(ភ្នំពេញ)៖ លោក កែវ រ៉េមី ដែលមានតួនាទីជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍, ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូអន្តរជាតិ (ITF) បានអំពាវនាវដល់បណ្តាប្រទេសទាំងអស់បញ្ជូនកីឡាករតេក្វាន់ដូរបស់ខ្លួន ឱ្យមកចូលរួមការប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ ខាងមុខ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះឱ្យបានច្រើនកុះករ។

ការអំពាវនាវបែបនេះ របស់លោក កែវ រ៉េមី បានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញបើកកិច្ចប្រជុំជាមួយបណ្តាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ របស់បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ស្តីពី ការត្រៀមរៀបចំកិច្ចប្រជុំតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២០ ខាងមុខនេះ នៅសណ្ឋាគារ ម៉ានេ ហរិហរ៉ាល័យ ខេត្តសៀមរាប។

លោក កែវ រ៉េមី បានថ្លែងថា ការដាក់បញ្ជូលកីឡាតេក្វាន់ដូ ITF ដាក់ចូលក្នុងព្រឹត្តិការណ៍ប្រកួតកីឡា ស៊ីហ្គេម គឺជាព្រឹត្តិការណ៍ប្រសាស្ត្រ របស់កីឡាប្រភេទនេះ ពីព្រោះបច្ចុប្បន្ននេះ កីឡាតេក្វាន់ដូកម្ពុជា មានសក្តានុពល និងសមត្ថភាពគ្រប់គ្រាន់សម្រាប់ការប្រកួត ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ កីឡាករតេក្វាន់ដូកម្ពុជារបស់យើងនៅមានចំណុចខ្សោយបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែបើប្រៀបធៀបជាមួយបណ្តាប្រទេសផ្សេងៗទៀត គឺកីឡាតេក្វាន់ដូកម្ពុជា មានចំណុចល្អជាង។

បន្ថែមពីនេះ លោកក៏បានបញ្ជាក់ថា សម្រាប់ក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជាបច្ចុប្បន្ននេះ បានទទួលការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះសមត្ថភាព យុទ្ធសាស្ត្រប្រយុទ្ធ សុខភាព ព្រមទាំងវិស័យពីសំណាក់បណ្តាប្រទេសដែលបានបញ្ជូនកីឡាករតេក្វាន់ដូ ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាធំៗ យ៉ាងខ្លាំងផងដែរ ចំណុចទាំងនេះហើយទើបជំរុញឱ្យលោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សម្រេចបញ្ចូលកីឡាប្រភេទនេះ ឱ្យចូលរួមប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ខាងមុនេះ។

លោក កែវ រ៉េមី បានបន្ថែមទៀតថា ដូច្នេះ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូ អាស៊ីអាគ្នេយ៍ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកទី២ សង្ឃឹមថា កីឡាករ កីឡាការិនី របស់កម្ពុជានឹងខិតខំប្រឹងប្រែង កែឆ្នៃនូវចំណុចខ្វះខាត ព្រមទាំងបច្ចេកទេសប្រយុទ្ធនានា ដើម្បីធ្វើឱ្យខ្លួនកាន់ តែមានភាពរីកចម្រើន និងទទួលបានភាពជោគជ័យក្នុងការប្រកួតនានា ដើម្បីដណ្តើមមេដាយ និងនាំកិត្តិយសជូនជាតិមាតុភូមិផងដែរ។

ជាមួយគ្នានេះដែរ លោក កែវ រ៉េមី ក៏បានថ្លែងអំណរគុណជាអនេកកប្បការ ចំពោះលោក ផាន វណ្ណរ័ត្ន និងភរិយាដែលជាម្ចាស់ Mane Hotel Collection បានរ៉ាប់រងទាំងអស់នូវកិច្ចប្រជុំនេះ និងបានបង្កបរិយាកាសរីករាយសម្រាប់ភ្ញៀវចូលរួម។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាតេក្វាន់-ដូ ITF នៅប្រទេសប៊ុលហ្គារី ជាព្រឹត្តិការណ៍ពិភពលោក (World ITF Taekwon-do Championship)មួយ ដែលចាប់ផ្តើមពីថ្ងៃទី២៤-៣០ ខែសីហា ឆ្នាំ២០១៩។ ការប្រកួតនេះ មានកីឡាករ-កីឡាការិនី មកពីបណ្ដាប្រទេសចំនួន ៧៤ អត្តពលិកតេក្វាន់ដូចូលរួមសរុប ១,៤១២នាក់ ក្នុងនោះអត្តពលិកប្រកួតមានចំនួន ៩៧១នាក់។ ដោយឡែកកីឡាករជម្រើសជាតិចំនួន ១៧នាក់ (ស្រី២នាក់) បានចូលរួមក្នុងព្រឹត្តិការណ៍ពិភពលោកនេះផងដែរ៕