(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩នេះ បានគូសបញ្ជាក់ថា លោក និងក្រុមការងារកំពុងតែធ្វើការសិក្សា សាងសង់មជ្ឈមណ្ឌលបដិវត្ដន៍ឧស្សាហកម្ម ៤.០ ឈ្មោះថា «មជ្ឈមណ្ឌលកម្ពុជា ៤.០» ដែលជាកន្លែងមួយអាចឲ្យស្វែងយល់អំពីឧស្សាហកម្ម ៤.០។
ការគូសបញ្ជាក់យ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលលោក ហ៊ុន ម៉ានី អញ្ជើញចូលរួមជាអធិបតីភាព បើកសិក្ខាសាលាស្ដីពី «វិទ្យាសាស្ដ្រ និងបច្ចេកវិទ្យាបច្ចុប្បន្ន សម្រាប់ជីវិតអនាគត» ដែលរៀបចំធ្វើឡើង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩។
លោក ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះមជ្ឈមណ្ឌលបដិវត្ដន៍ឧស្សាហកម្ម ៤.០...កំពុងតែសិក្សា ហើយឈានទៅដល់នឹង អាចនឹងឆាប់ៗនៅថ្ងៃណាមួយ នឹងបញ្ចុះបឋមសិលាសាងសង ឈ្មោះថា មជ្ឈមណ្ឌលកម្ពុជា ៤.០ ដើម្បីធានាថា កន្លែងនោះ គឺជាកន្លែងដែល អាចឲ្យស្វែងយល់អំពីឧស្សាហកម្ម ៤.០»។
ចំពោះទីតាំង នៃការសាងសងមជ្ឍមណ្ឌលបដិវត្ដន៍ឧស្សាហកម្ម ៤.០នេះ លោក ហ៊ុន ម៉ានី មិនទាន់បានបញ្ជាក់អំពីទីតាំងនៅឡើយទេ គ្រាន់តែលោកបានបង្ហើបឲ្យដឹងថា មជ្ឍមណ្ឌលបដិវត្ដន៍ឧស្សាហកម្ម ៤.០ នេះ អាចនឹងចំណាយពេល សាងសងពី១ឆ្នាំ ទៅ១ឆ្នាំកន្លះ។
លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ទៀតថា «យើងនឹងខំប្រឹងប្រែងពង្រីក ធ្វើយ៉ាងណាប្រតិបត្ដិការឲ្យបានច្រើន ទាំងដៃគូក្នុងប្រទេស និងក្រៅប្រទេស ធ្វើយ៉ាងណា ដើម្បីអាចស្វែងយល់ បានទាំងអស់គ្នា»។
ជាមួយគ្នានោះ លោក ហ៊ុន ម៉ានី ក៏បានប្រាប់ទៅសិស្សានុសិស្ស ដែលចូលរួមក្នុងសិក្ខាសាលាថា បើប្អូនៗណា មានចំណាប់អារម្មណ៍ចង់បង្កើនចំណេះ ចង់ស្វែងយល់បន្ថែម និងចង់ប្រើប្រាស់អ្វី ជាម៉ោងបច្ចេកវិទ្យាទំនើបថ្មីៗ រឺក៏អាចយល់ដឹងបន្ថែម អ្វីជាបដិវត្ដន៍ឧស្សាហកម្ម ទី៤ ដើម្បីជាផលប្រយោជន៍សម្រាប់ខ្លួនឯង គឺអាចទៅទីនោះបាន។
គូសបញ្ជាក់ថា សិក្ខាសាលា ស្ដីពី «វិទ្យាសាស្ដ្រ និងបច្ចេកវិទ្យាបច្ចុប្បន្ន សម្រាប់ជីវិតអនាគត» ធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន០៤៖
*ទី១៖ បន្តបំផុសសកម្មភាព ក្នុងការទាក់ទាញចំណាប់អារម្មណ៍ បណ្ដុះទឹកចិត្តស្រលាញ់ និងកែប្រែផ្នត់គំនិតសិស្ស និស្សិត និងយុវជនកម្ពុជា ឲ្យមានទំនោរទៅលើមុខវិជ្ជាវិទ្យាសាស្រ្ត សម្រាប់ជ្រើសរើសសិក្សា ព្រមទាំងបង្ហាញនូវឱកាសសម្រាប់សម្រួចខ្លួន ក្នុងការចាប់យកអាជីពជាអ្នកជំនាញបច្ចេកទេស នាពេលអនាគត
*ទី២៖ ពង្រីកការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ និងសារៈសំខាន់នៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលជាតម្រូវការដ៏ចាំបាច់ សម្រាប់បម្រើដល់ការរស់នៅប្រចាំថ្ងៃ
*ទី៣៖ ចែករំលែកនូវចំណេះដឹង ជំនាញ គំនិតច្នៃប្រឌិត និងបទពិសោធន៍នានា ជុំវិញបរិបទវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការត្រៀមខ្លួនជាស្រេច ក្នុងការទទួលយកឥទ្ធិពល ការទាញយកផលប្រយោជន៍រួមជាមួយការបង្ការផលប៉ះពាល់ នៃការមកដល់របស់បដិវត្តន៍ឧស្សាហកម្ម ៤.០
*ទី៤៖ ផ្ដល់ឱកាសដល់សិក្ខាកាម បានទទួលបាននូវចំណេះដឹងថ្មីៗ តាមរយៈការចូលរួមសាកល្បងពិសោធន៍ផ្ទាល់ ជាមួយសម្ភារៈវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (Experiments)៕