(ស្វាយរៀង)៖ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩នេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីតាមមន្ទីរ អង្គភាពនានា លោកអភិបាលក្រុង-ស្រុក និងតំណាងកងកម្លាំងទាំង៣ បានអញ្ជើញចូលរួមពិធីសែនក្រុងពាលីបួងសួងសុំសេចក្តីសុខ នាឱកាសដែលរដ្ឋបាលខេត្តស្វាយរៀងរៀបចំពិធីប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្តាបីសន្លឹក ដែលនឹងប្រារព្ធឡើងនៅថ្ងៃអាទិត្យទី២៧ ខែតុលា ឆ្នាំ២០១៩នេះ។
លោកអភិបាលខេត្ត បានជំរុញដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀង ត្រូវសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន សន្ដិសុខ សុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការអនុវត្តតួនាទីភារកិច្ចក្នុងការរៀបចំពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ស្អែកនេះ និងអរគុណចំពោះសប្បុរសជននានាដែលបានបរិច្ចាគ ថវិកាមកដល់ការរៀបចំពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង ក្នុងឆ្នាំនេះ។
សូមជម្រាបជូនថា ពិធីប្រណាំងទូកនៅទន្លេវ៉ៃគោឆ្នាំនេះ គ្រោងនឹងរៀបចំប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យទី២៧ ខែតុលា ឆ្នាំ២០១៩។ ដើម្បីរៀបចំពិធីនេះ ឲ្យប្រព្រឹត្តទៅដោយរលូន និងបង្កបរិយាកាសជូនបងប្អូនប្រជាពលរដ្ឋ បានទស្សនាកម្សាន្តប្រកបដោយភាពសប្បាយរីករាយ រដ្ឋបាលខេត្តបានបង្កើតគណៈកម្មការចំនួន១ អមដោយអនុគណៈកម្មការចំនួន ៦ផ្សេងទៀត ជាជំនួយការ៕