(ស្វាយរៀង)៖ លោក ជៀង អំ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង បានថ្លែងអំពាវនាវឲ្យសមាជិក សមាជិកា និងប្រជាពលរដ្ឋទាំងអស់ នាំគ្នាហូបអំបុកនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ គឺអំបុកថែរក្សាសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ។
ការថ្លែងអំពាវនាវរបស់លោក ជៀង អំ បែបនេះបានធ្វើឡើងនៅក្នុងឱកាសដែលលោកអញ្ជើញចូលរួមប្រកាសក្រុមការងារចុះជួយឃុំពងទឹកចំនួន ៥នាក់ និងប្រកាសបញ្ចូលសមាជិកបក្សថ្មីចំនួន ១៦២នាក់ នៅឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៦ខែតុលាឆ្នាំ២០១៩ ដែលពិធីនេះមានការចូលពីលោកចាន់ កុលបុត្រ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំពង ទឹកនិងលោក សោម រតនា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុករំដួល ខេត្តស្វាយរៀង។
លោក ជៀង អំ បានថ្លែងនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់អង្គពិធីផងដែរ ហើយក្នុងឱកាសនោះ លោកបានប្រាប់ដល់ សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាឲ្យបានដឹងអំពីរចនាសម្ពន្ធ័របស់គណបក្ស គឺមានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្ត-រាជធានី រហូតដល់ថ្នាក់មូលដ្ឋានមានឃុំ សង្កាត់ សាខាបក្សភូមិ និងមួយទៀតមានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត រាជធានី ស្រុក ឃុំ សង្កាត់ដើម្បីផ្សព្វផ្សាយកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងដោះស្រាយរាល់ការសំណូមពររបស់ពលរដ្ឋ នៅមូលដ្ឋានដើម្បីឲ្យក្រុមការងារជួយដោះស្រាយ ឲ្យទាន់ពេលវេលាទាំងសេវាសំណូមពរ និងសេវាតម្រូវការផងដែរ។
លោកបានបញ្ជាក់ថា កត្តាដែលធ្វើឲ្យពលរដ្ឋមានជំនឿជឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា គឺដោយសារគណបបក្ស និងរាជរដ្ឋាភិបាលកម្ពុជា មានកម្មវិធីនយោបាយត្រឹមត្រូវ គឺបានអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យ និងបានរំដោះប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបាននាំមកនូវសន្តិភាពក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ពលរដ្ឋមានការងារធ្វើមានប្រាក់ចំណូលសមរម្យ បង្កើនជីវភាពគ្រួសារបានធូធារមួយកម្រិត។
លោក ជៀង អំ បានថ្លែងផ្តាំផ្ញើដល់សមាជិក សមាជិកា និងក្រុមការងារចុះមូលដ្ឋាន ត្រូវខិតខំធ្វើអំពើល្អជាមួយពលរដ្ឋត្រូវ និងស្មោះត្រង់គាំទ្រគណបក្សប្រជាជនកម្ពុជាតែមួយគត់ ព្រមទាំងត្រូវតែបោះឆ្នោតឲ្យគណបក្សប្រជាជន និងណែនាំឲ្យចូលរួមបោះឆ្នោតជូនបក្ស ហើយចៀសវាងកុំធ្វើអំពើណាដែលផ្ទុយច្បាប់ និងបំបាត់បក្ខពួកនិយម ត្រូវស្រលាញ់ពលរដ្ឋ មន្ត្រីត្រូវបម្រើរាស្ត្រដោយស្មោះត្រង់ កុំប្រព្រឹត្តិអំពើពុករលួយដែលច្បាប់ហាមឃាត់ ព្រោះប្រាក់បៀវត្សមន្ត្រីរាជការ បានកើនឡើងជាបន្តបន្ទាប់ហើយដែរ។
មួយវិញទៀតត្រូវកសាងបក្សអប់រំសមាជិកថ្មីជួយឲ្យមានសមាជិកឲ្យបានកាន់តែច្រើនបន្ថែមទៀត សម្រាប់អាណត្តិនេះ និងអាណត្តិបោះឆ្នោតក្រោយៗទៀត ឥឡូវបានរាជរដ្ឋាភិបាល បានធ្វើការកំណែទម្រង់ស៉ីជម្រៅ ចំណុចល្អពង្រឹកបន្ថែមបន្តទៀត រីឯចំណុចខ្វះខាតត្រូវកែលម្អឡើងវិញ និងគាំទ្រសមាជិកថ្មី ដែលចាកចេញពីគណបក្សផ្សេង មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងបន្តចុះមូលដ្ឋានឲ្យបានច្រើន ចិញ្ចឹមចលនានៅមូលដ្ឋានហើយត្រូវមានការសាមគ្គីភាពគ្នា បម្រើពលរដ្ឋឲ្យបានល្អលើសលប់ ស្រុះស្រួលគ្នាជួយគណបក្ស ដើម្បីទទួលបានការគាំទ្រកាន់តែច្រើនជាបន្តបន្ទាប់ទៀត៕