(ភ្នំពេញ)៖ ក្រុមកីឡាបាល់ទាត់ នៃក្រុមការងារព័ត៌មានទាន់ហេតុការណ៍ HOTLINE ជាមួយជនបរទេសប្រចាំនៅកម្ពុជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់ នៃអ្នកការទូតអាមេរិក និងអ្នកការទូតមកពីបណ្តាស្ថានទូតនានានៅកម្ពុជា គោលបំណងគឺដើម្បីរិតចំណងមិត្តភាពកាន់តែស្អិតរមួត ជាមួយបណ្តាស្ថានទូតផ្សេងនៅកម្ពុជា។
ការប្រកួតមិត្តភាពនេះធ្វើឡើងនាថ្ងៃ២៦ ខែតុលា ឆ្នាំ២០១៩ ដែលដឹកនាំដោយឧត្ដមសេនីយ៍ត្រី ឌុច ដារិន្ទ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងជាប្រធានក្រុមបាល់ទាត់ HOTLINE ជាមួយជនបរទេសប្រចាំនៅកម្ពុជា នៃអគ្គស្នងការដ្ធាននគរបាលជាតិ ដោយមានការចូលរួមពី អ្នកការទូតអាមេរិក, អង់គ្លេស, អាល្លឺម៉ង់, រុស្សី, សហគមន៍អឺរ៉ុប, ជប៉ុន, ប្រ៊ុយណេ, វៀតណាម, ម៉ាឡេ, តួគី និងស៊ុតអែត ក្នុងការចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងៗឱ្យកាន់តែល្អប្រសើរជាងនេះទៅទៀត។
ជាមួយនឹងការប្រកួតមិត្តភាពនេះផងដែរ នាយឧត្ដមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារព័ត៌មានទាន់ហេតុការណ៍ HOTLINE ជាមួយជនបរទេសប្រចាំកម្ពុជា តែងតែឧបត្ថម្ភ និងគាំទ្រ និងបានចូលរួមជាកិត្តយសដោយផ្ទាល់ក្នុងការប្រកួតបាល់ទាត់មិត្តភាពនេះ។
ឧត្ដមសេនីយ៍ត្រី ឌុច ដារិន្ទ បានបញ្ជាក់ថា រូបលោក និងក្រុមកីឡាករផ្សេងៗទៀត ខិតខំព្យាយាមហ្វឹកហាត់អស់ពីសមត្ថភាព ដើម្បីប្រកួតជាមួយក្រុមកីឡាបាល់ទាត់អ្នកការទូតអន្តរជាតិ ព្រោះកីឡាករមួយចំនួនមកពីអាមេរិក និងអឺរ៉ុបមានមាឌធំខ្ពស់ និងមានបច្ចេកទេសលេងពូកែ។
ឧត្ដមសេនីយ៍ត្រីរូបនេះបន្តថា «ការប្រកួតបាល់ទាត់នេះ ដើម្បីថែរក្សាសុខភាពធ្វើឲ្យក្បាលពោះឆាប់ស្រក និងជួយបង្កើនមិត្តភាពជាមួយ អ្នកការទូតអាមេរិកនិងអន្តរជាតិផ្សេងៗទៀត។ ក្នុងនោះលទ្ធផល នៃការប្រកួតច្រើនដងមកនេះគឺលទ្ធផលស្មើគ្នា»។
អ្នកការទូតដែលជាកីឡាករ បានកោតសរសើរដល់អគ្គស្នងការដ្ធាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ដែលមានធនធានមនុស្ស និងកីឡាករបាល់ទាត់ល្អៗជាច្រើននាក់ ដើម្បីចូលរួមប្រកួតកីឡានានានៅកម្ពុជា។
សូមជម្រាបជូនថា ការប្រកួតកីឡាបាល់ទាត់មិត្តភាពនេះ គឺប្រព្រឹត្តទៅដោយរលូន និងបរិយាកាសរីករាយ៕