(សៀមរាប)៖ បុណ្យកឋិនទានផ្តួចផ្តើមធ្វើឡើងដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រៃអង្គាសបច្ច័យបានសរុបជាង ១០ម៉ឺនដុល្លារអាមេរិក ដង្ហែយកទៅប្រគេនព្រះសង្ឃ និងសម្រាប់កសាងវត្តសុវណ្ណគិរី ហៅវត្តពើងបាក់រទេះ ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
កឋិនទាននេះបានប្រារព្វធ្វើឡើងនៅរសៀលថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩ ដោយរៀបចំពិធីក្រុងពាលីប្រារព្វធ្វើបទនមស្សការព្រះរតនត្រ័យ និងនិមត្តព្រះសង្ឃចម្រើនព្រះបរិត្ត រួចសម្តែងធម្មទេសនា ដោយរៃអង្គាសបច្ច័យបាន ២១៥,៥៥០,០០០រៀល និង៤៧,៥០០ដុល្លារអាមេរិក និងគ្រឿងបរិក្ខាមួយចំនួន។
លុះព្រឹកឡើងថ្ងៃសៅរ៍ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ជួបជុំមន្ត្រីរាជការ និងពុទ្ធបរិស័ទនៅទីស្តីការក្រសួង ដង្ហែទៅកាន់វត្តសុវណ្ណគិរី ហៅវត្តពើងបាក់រទេះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវសេចក្តីសោមនស្សរីករាយជាអនេក ដែលបានឃើញមន្ត្រីរាជការគ្រប់ ជាន់ថ្នាក់ និងពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយបានស្រុះស្រួលមូលមតិគ្នារៀបចំបុណ្យកឋិនទានសាមគ្គីនេះ ឡើងប្រកបដោយទឹកចិត្តជ្រះថ្លា និងស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធ។
លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «យើងមានឱកាសធ្វើបុណ្យ ធ្វើទានកសាងនូវសេចក្តីល្អ គឺដោយសារយើងមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី»។
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រីបានបួងសួងដល់ទេវតាប្រទានពរជ័យ សិរីមង្គល វិបុលសុខ កើតមានដល់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប និងសូមជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជូននូវកុសលផលបុណ្យចំពោះមន្រ្តីរាជការ និងពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយទាំងអស់ សូមបានសុខចម្រុងចំរើន មានសន្តិភាព និងការអភិវឌ្ឍរីកចំរើនជារៀងរហូតទៅ៕