(ភ្នំពេញ)៖ សមាជិក សមាជិកាគណៈកម្មការទី១០ព្រឹទ្ធសភា ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា តំណាងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ បាននាំយកបច្ច័យ និងទេយ្យទានរបស់សម្តេចប្រធានព្រឹទ្ធសភា ដើម្បីចូលរួមអង្គកឋិនទានសាមគ្គី នៅវត្តព្រះសុគន្ធមានបុណ្យ ស្ថិនៅឃុំផ្សាដែក ស្រុកពញាឮ ខេត្តកណ្តាល ។
ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង និងសមាជិក សមាជិកាគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីថ្វាយបង្គំព្រះរតនត្រៃ សមាទានសីល ព្រះសង្ឃសំដែងព្រះបរិត ជយន្តោ ប្រោះព្រហ្មដល់ពុទ្ធបរិស័ទនាំមកនូវសេចក្តីសុខចំរើន និងមានការសំដែងធម៌ទេសនាអប់រំទូន្មានដល់ពុទ្ធបរិស័ទជិតឆ្ងាយ។
លោក ម៉ម ប៊ុននាង បានសម្តែងនូវសេចក្តីរីករាយដោយឃើញប្រជាពុទ្ធបរិស័ទជិតឆ្ងាយបានស្រុះស្រួលមូលមតិគ្នារៀបចំបុណ្យកឋិនទានសាមគ្គីនេះឡើង ដោយទឹកចិត្តសប្បាយរីករាយ និងស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធ។
លោកបានមានប្រសាសន៍ថា យើងទាំងអស់គ្នាមានឱកាសធ្វើបុណ្យ ធ្វើទានកសាងនូវសេចក្តីល្អសំរាប់ជាតិនេះ និងជាតិខាងមុខ គឺដោយសារប្រទេសយើងមានសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍ និងការរីកចម្រើនលើកគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់មក លោក ម៉ម ប៊ុននាង បាននាំយកបច្ច័យរបស់សម្តេចប្រធានព្រឹទ្ធសភា ចំនួន២០លានរៀល និងទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃដែលគង់ព្រះវស្សាអស់ត្រីមាស នៅវត្តព្រះសុគន្ធមានបុណ្យសម្រាប់កសាងសមិទ្ធផលនានាក្នុងវត្ត និងប្រើប្រាស់តាមកន្លងប្រពៃណីព្រះពុទ្ធសាសនាដោយសទ្ធាជ្រះថ្លាជាទីបំផុត។
លោក ក៏បានឧទ្ទិសកុសលផលបុណ្យ ដែលកើតមាននៅក្នុងឱកាសនេះ ជូនចំពោះបុព្វការីជន វីរៈជនស្នេហាជាតិទំាងអស់ ដែលបានចែកឋានទៅហើយ បានជួបតែបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ ឯកឧត្តមបានបួងសួងចំពោះព្រះរតនត្រ័យ សូមឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិ ជួបតែសេចក្តីសុខ និងការរីកចម្រើន ជារៀជារៀងរហូតទៅ។
សូមបញ្ជាក់ថា បុណ្យកឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា។
បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ចាប់ពីថ្ងៃ ១រោចខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ។ ហើយបើទីអារាមណាមិនមានកឋិនណាមួយ ហែចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ៕