(ភ្នំពេញ)៖ សិស្ស ឬអ្នកសិក្សាទាំងឡាយណា ដែលប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ស្រាវជ្រាវដោយភាពមិនត្រឹមត្រូវ នឹងធ្វើឲ្យការសិក្សារបស់ពួកគេជួបបញ្ហាមិនខានឡើយ។

នេះជាការលើកឡើងរបស់អ្នកជំនាញ ផ្នែកបច្ចេកវិទ្យាមកពីប្រទេសសិង្ហបុរី ថ្លៃងនៅក្នុងសិក្ខាសាលា ការស្វែងយល់ពីអត្ថប្រយោជន៍ និងហានិភ័យ នៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថល (Understanding the Benefit and Risks of Digital Activities) នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩នេះ។

បើតាមលោក Yeang Cherng Poh គ្រូបង្វឹកពង្រឹងចំណេះដឹងផ្នែកឌីជីថល មកពីប្រទេសសិង្ហបុរី បច្ចុប្បន្ននេះខុសពីសម័យមុន។ ពេលនេះពិភពលោក កំពុងប្រើប្រាស់បច្ចេកវិទ្យា ហើយព័ត៌មានថ្មីៗត្រូវបានធ្វើ បច្ចុប្បន្នភាព ធ្វើឲ្យបានប្រសើរជាងមុន ហើយកូនសិស្សភាគច្រើន ក៏កំពុងរៀនតាម Internet ផងដែរ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «បើមិនចេះប្រើ Internet ឲ្យបានត្រឹមត្រូវទេ ការសិក្សារបស់គាត់នឹងជួបបញ្ហា។ ប្រធានបទដែលខ្ញុំនឹងលើកឡើងនៅថ្ងៃនេះ នឹងនិយាយទាក់ទងនឹងបញ្ហាបច្ចេកវិទ្យា មានផលបះពាល់អ្វីខ្លះ មានផលប្រយោជន៍អ្វីខ្លះ ដើម្បីឲ្យសិស្សអភិវឌ្ឍន៍ខ្លួនឯង ដោយប្រើបច្ចេកវិទ្យានោះ»

បើតាមអ្នកជំនាញរូបនេះ មូលហេតុដែលលោកលើកយកប្រធានបទនេះ មកនិយាយដោយសារតែលោកចង់ចែករម្លែកចំណេះដឹង ទៅអ្នករៀនទូទៅផ្នែកបច្ចេកវិទ្យា ឲ្យបានត្រឹមត្រូវនៅក្នុងការសិក្សា។ លោកថ្លែងថា ជាទូទៅ ខាងក្រុមហ៊ុនបច្ចេកវិទ្យា តែងតែចង់បានផលចំណេញ ហេតុនេះលោកចង់ឲ្យសិស្សយល់ដឹងពីបញ្ហានេះ យកបច្ចេកវិទ្យាមកអភិវឌ្ឍន៍នៅក្នុងការសិក្សាវិញ។

លោក Yeang Cherng Poh ថែមទាំងប្រាប់មូលហេតុបន្ថែមនៃសិក្ខាសាលានេះ ដោយចង់ឃើញក្មេងជំនាន់ក្រោយ យល់ដឹងពីបច្ចេកវិទ្យាឲ្យបានច្រើន។ លោកថ្លែងថា ផលប្រយោជន៍ទី១៖ ពួកគាត់អាចអភិវឌ្ឍន៍ខ្លួនគាត់ ក៏ដូចជាគាត់រៀនបានច្រើនពី Internet និងទី២៖ គាត់បានថា បច្ចេកវិទ្យាពិតជាមានសារៈសំខាន់ចំពោះគាត់។

លោកបញ្ជាក់បន្តថា «អញ្ចឹងនៅពេលគាត់បានដឹងទាំងអស់នេះហើយ គាត់នឹងក្លាយទៅជាអ្នកអាចផ្តល់យោបល់ ណែនាំអ្នកដទៃឲ្យប្រើប្រាស់បច្ចេកវិទ្យាទាំងអស់នោះ ឲ្យបានត្រឹមត្រូវ»

គ្រូបង្វឹកពង្រឹងចំណេះដឹងផ្នែកឌីជីថល ក៏បានលើកឡើងពីទិដ្ឋភាព នៃការអភិវឌ្ឍបច្ចេកវិទ្យានៅប្រទេសសិង្ហបុរីផងដែរ។ លោកអះអាងថា ក្មេងជាទូទៅអាយុ ២ ឬ៣ឆ្នាំ អាចចេះប្រើទូរស័ព្ទហើយ។

លោកបន្ថែមថា ជាទូទៅពេលក្មេងនៅសិង្ហបុរី អាយុ១៣ឆ្នាំ មាន Smart Phone គ្រប់គ្នានៅក្នុងការប្រើ Internet។ ទោះជាយ៉ាងនេះក្តី នៅសិង្ហបុរី ត្រូវបានគេបែងចែកក្មេងជា ២ក្រុម គឺក្រុមទី១ អាចគ្រប់គ្រងខ្លួនឯងបានទៅលើបច្ចេកវិទ្យា ក្រុមទី២ មិនអាចគ្រប់គ្រងខ្លួន ឯងបានទេ ដែលមានអត្រា១០ភាគរយ។

លោកបញ្ជាក់បន្តថា «១០ភាគរយហ្នឹង មិនអាចយកបច្ចេកវិទ្យា មកប្រើសម្រាប់ការសិក្សារបស់គាត់ គឺគាត់ចំណាយពេលលេង Game ឬគាត់ប្រើបណ្តាញសង្គម។ ប៉ុន្តែ មួយចំនួនផ្សេងទៀត គឺគាត់អាចគ្រប់គ្រងខ្លួនគាត់ គាត់ប្រើបច្ចេកវិទ្យាសម្រាប់ការសិក្សារបស់គាត់ ឬផលប្រយោជនអ្វីមួយផ្សេង»។

លោក Yeang Cherng Poh បានផ្តល់ជាគំនិតថា សម្រាប់ប្រជាជនកម្ពុជាទាំងអស់ មិនមែនត្រឹមតែជាអ្នកសិក្សាទេ ត្រូវដឹងពីចំណុចនៃការប្រើប្រាស់បច្ចេកវិទ្យា។ លោកថ្លែងថា ទី១៖ ត្រូវដឹងថាអ្វីល្អ អ្វីអាក្រក់ជាមួយនឹងបច្ចេកវិទ្យា និងទី២៖ ការជំរុញពីក្នុងចិត្ត និងខាងក្រៅថាខ្លួនចង់បានអ្វីពិតប្រាកដ។

លោកបញ្ជាក់ថា «គាត់ត្រូវតែដឹងថា គាត់ប្រើប្រាស់បច្ចេកវិទ្យាទាំងអស់នោះដើម្បីអ្វី ចង់បានអ្វី គាត់ត្រូវតែយល់ទាំងអស់នោះ ហើយអ្វីដែលបណ្តាញសង្គមផ្តល់ឲ្យ បើយើងអាចធ្វើបាន យើងធ្វើទៅ ប៉ុន្តែយើងត្រូវដឹងថា ចិត្តយើងចង់ធ្វើអ្វី ចង់បានអ្វី ដើម្បីប្រើប្រាស់បច្ចេកវិទ្យាទៅត្រឹមត្រូវ»។

សូមបញ្ជាក់ថា សិក្ខាសាលា ការស្វែងយល់ពីអត្ថប្រយោជន៍ និងហានិភ័យ នៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថល បានធ្វើឡើងនៅសាលារៀនភាសាអង់គ្លេសលីដឺលែន (Leaderland) ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ Leaderland) មិនត្រឹមតែបង្រៀនកម្មវិធីសិក្សាភាសាអង់គ្លេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ចូលជំនាញសម្រាប់សតវត្សទី២១ គឺភាពជាអ្នកដឹកនាំ (Leadership), ភាពជាសហគ្រិន (Entrepreneurship), និងបច្ចេកវិទ្យា (Technology) ផងដែរ៕