(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការចាត់វិធានការច្បាប់ ចំពោះសកម្មភាពទាំងឡាយណា ដែលប៉ុនប៉ងបំផ្លាញ សុខសន្តិភាព ស្ថិរភាព នយោបាយ ការញុះញង់ឲ្យមានអំពើហិង្សា ចលនាបំបែកបំបាក់ផ្ទៃក្នុងជាតិ ឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាល គឺពុំមែនជាសកម្មភាពរំលោភសិទ្ធិមនុស្ស ក្នុងសង្គមប្រជាធិបតេយ្យនោះឡើយ។

ការបញ្ជាក់របស់ សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងបន្ទាប់ពីមានជនមួយចំនួន បានរិះគន់ចំណាត់ការរបស់ក្រសួងមហាផ្ទៃ ទៅលើអតីតសមាជិក នៃអតីតគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចក្រឡាហោម ស ខេង បានពន្យល់តាមរយៈ Facebook នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩នេះថា ការប្រកាសជាសាធារណៈ និងជាបន្តបន្ទាប់របស់ ទណ្ឌិត សម រង្ស៉ី អំពីគម្រោងផែនការដែលគេហៅថា ការវិលមកកម្ពុជាវិញ នាថ្ងៃ៩វិច្ឆិកា ឆ្នាំ២០១៩ ដោយបានធ្វើការអំពាវនាវម្តងហើយម្តងទៀត ឲ្យកងទ័ពជាតិផ្ដាច់ខ្លួន ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាល ការបង្កើតមូលនិធិសម្រាប់ទ្រទ្រង់កងទ័ពខុសច្បាប់របស់ខ្លួន ការញុះញង់ប្រជាពលរដ្ឋឲ្យបះបោរផ្តួលរំលំរាជរដ្ឋាភិបាល ការថ្លែងជាសាធារណៈប្រមាថមាក់ងាយ ព្រះមហាក្សត្រជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតនៃជាតិយើង និងទាមទារឲ្យព្រះអង្គដាក់រាជ្យ នោះគឺពិតជាពុំមែនជាសកម្មភាពដែលត្រូវប្រត្តិបត្តិជាធម្មតាក្នុងសង្គមប្រជាធិបតេយ្យនោះឡើយ។

សម្តេចបញ្ជាក់ថា៖ «ហេតុនេះគម្រោងផែនការវិលចូលកម្ពុជាវិញរបស់ទណ្ឌិត សម រង្ស៉ី និងបក្សពួកគឺជាគម្រោងនៃចលនាឧទ្ទាមសុទ្ធសាធ ហើយដែលនឹងនាំទៅដល់ការបំផ្លាញសុខសន្តិភាព និងការបំបែកបំបាក់ជាតិ ដែលអាចបង្កនូវគ្រោះមហន្តរាយធ្ងន់ធ្ងរមិនអាចប៉ាន់ស្មានបានចំពោះជាតិ និងប្រជាជនកម្ពុជាយើង»។

សម្តេចបានរំលឹកជូនជនរួមជាតិថា សកម្មភាពនៃការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៉ី នាពេលនេះគឺខុសស្រឡះពីសកម្មភាព នៃការវិលត្រឡប់មកកម្ពុជាវិញរបស់ សម រង្ស៉ី កាលពីឆ្នាំ២០១៣ ដែលនៅពេលនោះ លោក សម រង្ស៉ី ជាប្រធានគណបក្សនយោបាយស្របច្បាប់ និងទទួលបានការប្រោសព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ ហើយការវិលត្រឡប់របស់គាត់នៅពេលនោះ គឺដើម្បីមកចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ហេតុដូច្នេះហើយនៅពេលនោះអ្នកដែលមានសមានចិត្តអាចមានសិទ្ធិចូលរួមហែរហមគាត់គឺ ពុំមែនជាសកម្មភាពខុសច្បាប់នោះឡើយ។ ប៉ុន្តែការវិលត្រឡប់មកកម្ពុជា នាពេលនេះគឺ សម រង្ស៉ី ស្ថិត ក្នុងស្ថានភាពជាទណ្ឌិត ហើយជាអ្នកដឹកនាំនគម្រោងចលនាឧទ្ទាមក្រៅច្បាប់ថែមទៀតផង។ ទន្ទឹមនេះគម្រោងផែនការវិលមកកម្ពុជាវិញនាពេលនេះ គឺជាការប៉ុនប៉ងបង្កការអុកឡករំខានដល់ការរៀបចំពីបុណ្យឯករាជ្យជាតិយើង ក៏ដូចការចូលរួមសប្បាយរីករាយរបស់ប្រជាជនយើងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក ដែលព្រះករុណាព្រះមហាក្សត្រនៃយើងព្រះអង្គតែងតែយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបុណ្យទាំងនេះ ជារៀងរាល់ឆ្នាំ។

សម្តេចក្រឡាហោម ស ខេង បានអំពាវនាវដល់អ្នកនយោបាយ និងជនរួមជាតិទាំងអស់ ត្រូវរួបរួមគ្នាប្រឆាំង ចំពោះគម្រោងផែនការនៃចលនាឧទ្ទាមក្រៅច្បាប់ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមិនត្រូវចូលរួម ក្នុងសកម្មភាពណាមួយនៃផែនការនេះ ហើយជំនួសមកវិញដោយការចូលរួមអបអរសាទរពិធីបុណ្យឯករាជ្យជាតិ ការចូលរួមសប្បាយរីករាយ ក្នុងព្រះរាជពីធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ហើយនិងចូលរួមពិសារអំបុក ឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី៩ វិច្ឆិកា ដើម្បីរួបរួមគ្នាការពារ រដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារសុខសន្តិភាព និង ឯកភាពជាតិ។

សូមបញ្ជាក់ថា លោក សម រង្ស៉ី និងអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិមួយចំនួនទៀត បានប្រកាសធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ចំនឹងបុណ្យឯករាជ្យជាតិ។ ទន្ទឹមនឹងការប្រកាសធ្វើរដ្ឋប្រហារ លោក សម រង្ស៉ី ដែលប្រើប្រាស់តួនាទីជាប្រធានស្តីទី នៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសរៀបចំថវិកាដល់កងទ័ពដែលផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ដើម្បីចូលរួមការផ្តួលរំលំនេះ ព្រមទាំងអំពាវនាវដល់ព្រះមហាក្សត្រឱ្យដាក់រាជថែមទៀត។

ពាក់ព័ន្ធនឹងសកម្មភាពរបស់ លោក សម រង្ស៉ី និងបក្ខពួកនេះ រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម។

រហូតមកដល់ពេលនេះ បក្ខពួករបស់ លោក សម រង្ស៉ី ដែលចាត់ចូលជាក្រុមឧទ្ទាម ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងចោទប្រកាន់ជាបន្តបន្ទាប់ពីបទរួមគំនិតក្បត់ ដែលប្រឈមនឹងការជាប់ពន្ធនាគារពី៥ ទៅ១០ឆ្នាំ។ អ្នកដែលត្រូវចោទប្រកាន់ទាំងនោះ ភាគច្រើនបានទៅចូលរួមទទួលយកផែនការពី លោក សម រង្ស៉ី នៅប្រទេសម៉ាឡេស៊ី កាលពីពាក់កណ្តាលខែសីហា ដើម្បីយកមកអនុវត្ត ក្នុងការកៀរគរកម្លាំងផ្តួលរំលំរាជរដ្ឋាភិបាល។

យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងយុត្តធម៌ បានប្រកាសផងដែរថា អ្នកដែលឃុបឃិត ឬពាក់ព័ន្ធផែនការនេះ នឹងត្រូវទទួលទោស។ ចំណែកឯអ្នកមានការភ្ញាក់រលឹកដឹងខ្លួន ហើយចេញមកសារភាព នឹងអនុញ្ញាតឱ្យរួចផុតពីទោស៕