(ឡាវ)៖ ក្រុមធម្មយាត្រា ជាពិសេសព្រះសង្ឃទាំង៥ប្រទេស បាននិមន្តទៅកាន់វត្តឈៀងថង តាំងពីម៉ោង ៦ព្រឹកព្រលឹមថ្ងៃទី២៤ តុលា ឆ្នាំ២០១៩ សម្រាប់ការនិមន្តបិណ្ឌបាត្រ នៅនគរហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលមានការដឹកនាំក្បួនបិណ្ឌបាត្រដោយ ព្រះថនរៈមៈវ៉រៈនាយក ទីបឹក្សាមេគណនៃខេត្ត នគររាជសីមាប្រទេសថៃ, ព្រះអាចារ្យ អនកែវ កិត្តិភ័ទធោ មេគណនគរហ្កួងព្រះបាង និង ជាព្រះចៅអធិការវត្តឈៀងថង, សម្តេចព្រះឧត្តមវង្សា មួង រ៉ា លេខាធិការសភាសង្ឃប្រទេសកម្ពុជា និង ព្រះសង្ឃនិមន្តមកពី ៥ប្រទេសទៀតចំនួនជាង ៤០០ អង្គ ។
ចំពោះប្រពៃណីក្នុងការដាក់បាត្ររបស់ជនជាតិឡាវ គឺការដាក់ជាបាយដំណើប ដោយពូនជាដុំ តូចៗ ដាក់នៅក្នុងបាត្រ។ អ្វីដែលមិនអាចរំលង ឬអាចនិយាយបានថា មិនអាចចោលបាននោះ គឺការគ្រងសំលៀកបំពាក់បែបផាសិន ដែលជាអត្តសញ្ញាណនៃសំលៀកបំពាក់របស់ជនជាតិឡាវ។ ប្រពៃណីនៃការដាក់បាត្របាយដំណើបនេះដែរ អ្នកសារព័ត៌មានឡាវម្នាក់ ដែលជាបុគ្គលសំខាន់ក្នុងការផ្តល់ព័ត៌មានផ្សេងៗអំពីប្រពៃណី វប្បធម៌នៅទីនេះ បានបញ្ចាក់ថា ការដាក់បាយដំណើបជំនួសបាយខ្សាយនេះ គឺមូលហេតុដោយសារតែបាយដំណើប គឺស្ងួតរមួត មិនស្អិត ហើយមិនងាយខូច។ មួយវិញទៀត ពេលដែលដាក់បាត្រព្រះសង្ឃជាបាយដំណើប គឺមិនធ្វើឱ្យបាត្រប្រឡាក់។ ប្រសិនបើនិយាយអំពីន័យប្រៀបធៀបសម្រាប់បាយដំណើបនេះ គឺពេលដែលពូតដុំបាយ ប្រៀបដូចជាប្រជាជនឡាវកំពុងតែមានភាពសាមគ្គីគ្គាជាធ្លុងមួយ។ ន័យម្យ៉ាងទៀត បាយដំណើបគឺជាអត្តសញ្ញាណជាតិឡាវ ដូចស្ត្រីឡាវ ត្រូវគ្រងបាសិន និងបួងសក់ជាដើម។
ងាកមកមើលគណៈសង្ឃក្រុមធម្មយាត្រាទាំង៥ប្រទេស បាននិមន្តបិណ្ឌបាត្រជាជួរៗ អមនឹងប្រជាជនដែលអង្គុយត្រៀមផ្ទាល់ដី មានបាយដំណើប នំចំណី បច្ច័យ ដែលជាគ្រឿងសម្រាប់ការដាក់បាត្រនាពេលព្រឹកនោះ។
ព្រះសង្ឃមានរាប់រយអង្គ តែសទ្ធារបស់ប្រជាជនមានរាប់ពាន់ ស្ថិតនៅតាមដងផ្លូវចំងាយជាង ៤ គីឡូម៉ែត្រ ចាប់ផ្តើមពីចំនុច វត្ត ឈៀងថង ជាទីអារាមដែលមានអាយុកាលជាង ១,០០០ឆ្នាំ មកដល់ត្រង់ វត្តព្រះបាតតៃ ដែលសបង្ហាញអំពីសទ្ធាជ្រះថ្លារបស់ពុទ្ធសាសនិកជនយ៉ាងជ្រាលជ្រៅ។
ព្រះគ្រូឧត្តមវិសុទ្ធមុនី ឈាវ សុខជា មានថេរដិកាថា សទ្ធារបស់ប្រជាជនទាំង៥ ប្រទេសធំធេងខ្លាំងណាស់សម្រាប់ព្រះពុទ្ធសាសនា ព្រមទាំងបានបង្ហាញអារម្មណ៍ចំពោះការស្វែងយល់ពីការគោរពនិងប្រតិបត្តិរបស់ជាតិសាសន៍នីមួយៗ។
ពុទ្ធបរិស័ទឡាវមួយរូប បានថ្លែងពីអារម្មណ៍របស់លោកយាយ ដោយទឹកភ្នែកថា លោកយាយពិតជារំភើប ដោយមិនដែលបានជួបប្រទះនូវហេតុការណ៍នៃសាសនាព្រះពុទ្អ ដែលបាននិមន្តព្រះសង្ឃក្នុងទ្វីបអាស៊ី ទាំង៥ ប្រទេស មកឱ្យលោកយាយបានបំពេញកុសលដូចនេះទេពីមុនមក ។
ក្រៅពីនេះ ជនបរទេសមកពីប្រទេសបារាំង បានចូលរួមដាក់បាត្រនៅព្រឹកនោះជាប្រវត្តិសាស្រ្តផងដែរ ព្រមទាំងបានផ្តល់នូវបទសម្ភាសន៍ថា ទោះបីជាគាត់មិនបានកាន់សាសនាព្រះពុទ្ធក៏ពិតមែន តែទិដ្ឋភាពបែបនេះ ពិតជាបានធ្វើឱ្យគាត់ជ្រួតជ្រាបពីការគោរពប្រណិបត្តិសាសនាព្រះពុទ្ធនៅទីនេះ ហើយបានឃើញព្រះសង្ឃទាំង៥ដែនដី សុទ្ធសឹងជាបុគ្គលដែលមានចិត្តជ្រះថ្លាបរិសុទ្ធគួរឱ្យគោរព។
តមកទៀត នៅវត្ត ផាអូ ដែលជាទីតាំងបន្តរបស់ក្រុមធម្មយាត្រា ៥ ដែនដីបានទៅដល់ អ្វីដែលបានធ្វើឱ្យគណៈធម្មយាត្រាទប់អារម្មណ៍សឹងតែមិនបាននោះ គឺមានសមណេរ ៥០០ អង្គ និមន្តគង់រង់ចាំ គណៈធម្មយាត្រា ក្រោមកម្តៅព្រះអាទិត្យនាម៉ោង ១០រឹក ដែលជាប្រវត្តិសាស្ត្រថ្មីមួយទៀតគួរឱ្យស្ងើចសរសើរ និងគោរពជាទីបំផុត។ ថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលមានដូចជា សម្តេចសង្ឃរាជ អាធិ សាធុយ៉ៃកូត ព្រះមេគណក្រុងចមផេត នគរហ្លូងព្រះបាង, លោក វង្សច័ន្ទផាន់ ផួប ប្រធានរណសិរ្សកសាងជាតិឡាវ នគរហ្លួងព្រះបាង, លោកស្រី ប៊ុនម៉ា អនុប្រធាន រណសិរ្សកសាងជាតិឡាវ, លោក ណសេង អនុប្រធានផ្សព្វផ្សាយវប្បធម៏ និងទេសចរណ៍ នគរហ្លួងព្រះបាង និងបណ្ឌិត ខាំវន បុណ្យផន អ្នកគ្រប់គ្រងគណះកម្មការកណ្តាលព័ត៌មានពុទ្ធសាសនានគរហ្លួងព្រះបាង ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ។
ពិធីកម្មខាងសាសនាជាប្រចាំរបស់ក្រុមគណៈធម្មយាត្រា ៥ ដែនដី គឺការដាំដើមពោធិ៍ នៅកូនភ្នំមួយនៃបរិវេណវត្ត ផាអូ។ ដើមពោធិ៍នេះ ត្រូវបានចាត់ទុកជាទីសក្ការៈមួយសម្រាប់ពុទ្ធសាសនិក ដោយមូលហេតុថា ដើមពោធិ៍ជាទីតាំងនែការត្រាស់ដឹងរបស់ព្រះសម្មាសមពុទ្ធ កាលពីជាង ២,៥០០ ឆ្នាំមុន។
ពិធីអរតនាតាមបែបព្រះពុទ្ធសាសនា ក៏បានប្រារព្ធធ្វើដូចរាល់សព្វមួយដង។ ព្រះសង្ឃទាំង ៥០០ អង្គ និងពុទ្ធបរិស័ទ បានលើកដៃប្រណម្យសូត្រធម៌ ជាការបង្ហាញពីសេចក្តីជ្រះថ្លារបស់សាវកព្រះសម្មាសម្ពុទ្ធ។
លោក សុផាក់ឆៃ វីរៈភូជង្គ លេខាធិកាស្ថាប័ន្ថពោធិគយ៉វិឆាឡៃ រួមនិងក្រុមពុទ្ធបរិស័ទ បាននាំយកនូវបច្ច័យចំនួន ៦០០,០០០ ប្រគេនដល់ព្រះសង្ឃសម្រាប់ជាការទំនុកបំរុងដល់ការសិក្សាអប់រំរបស់សមណេរចំនួនជាង ៥០០ អង្គនៅទីវត្តអារាមនោះ។
លុះដល់ល្ងាចថ្ងៃដដែលនេះ នៅវត្តប៉ាផុនភោ វៈណៈរាម មានការរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្រោមការនិមន្តពីព្រះសង្ឃទាំង៥ប្រទេស មានកម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាម។ ទីវត្តអារាមនេះ មានរចនាបទជាពណ៌ទឹកមាស ព្រមទាំងមានការកសាងដូចទៅហ្នឹងព្រះចុឡាមណីចេតិយជារាងពហុកោណយ៉ាងស្រស់ស្អាត។ វត្តនេះ មានការនិមន្តចូលរួមពី ព្រះគ្រូបុណ្យថាន់ ប៉ុញយៈកាមូ ព្រះចៅអធិការវត្ត ប៉ាផុនផោ, លោក សុផាក់ឆៃ វីរៈភូជង្គ លេខាធិការស្ថាប័នពោធិកយ៉ា និងគណៈធម្មយាត្រាទាំងមូល បាននាំគ្នាធ្វើពុទ្ធសាសនពិធីសូត្រនូវធម៌នមស្សការ ជាការគោរពនិងបូជាដល់ព្រះសម្មាសម្ពុទ្ធ។ បង្គោលធម្មចក្រ បាននាំយកមកតម្កល់ទុកនៅខាងមុខព្រះបដិមាក្នុងវត្តនេះផងដែរ។
ព្រះចៅអធិការបានថ្លែងថា ពិធិនេះ ជាពិធីដ៏វិសេសវិសាលយ៉ាងខ្លាំងដែលមានការចូលរួមពីព្រះសង្ឃទាំង ៥ ប្រទេស និងសូមឱ្យព្រះពុទ្ធសាសនារុងរឿងតទៅ។
ថ្ងៃចុងក្រោយ នៅហ្លួងព្រះបាង បានចារជាប្រវត្តិសាស្ត្រថ្មី ដែលធ្វើឲ្យឱ្យគណៈធម្មយាត្រាចងចាំមិនភ្លេចនូវអ្វីដែលបានកើតឡើងនៅទីនេះជារៀងរហូតទៅ។ សទ្ធារបស់ប្រជាជាតិនីមួយៗ សុទ្ធតែបានបង្ហាញថា ការធ្វើបុណ្យ ការដាក់ចិត្តឱ្យជ្រះថ្លាចំពោះព្រះពុទ្ធសាសនា មិនមែនត្រឹមតែព្រះសង្ឃក្នុងជាតិសាសន៍របស់ខ្លួនប៉ុណ្ណោះទេ តែជាតិសាសន៍ដទៃផ្សេងទៀតក៏ដូចគ្នាដែរ គឺសុទ្ធសឹងតែត្រូវបានព្រះសម្មាសម្ពុទ្ធជ្រើសរើសជាសាវក សម្រាប់ការប្រណិបត្តិនិងមានតួនាទីថែរក្សាការពារសាសនព្រះពុទ្ធ៕