(ស្វាយរៀង)៖ ឪពុក និងកូន ដែលធ្លាប់គាំទ្រអតីតគណបក្សគណបក្សសង្គ្រោះជាតិ នៅឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង បានចូលសារភាព និងសុំចូលរួមជីវភាពនយោបាយ រស់ជាមួយគណបក្សប្រជាជនកម្ពុជា ហើយបានប្រកាសថា ពួកគេនឹងមិនដើរតាមផែនការក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី នោះឡើយ។
សមាជិកអតីតគណបក្សសង្គ្រោះជាតិទាំងពីរនាក់ឪពុក និងកូន នៅឃុំកំពង់ត្រាច ស្រុករមាសហែក ដែលបានចូលមកសារភាពនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ គឺលោក ប៉ឹង សារ៉ុម អាយុ៥៥ឆ្នាំ រស់នៅភូមិប្រម៉ាត់ប្រាំ ឃុំកំពង់ត្រាច (ឪពុក) និងលោក យ៉េន សីហា អាយុ៣៤ឆ្នាំ ជាកូន។
ទាំងលោក ប៉ឹង សារ៉ុម និងលោក យ៉េន សីហា បានថ្លែងថា ដោយមើលឃើញអំពីក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី ដែលបានរៀបចំផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត និងយល់ឃើញពីការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំទើបលោកទាំង២នាក់ បានសំរេចចិត្តដោយមិនមានការបង្ខិតបង្ខំអ្វីឡើយ គឺចូលដោយស្ម័គ្រចិត្ត។
សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី បានប្រកាសវិលចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ក្នុងគោលបំណងធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ក្រោយប្រកាសវិលចូលប្រទេស លោកបានអំពាវនាវឱ្យកងទ័ពផ្តាច់ខ្លួនពីរាជរដ្ឋាភិបាលទៅចុះចូលជាមួយខ្លួន ដោយប្រកាសថានឹងផ្តល់ថវិកាលើកទឹកចិត្តដល់ពួកគេ មិនតែប៉ុណ្ណោះ មេដឹកនាំក្រុមឧទ្ទាមថែមទាំងអំពាវនាវប្រឆាំងរដ្ឋធម្មនុញ្ញ ដោយបង្គាប់ឱ្យព្រះមហាក្សត្រដាក់រាជ្យ ដើម្បីរំលាយរបបរាជានិយមថែមទៀតផង។
សាររបស់ឧក្រិដ្ឋជន សម រង្ស៉ី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម។
ជាមួយគ្នានេះ ស្ថាប័នមានសមត្ថកិច្ច បានព្រមានថា អ្នកចូលរួម និងគាំទ្រ ដល់ផែនការរដ្ឋប្រហាររបស់ លោក សម រង្ស៉ី នឹងត្រូវផ្តន្ទាទោសទៅតាមច្បាប់ពីបទ «រួមគំនិតក្បត់» ដែលប្រឈមនឹងការ ដាក់ពន្ធនាគារពី១៥ រហូតដល់៣០ឆ្នាំ។ ទោះជាយ៉ាងនេះក្តី សម្រាប់អ្នកដែលចូលសារភាព ទទួលស្គាល់កំហុស នឹងត្រូវអនុញ្ញាតឱ្យរួចទោសឡើងវិញ៕