ្នកដទៃត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១៥លានរៀល និងអាចត្រូវផ្តន្ទាទោសដោយទោសបន្ថែមមួយ ឬ ច្រើន ដូចមានចែងក្នុងមាត្រា ៥៣ នៃក្រមព្រហ្មទណ្ឌ។

អំពើល្មើសខាងលើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ២៥លានរៀល កាលបើអំពើនេះបានប្រព្រឹត្តក្នុងករណីណាមួយ ដូចខាងក្រោម៖

ក. បើកបរដោយគ្មានបណ្ណបើកបរ ឬមានបណ្ណបើកបរតែមិនត្រឹមត្រូវតាមប្រភេទយានយន្ត។
ខ. ស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី ០,៤០ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ ក្រាមក្នុងមួយលីត្រឈាមឡើងទៅ។
គ. បណ្តាលឲ្យមានស្លាប់មនុស្សច្រើននាក់។
ឃ. រត់គេចខ្លួនពីកន្លែងកើតហេតុ ក្នុងគោលបំណងគេចវេះពីការទទួលខុសត្រូវ។

ឧទាហរណ៍៖ លោក «ក» បានទៅចូលរួមកម្មវិធីមង្គលការរបស់មិត្តភក្តិខ្លួន ហើយបានផឹកស្រាស្រវឹង។ ក្រោយពីចប់កម្មវិធី លោក «ក» បានបើកបររថយន្តរបស់ខ្លួនត្រឡប់មកផ្ទះវិញ។ ប៉ុន្តែដោយសារលោកបើកបរស្ថិតនៅក្នុងស្ថានភាពស្រវឹង ទើបលោកបានរេចង្កូតឡានទៅបុកលោកស្រី «ខ» បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ ទង្វើរបស់លោក «ក» ទោះបីពុំមានចេតនាក្នុងការសម្លាប់មនុស្ស ប៉ុន្តែទង្វើនោះកើតចេញពីការបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ដែលបណ្តាលឲ្យមានមនុស្សស្លាប់ ដែលត្រូវផ្តន្ទាទោសតាមមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

សរុបជារួម បទល្មើសមនុស្សឃាតដោយអចេតនា ត្រូវបានចែងក្នុងក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឆ្នាំ២០១៥ ឬច្បាប់ពិសេសផ្សេងទៀត នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ញត្តិយ៉ាងច្បាស់ក្នុងការផ្តន្ទាទោស និងដាក់ពិន័យចំពោះជនដែលបានប្រព្រឹត្តកំហុស ដែលកើតឡើងចេញពីការខ្ជីខ្ជា ការធ្វេសប្រហែស ឬខ្វះការប្រុងប្រយ័ត្នរបស់ជននោះ។

រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងកញ្ញា សាំង សុភាព ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕