(ភ្នំពេញ)៖ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) ទីតាំងស្ទឹងមានជ័យ បានរៀបចំធ្វើបទបង្ហាញ អំពីឱកាសការងារជាមួយក្រុមហ៊ុនដៃគូ ដែលមានការចូលរួមពីនិស្សិតប្រមាណជាង២៥០នាក់។

ពិធីនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ដែលមានវាគ្មិនសំខាន់ៗ មានបទពិសោធន៍ក្នុងការគ្រប់គ្រង ដឹកនាំផ្ទាល់លើការងារ មានដូចជា ធនាគារកាណាឌីយ៉ា, ផាកកាហ្វេ អេនហ្វ៊ូដ បេវើរិច (Park Cafe and Food Beverage), ក្រុមហ៊ុន Ten Synergy Investment និងក្រុមហ៊ុន Smart Axiata បានធ្វើបទបង្ហាញ ដោយផ្តោតលើឱកាសការងារ និងបញ្ហាប្រឈមនៅក្នុងការជ្រើសរើសបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុនរបស់ខ្លួន។

លោកបណ្ឌិត សឿ យ៉ាន សាកលវិទ្យាធិការរង បានលើកឡើងថា ថ្ងៃនេះជាឱកាសការងារថ្មីទៀត ជាមួយក្រុមហ៊ុនដៃគូ សម្រាប់ផ្តល់ជូននិស្សិត សាកលវិទ្យាល័យ CUS គោលបំណង នៃការធ្វើបទបង្ហាញនេះ គឺដើម្បីផ្តល់ជូននិស្សិតនូវឱកាសការងារល្អៗ និងធ្វើការបង្ហាញនូវវិធីសាស្រ្តសិក្សា ឲ្យបានជោគជ័យការសិក្សាលើជំនាញទន់ (Soft Skills) ការរៀបចំអត្តចរិត និងការពង្រឹងសមត្ថភាព ដើម្បីនិស្សិតទទួលបាននូវការងារល្អៗ។

លោកបានគូសបញ្ជាក់ទៀតថា សាកលវិទ្យាល័យ តែងតែធ្វើការសហការជាមួយក្រុមហ៊ុនដៃគូ ក្នុងការផ្តល់ឱកាសការងារ ដល់និស្សិតដែលបាននិងកំពុងសិក្សា នៅឧត្តមសិក្សា ដើម្បីពង្រឹងសមត្ថភាព និងបទពិសោធន៍ឲ្យក្លាយទៅជាម្ចាស់សហគ្រាស នៅថ្ងៃអនាគតក្រោយពេលបញ្ចប់ការសិក្សា។

លោក ហែម សាយ័ន្ត ជានាយកផ្នែកធនធានមនុស្ស ក្រុមហ៊ុនផាក កាហ្វេ (Park Cafe) បានធ្វើបទឧទេ្ទសនាមលើប្រធានបទ ឱកាសការងារនៅក្នុងក្រុមហ៊ុន ជាមួយផាកកាហ្វេ អេនហ្វ៊ូដ បេវើរិច ដោយផ្តោតទៅលើការផ្តល់ឱកាសការងារ សម្រាប់និស្សិតដែលកំពុងសិក្សា ដោយផ្តោតសំខាន់ទៅលើ ទី១៖ទស្សនវិស័យ និងបេសកកម្ម និងតម្លៃជាស្នូលរបស់ក្រុមហ៊ុន, ទី២៖ វិសាលភាព និងឱកាសការងារនៅក្នុងក្រុមហ៊ុន និងទី៣៖ ចែករំលែកបទពិសោធន៍ការងារជាក់ស្តែង ដែលផ្សាភ្ជាប់ទៅនឹងទ្រឹស្តីពីអ្នកជំនាញ។

លោក គឹម ចាន់វាសនា ប្រធានផ្នែកជ្រើសរើសបុគ្គលិក ធនាគារកាណាឌីយ៉ា (Canadia Bank Plc) បទឧទេ្ទសនាមលើប្រធានបទ ឱកាសការងារ និងការអភិវឌ្ឍន៍អាជីពការងារនៅធនាគារកាណាឌីយ៉ា។ លោកបានលើកឡើងថា ធនាគារកាណាឌីយ៉ា មានសាខា៦០សរុប សាខា១ នៅប្រទេសឡាវ និងភ្នាក់ងារនៅប្រទេសកូរ៉េ និងធនាគារកាណាឌីយ៉ា មានគម្រោងវិនិយោគជាច្រើន ដែលបានផ្តល់ឱកាសការងារយ៉ាងច្រើន ហើយបច្ចុប្បន្ននេះ ធនាគារត្រូវការជ្រើសរើសបុគ្គលិកបន្ទាន់ មានតួនាទីចំនួន១០០កន្លែង ក្នុងនោះនៅភ្នំពេញមានចំនួន៧០កន្លែង និងនៅតាមបណ្តាខេត្តមាន៣០កន្លែង។

លោកក៏បានលើកឡើងថា បញ្ញវន្តបើរៀនឲ្យចេះប្រាកដប្រាក់រត់តាមហៅ ដែលជាពាក្យស្លោករបស់លោកតាក្រ មង៉ុយ ហើយការវិនិយោគ ទៅលើការអប់រំគឺជាទ្រព្យ។ ការធ្វើការងារនៅធនាគារកាណាឌីយ៉ា បុគ្គលិកទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ហើយការធ្វើការងារអាចបត់បែនបាន រៀនពេលព្រឹកអាចធ្វើការនៅពេលរសៀល។

ធនាគារមានគម្រោងចំនួនបីខុសៗគា្ន ចូលរួមដើម្បីហ្វឹកហ្វឺនជំនាញមួយឆាំ្នពេញម៉ោង និងកម្មវិធី៣ឆាំ្ន និង៥ឆាំ្ន ក្លាយទៅជាអ្នកដឹកនាំមួយរបស់ធនាគារ និស្សិតបញ្ចប់ឆាំ្នទី៤ ប្រតិបត្តិការចំនួន០៦ខែ រៀនភាសាចិន និងអង់គ្លេសមួយឆាំ្នសម្រាប់ជំនាញ SMEs ចំនួន៣ខែ។ និស្សិតអាចទទួលបានអាហារូបករណ៍ ជាច្រើនកន្លែង និងទទួលបានឱកាសបន្តការសិក្សាកម្រិតជំនាញបច្ចេកទេសCPA និង CAT និងបរិញ្ញាបត្រជាន់ខ្ពស់ទៀតផង។

លោក អ៊ូ សារិទ្ធ ប្រធានប្រតិបត្តិក្រុមហ៊ុន Ten Synergy Investment បានធ្វើឧទេ្ទសនាមលើប្រធានបទ ឱកាសការងារ និងបញ្ហាប្រឈមនៅក្នុងក្រុមហ៊ុន លើកឡើងថា និស្សិតអាចមកទទួលយកបានឱកាសការងារមកដល់ទីកន្លែង។ ក្រុមហ៊ុនរបស់លោក មានអ្នកមានសមត្ថភាពអាចបង្ហាញផ្លូវដល់និស្សិតផងដែរ។

លោកស្រី Mith Sorya ជា HR Talent Acquisition ក្រុមហ៊ុនស្មាត (Company Smart) ឧទេ្ទសនាមលើប្រធានបទឱកាសការងារ និងបញ្ហាប្រឈម។ លោកស្រី ក៏បានបង្ហាញអំពីបេសកកម្ម និងទស្សនវិស័យ។ ក្រុមហ៊ុនបានផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដូចជា ធានារ៉ាប់រងចំនួន៤ប្រភេទ។ ការលើកទឹកចិត្ត ការដើរកម្សាន្ដ១ឆាំ្នម្តង។

លោកបណ្ឌិត ម៉ា ប៊ុនសែងប្ញទ្ធី ជាប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ ជាអ្នកសម្របសម្រួលសំណួរចម្លើយ បានលើកឡើងនូវសំណួរមួយចំនួន និស្សិតគួរត្រៀមខ្លួនបែបណា ដើម្បីឆ្លើយតបទៅ និងតម្រូវការទីផ្សារការងារបច្ចុប្បន្ន។

លោកបណ្ឌិត ក៏បានផ្តល់នូវអនុសាសន៍ផងដែរ សម្រាប់ក្រុមហ៊ុនជាដៃគូ ដើម្បីបណ្តុះបណ្តាលជំនាញដែលត្រូវការពីព្រោះថា វិស័យសេវាកម្ម កំពុងតែមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្រុមហ៊ុនចាប់ដៃជាមួយសាកលវិទ្យាល័យបណ្តុះបណ្តាលជំនាញ ដែលទីផ្សារត្រូវការចាំបាច់។

ក្រោយពីវាគ្មិនបានធ្វើបទបង្ហាញចែករំលែក និងបកស្រាយនូវសំណួរជាច្រើនដល់និស្សិត រួចមកជាចុងក្រោយនេះ លោកបណ្ឌិត សឿ យ៉ាន ក៏បានផ្តាំផ្ញើដល់និស្សិតត្រូវតែក្លាហានបញ្ចេញសមត្ថភាព ហើយស្រ្តីអាចក្លាយជាអ្នកដឹកនាំ ការដឹកនាំទាមទារឲ្យមានគំនិតច្នៃប្រឌិត ត្រូវតែអភិវឌ្ឍន៍ខ្លួនជាប្រចាំ បច្ចុប្បន្នការសិក្សាបណ្តើរធ្វើការបណ្តើរអាចជួយពង្រឹងសមត្ថភាព ដល់និស្សិត។

បច្ចុប្បន្ននិស្សិតមានឱកាសការងារ នៅក្នុងក្រុមហ៊ុនជាច្រើន ហើយការងារមិនខ្វះទេ ខ្វះតែអ្នកធ្វើ ប៉ុន្តែត្រូវតែអភិវឌ្ឍន៍ជំនាញ ចំណេះដឹងភាសាបរទេស ឲ្យទាន់សភាពការណ៍។ លោកណែនាំឲ្យនិស្សិតទាំងអស់ ខិតខំសិក្សាស្រាវជ្រាវរៀនសូត្រឲ្យមានជំនាញច្បាស់លាស់ ដើម្បីឆ្លើយតបទៅនិង តម្រូវការទីផ្សារការងារបច្ចុប្បន្ន និស្សិតធ្វើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ជំនាញរបស់ខ្លួនឲ្យកាន់តែប្រសើរជាងមុន។

គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ និស្សិតដែលបានបញ្ចប់ការសិក្សានៅ CUS ចាប់ពីថ្នាក់បរិញ្ញាបត្ររង ដល់ថ្នាក់បណ្ឌិតមានជិតបួនម៉ឺននាក់ និងកំពុងសិក្សាជិតពីរម៉ឺននាក់។ បច្ចុប្បន្ននេះ CUS មាន ៨ទីតាំង ដែល២ទីតាំងនៅរាជធានីភ្នំពេញ និង៦ទីតាំងទៀត នៅខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត៕