Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ត្រី មាស សុភា ហែអង្គកឋិនទានមហាសាមគ្គីប្រមូលបច្ច័យបានជាង៦០លានរៀល កសាងវត្តគីឡូលេខ៨ នៅខេត្តព្រះវិហារ

26-10-2019 17:08

(ព្រះវិហារ)៖ លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩នេះ បានចូលរួមដង្ហែអង្គកឋិនទានមហាសាមគ្គី ដើម្បីប្រមូលបច្ច័យកសាងវត្តពោធិ៍សិលារ៉ាម ហៅ វត្តគីឡូ៨ ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ក្នុងនោះមានការចូលរួមពីលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ, លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត និងប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មន្រ្តីរាជាការសាលាខេត្តជាច្រើនរូបផងដែរ។

នៅក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី មាស សុភា បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងគិតគូរជានិច្ចអំពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ពីការរីកចម្រើនរបស់ប្រទេសជាតិលើគ្រប់វិស័យ ពិសេសវិស័យពុទ្ធសាសនា ក៏ដូចសាសនាដ៏ទៃទៀតដែរ នេះដោយសារថ្ងៃ ៧មករា ១៩៧៩ ថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

ទេសរដ្ឋមន្ត្រី មាស សុភា បានបញ្ជាក់ថា «សុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងផ្នែកពុទ្ធចក្រនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក្រោមនយោបាយឈ្នះឈ្នះ និងគោលនយោបាយចតុកោណ បានប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសដែលអភិវឌ្ឍន៍ជាបន្តបន្ទាប់នាពេលបច្ចុប្បន្ន និងអនាគត»។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី មាស សុភា បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ លោកតា លោកយាយ កុំជឿលើការញុះញង់របស់ក្រុមជនអគិតិដែលតែងតែបង្កចលាចលដល់សង្គមជាតិ និងត្រូវចូលរួមការពារប្រឆាំងដាច់ខាតនូវរាល់សកម្មភាពដែលធ្វើសង្គមជាតិ ធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម។

សូមបញ្ជាក់ថា បច្ច័យដែលប្រមូលបានពីអង្គកឋិនទានសាមគ្គីមានចំនួន៥៤.២៤០០០០រៀល និង២៦៤៥ដុល្លារ៕