(ព្រៃវែង)៖ នៅសាលប្រជុំសាលាស្រុកកំចាយមារ បានរៀបចំកិច្ចប្រជុំស្ដីការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងឯកសារជំនួយស្មារតីសម្រាប់ការងារសធារណៈមតិ និងទិសដៅបន្តក្រោមអធិបតីភាពលោកបណ្ឌិត ស្ដើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិ។ ពិធីនេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩។
លោកបណ្ឌិត ស្តើង សុខុម បានជម្រាបជូនអ្នកចូលរួម អំពីសភាពការណ៍ថ្មីៗរបស់ប្រទេសជាតិ ដោយលោកបានលើកឡើងពាក់ព័ន្ធ ជាមួយសារបាននៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីសថា ២៨ឆ្នាំមុនពោល គឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ កម្ពុជាបានបែងចែកជាបួនភាគី ដែលរួមមានភាគីរដ្ឋកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាតំណាង, ចលនាតស៊ូ ហ្វ៊ុនស៊ីនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយលោក សឺន សាន និងក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត) តំណាងដោយលោក ខៀវ សំផន បានឈានទៅចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សី ដែលមកពី១៨ប្រទេសរួមទាំង អគ្គលេខាធិការ អង្គការសហប្រជាជាតិផងដែរ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។
លោកបន្តទាញអារម្មណ៍មន្រ្តីទាំងអស់ ឲ្យយល់ពីសារបានដែលនាំឲ្យមាន កិច្ចព្រមព្រៀងទីក្រុងប៉ារីសថា បើគ្មានការចរចាសីហនុ-ហ៊ុន សែន បើកផ្លូវក្នុងដំណាក់កាលដំបូង វាពិតជាគ្មានកិច្ចព្រមព្រៀងប៉ារីសនោះទេ។ មួយទៀត បើគ្មាននយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដាក់ចេញ និងដឹកនាំដោយផ្ទាល់វា ក៏គ្មានសុខសន្តិភាពដូចពេលនេះដែរ។
លោកក៏បានបញ្ជាក់ថា បន្ទាប់ពីការបោះឆ្នោតឆ្នាំ១៩៩៣ រួចមកបង្កើតបានសភាធម្មនុញ្ញ ហើយបានរួមគ្នាកសាងឡើងនូវរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។ ច្បាប់កំពូល ក៏បានចែងអំពីស្មារតីសំខាន់ នៃខ្លឹមសាររួមរបស់កិច្ចព្រមព្រៀងប៉ារីស បានបញ្ចូលទៅក្នុងច្បាប់កំពូលនេះ ដូចជាការប្រកាន់យករបបរាជានិយមអាស្រ័យធម្មនុញ្ញ, ការបោះឆ្នោត៥ឆ្នាំម្តង តាមប្រព័ន្ធសមាមាត្រដែលជាស្មារតីរបបប្រជាធិបតេយ្យ សេរីពហុបក្ស។ ប៉ុន្តែបញ្ហាបច្ចុប្បន្នមិនមែនការគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះទេ គឺការគោរពរដ្ឋធម្មនុញ្ញ និងការគោរពចំពោះព្រះមហាក្សត្រ ដែលរដ្ឋធម្មនុញ្ញ បានចែងយ៉ាងច្បាស់ថា ព្រះមហាក្សត្រ គឺមិនអាចជនណា រំលោភបំពាន ឬប្រមាថបានឡើយ។
ទាក់ទងបញ្ហាគោរពចំពោះរដ្ឋធម្មនុញ្ញនេះលោកបណ្ឌិត ស្តើង សុខុម បានលើកជាសំណួរទៅកាន់មន្រ្តីក្រុមការងារដែលចូលរួមថា ប្រសិនចុះបើមានជន ណាម្នាក់ហ៊ានប្រមាថ មាក់ងាយព្រះមហាក្សត្រជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត នៃជាតិយើង និងទាមទារឲ្យព្រះអង្គដាក់រាជ្យ ដែលនេះជាការរំលោភបំពានច្បាប់ រដ្ឋធម្មនុញ្ញ, ចំណុចទី២ ធ្ងន់ជាងការល្មើសរដ្ឋធម្មនុញ្ញទៅទៀតនោះ គឺការអំពាវនាវម្តងហើយម្តងទៀត ឲ្យកងទព័ជាតិផ្ដាច់ខ្លួនដើម្បីប្រឆាំងនឹងរាជរដ្ឋាភិ បាល, ការបង្កើតមូលនិធិសម្រាប់ទ្រទ្រង់កងទ័ពខុសច្បាប់របស់ខ្លួន, ការញុះញង់ប្រជាពលរដ្ឋឲ្យបះបោរផ្តួលរំលំរាជរដ្ឋាភិបាលដែលនេះ បើតាមផ្លូវច្បាប់ គឺជាអំពើឧបឃាតដែលបទល្មើសនេះ ត្រូវផ្តន្ទាទោសជាប់គុកមិនតិចជាង១៥ ឆ្នាំនោះទេ។ រឿងមួយទៀត គឺអតីតគណបក្សសង្រ្គោះជាតិនេះ ត្រូវតុលាការកំពូល ចេញសាលក្រមរំលាយបាត់ហើយដូចនេះ មិនអាចមានអ្នកមួយប្រឆាំងបានទេ។
សរុបមកវិញអំពើដែលទណ្ឌិត សម រង្ស៊ី កំពុងតែធ្វើនេះ គឺជាការប៉ុនប៉ងបំផ្លាញសុខសន្តិភាព ស្ថេរភាពនយោបាយ ការញុះញង់ឲ្យមានអំពើហិង្សា ចលនាបំបែកបំបាក់ផ្ទៃក្នុងជាតិ ឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាលនេះ គឺជាអំពើរដ្ឋប្រហារ។ ដូចនេះគំរោងផែនការវិលចូលកម្ពុជាវិញរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក គឺជាគម្រោងនៃចលនាឧទ្ទាមសុទ្ធសាធ ហើយដែលនឹងនាំទៅដល់ការបំផ្លាញសុខសន្តិភាព និងការបំបែកបំបាក់ ជាតិដែលអាចបង្កនូវ គ្រោះមហន្តរាយធ្ងន់ធ្ងរមិនអាចប៉ាន់ស្មានបាន ចំពោះជាតិ និងប្រជាជនកម្ពុជាយើង។ ទង្វើលក្បត់ជាតិបែបនេះពិតជាមិនអាចអត់ឲ្យ បានទេត្រូវតែអនុវត្តន៍តាមច្បាប់ជាធរមាន។
ជាមួយនឹងការថ្កោលទោសចំពោះទង្វើលក្បត់ជាតិរបស់ ទណ្ឌិត សម រង្ស៊ី និងបក្ខពួក លោក ស្តើង សុខុម ក៏បានសម្ដែងការព្រួយបារម្ភខ្លាចថា ប្រជាពលរដ្ឋខ្លះមិនយល់អំពីបញ្ហានេះ ហើយចាញ់ការឃោសនាបោកប្រាក់របស់ពួកបក្សប្រឆាំង ទៅចូលរួមធ្វើអំពើខុសច្បាប់ ដែលនឹងត្រូវជាប់ទោសដោយ ដោយស្មានថា ការវិលចូលស្រុករបស់ទណ្ឌិត សម រង្ស៊ី ជាទង្វើស្របច្បាប់។
ប្រធានក្រុមការងារថ្នាក់ជាតិរូបនេះ បានធ្វើការពន្យល់មន្រ្តីក្រុមការងារថា គម្រោងផែនការវិលចូលកម្ពុជាវិញរបស់ ទណ្ឌិត សម រង្ស៊ី នាពេលនេះ គឺខុសស្រឡះពីសកម្មភាពនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ សម រង្សី កាលពីឆ្នាំ២០១៣ ដែលនៅពេលនោះ សម រង្ស៊ី ជាប្រធានគណបក្សនយោបាយ ស្របច្បាប់ ដើម្បីចូលរួមបោះឆ្នោត និងទទួលបានការប្រោសព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ។
ជាការដាស់តឿនដល់ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំចាយមារ លោកប្រធាន បានស្នើឲ្យសហការីទាំងអស់ ត្រូវយកចិត្តទុកដាក់ចុះធ្វើការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ និងចុះផ្ទាល់ជួបជាមួយប្រជាពលរដ្ឋ ធ្វើការពន្យល់ឲ្យពួកគាត់បានយល់ ដើម្បីកុំឲ្យពួកគាត់ទៅចូលរួមក្នុងសកម្មភាពណាមួយ នៃផែនការនេះ ហើយជំនួសមកវិញដោយការចូលរួមអបអរសាទរ ពិធីបុណ្យឯករាជ្យជាតិ ការចូលរួមសប្បាយ រីករាយក្នុងព្រះរាជពីធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក និងចូលរួមពិសារអំបុកឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៩ វិច្ឆិកាដើម្បីរួបរួមគ្នា ការពារជាតិ សាសនា ព្រះមហាក្សត្រ។
លោកបណ្ឌិត ស្តើង សុខុម ក៏បានធ្វើការណែនាំបន្ថែមទៀត ទាក់ទងទៅនិងឯកសារជំនួយស្មារតីសម្រាប់ការងារសធារណៈមតិ និងទិសដៅបន្ត ដោយលោកបានរំលេចចេញនូវចំណុចសំខាន់ ដែលក្រុមការងារត្រូវយកចិត្តទុកដាក់ នៅក្នុងតួនាទី និងភារកិច្ច៨ចំណុច ដែលក្នុងនោះត្រូវខិតខំអនុវត្តន៍តួនាទី ភារកិច្ច ដោយមានការប្រុងប្រយ័ត្នខ្ពស់ដោយមិនធ្វេសប្រហែស។
លើសពីនេះ ត្រូវបង្កើនការចុះបំពេញការងារនៅមូលដ្ឋាន ជួបជាមួយពលរដ្ឋស្តាប់ការលំបាក និងបំណង ប្រាថ្នារបស់ពួកគាត់តាមរយៈ ការរៀបចំវេទិកាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន។ ជាមួយគ្នានេះលោក ស្តើង សុខុម ក៏បានចាត់តាំងណែនាំ ឲ្យមន្រ្តីក្រុមការងារថ្នាក់ជាតិទាំងអស់ រៀបចំពិធីអកអំបុកនៅតាមភូមិឃុំទាំងអស់ ក្នុងខ្លឹមសារអកអំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ។
បន្ទាប់មកនៅរសៀលថ្ងៃដដែលនោះ លោក ស្តើង សុខុម បានអញ្ជើញទៅពិនិត្យមើលការជួសជុលអន្តេវាសឹកដ្ឋានសម្រាប់គ្រូស្នាក់នៅ ចំនួន២ខ្នង ក្នុងនោះ១ខ្នង ២ជាន់មាន២០បន្ទប់ និង១ខ្នងទៀតមួយជាន់ មាន១០បន្ទប់, អគារអាហារដ្ឋាន នៅក្នុងវិទ្យាល័យហ៊ុនសែនកំចាយមារ ដែលជាអំណោយរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
លោក ស្តើង សុខុម ក៏បានឆ្លៀតជួបសំណេះសំណាលជាមួយប្អូនៗ សិក្សានិសិស្សថ្នាក់ទី១២ ដែលកំពុងជួបជុំគ្នានៅក្រោមដើមឈើ លោកបានផ្តល់នូវគំនិត និងទស្សនៈល្អៗ ទៅកាន់ប្អូនៗឲ្យខិតខំរៀនសូត្រ ដើម្បីយកចំណេះដឹងទៅចូលរួមអភិវឌ្ឍន៍ជាតិ និងក្រុមគ្រួសារព្រោះមានតែចំណេះដឹង គឺមានអ្វីទាំងអស់។
បន្ទាប់មកលោកក៏បានបន្តដំណើរទៅពិនិត្យមើលការជួសជុលអគារសិក្សា ចំនួន៤ខ្នង ២០បន្ទប់ និងបណ្ណាល័យមួយខ្នង មាន៣បន្ទប់ នៅក្នុងវិទ្យាល័យមិត្តភាព កម្ពុជា-ឥណ្ឌូនេស៊ី ស្ថិតក្នុងឃុំត្របែក ស្រុកកំចាយ ដែលកំពុងដំណើរការជួសជុលបានប្រមាណ៩០ភាគរយ ដែលនេះក៏ជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ផងដែរ។
លោក ស្តើង សុខុម បានអញ្ជើញពិនិត្យអគារទាំងអស់ដែលកំពុងជួសជុល និងបានធ្វើការណែនាំឲ្យអ្នកម៉ៅការសាងសង់ យកចិត្តទុកដាក់ទៅលើគុណ ភាពសំណង់ជាចំបងព្រោះវាជាអគារស្នាក់នៅ ដូចនេះត្រូវតែធានាសុវត្ថិភាព និងគុណភាពសំណង់ឲ្យបានរឹងមាំ៕