(បន្ទាយមានជ័យ)៖ លោក ប៊ូ រិទ្ធី អាយុ៣៥ឆ្នាំ មានតួនាទីជានាយនគរបាលប៉ុស្តិ៍ស្តីទី សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបាញ់សម្លាប់ខ្លួនឯង កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ក្រោមសម្ពាធវិបត្តិគ្រួសារ ដែលលោកបាន និងកំពុងប្រឈមរាល់ថ្ងៃ។

ការស្លាប់របស់មន្រ្តីនគរបាលរូបនេះ បានបន្សល់ទុកកូនតូចៗចំនួន ៣នាក់ រស់នៅកំព្រាឪពុកជាមួយម្តាយ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា លោកប្រធានប៉ុស្តិ៍ស្តីទី សង្តាត់ទឹកថ្លា ស្រុក សិរីសោភ័ណ ធ្វើអត្តឃាតខ្លួនឯង មកពីមូលហេតុខ្លះៗ ក្នុងក្រុមគ្រួសា គួរឲ្យសោកស្តាយណាស់។ គាត់បើកឡានទៅដល់មុខផ្ទះឪពុកម្តាយ ពេលចុះពីលើឡានទៅសួរម្តាយកំពុងអង្គុយមុខផ្ទះថា ម៉ែឯងចង់ឃើញខ្ញុំស្លាប់អត់ ម្តាយមិនទាន់ងាកមើល និងនិយាយតបផង ស្រាប់តែគាត់បាញ់ខ្លួនឯងស្លាប់បាត់ទៅហើយ។

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ លោក ប៊ូ រិទ្ធី ជាមន្រ្តីនគរបាលម្នាក់ដែលសកម្មការងារ ហើយលោកគ្រោងស្នើតែងតាំងជានាយនគរបាលប៉ុស្តិ៍តែម្តង។

យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ស្នងការ មិនបានបញ្ជាក់លម្អិត នៃមូលហេតុនៅក្នុងគ្រួសារមកបង្ហាញនោះទេ គ្រាន់តែអះអាងយ៉ាងខ្លីថា ពិតជាផ្តើមចេញពីរឿងគ្រួសារមែន។

ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ជាមួយការចូលរួមរំលែកទុក្ខពីកងកម្លាំងនគរបាលទូទាំងខេត្តផងដែរ៕