(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះសីហនុ បានផ្តល់ដីសប្បទានទំហំ ៥ម គុណ ២០ម នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ រស់នៅស្របច្បាប់តកូនចៅ ព្រមទាំងឧបត្ថមថវិកា និងសម្ភារ គ្រឿងឧបភោគបរិភោគមួយចំនួនទៀតផង។ ក្រៅពីនេះអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានរៀបចំតទឹកភ្លើង និងសន្យាធ្វើផ្លូវបេតុងចូលតំបន់គាត់ រស់នៅជូននៅឆ្នាំ២០២០។
ទន្ទឹមនេះដែរលោក គួច ចំរើន បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋ ដែលទទួលបានដីសម្បទាននេះថា៖ «ដីនេះជាដីរបស់បងប្អូនហើយគ្មានអ្នកណាអាចមកបំពានយកបានឡើយ។ តែត្រូវធ្វើលំនៅឋានរស់នៅឱ្យបានរយៈពេល ៥ ឆ្នាំ ទើបមានសិទ្ធិធ្វើបណ្ណកម្មសិទ្ធិបាន»។
ជាមួយនេះ លោកអភិបាលក៏បានរំឭកប្រាប់ប្រជាពលរដ្ឋទាំងនោះថា «ហាមមិនឲ្យយកដីដែលរដ្ឋបាលខេត្តព្រះសីហនុ បានផ្ដល់ជូននេះទៅលក់ដូរ ឬផ្ទេរសិទ្ធិឲ្យអ្នកដទៃឡើយ»។
(មានសំលេងឯកឧត្តម អភិបាលខេត្ត)
ខណៈទទួលបានដីកាប្រគល់ដីសម្បទានសង្គមកិច្ច នាវេលារសៀលថ្ងៃនេះផងដែរ ក្រុមពលរដ្ឋទាំងនោះ សំដែងក្តីអំណរ និងថ្លែងអំណរគុណលោក គួច ចំរើន ចំពោះការយកចិត្តទុកដាក់ចំពោះពួកគាត់។
គួរបញ្ជាក់ថា ក្រុមប្រជាពលរដ្ឋទាំង ៤៥គ្រួសារខាងលើនេះ បានរស់នៅតាមចិញ្ចើមផ្លូវនៅចំណុចស្ពានឆេះ (ផ្លូវពីក្រុងព្រះសីហនុ ឆ្ពោះទៅឆ្នេរអូរត្រេះ)មានទីតាំងនៅក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ហើយកន្លងមកពួកគាត់បានធ្វើការតវ៉ាទាមទាជាច្រើនឆ្នាំហើយដែរ៕