(ព្រៃវែង)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថាន នៅក្នុងជីវិតប្រចាំថ្ងៃ ដោយស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិឱ្យកាន់តែខ្លាំងជាពិសេសចូលរួមរួមដាំដើមឈើ ក្នុងបរិវេណសាលា ឬវត្តអារាម និងនៅតាមសហគមន៍ របស់ខ្លួនដើម្បីកម្ពុជាស្អាត និងបៃតង។

ការអំនាវរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅអំឡុងពិធីដាំកូនឈើ ក្រោមប្រធានបទ «ឈើមួយដើម ជីវិតមួយ» ដែលរៀបចំឡើង ដោយអង្គការយុវតារាកម្ពុជា សហការជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងប្រុយដន់សល នៅក្នុងឃុំកំពង់ប្រាសាទ ស្រុកពាមជរ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩។

នៅក្នុងឱកាសនោះដែរ លោក នេត្រ ភក្ត្រា បានថ្លែងនៅចំពោះមុខមន្ត្រីអាជ្ញាធរ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងក្រុមការងារ អង្គការយុវតារាកម្ពុជា និងអតិថិជនក្រុមហ៊ុនធានារ៉ាប់ប្រយុដន់សល ថាសកម្មភាពនៃការដាំដើមឈើប្រណិតជាច្រើនរយដើម នៅក្នុងបរិវេណសាលា និងវត្តអារាម នៅក្នុងឃុំកំពង់ប្រាសាទនៅថ្ងៃនេះ គឺជាការចូលរួមក្នុងការពង្រឹងសាមគ្គីភាព និងមិត្តភាពក្នុងរវាងប្រជាពលរដ្ឋនៅមូលដ្ឋាន និងអ្នកមកពី សហគមន៍ខាងក្រៅ បង្កើតអនុស្សាវរីយ៍រួមគ្នា និងបង្ហាញពីការរួមកម្លាំងគ្នាដើម្បីការពារនិងថែរក្សាធនធាន ធម្មជាតិ។

លោកបានគូសបញ្ជាក់ពីសារសំខាន់នៃធនធានធម្មជាតិ ចំពោះបរិស្ថាន និងជីវិតមនុស្សសត្វ ហើយការដាំដើមឈើនៅក្នុងបរិវេណសាលា ឬវត្តអារាមគឺជួយបង្កើតភាពបៃតង បង្កើតបរិយាកាសល្អ បង្កភាពងាយស្រួល និងជាកន្លែងប្រកបដោយផាសុកភាពសម្រាប់សិស្សានុសិស្ស រៀនសូត្រ។

រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានលើកឡើងថា ការដាំឈើបង្កើតភាពបៃតង ស្របតាមគោលការណ៍នៃសាលាមេត្រីបរិស្ថាន ដែលក្រសួងបរិស្ថានបាន និងកំពុងធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញឱ្យសាលារៀននៅទូទាំងប្រទេសមានប្រតិបត្តិមេត្រីភាពបរិស្ថានល្អ ជាកន្លែងបណ្តុះធនធានមនុ ស្សប្រកបដោយគុណភាព និងមានការទទួលខុសត្រូវបរិស្ថាន។

លោក នេត្រ ភក្ត្រា ថ្លែងផងដែរថា ការដាំដើមឈើនៅក្នុងសាលា ឬវត្តអារាមគឺជាវិធានការជាក់ ស្តែងនៅក្នុងការបន្ស៊ាំទៅនឹងការប្រែប្រួល អាកាសធាតុ ការឡើងកម្តៅនៃភពផែនដី។ ការប្រែប្រួលអាកាសធាតុ ជះឥទ្ធិពលអាក្រក់ ដល់ដំណើរការអភិវឌ្ឍន៍របស់ប្រទេស ហើយក៏ជាបញ្ហារួមរបស់ពិភពលោក។ កម្ពុជាមិនមែនជាប្រទេសដែលបង្ក ឱ្យមានការប្រែប្រួលអាកាសធាតុឡើយ ប៉ុន្តែជាអ្នកដែលទទួលរងពីការ ប្រែប្រួលអាកាស។

លោកបានគូសបញ្ជាក់ថា ការដាំដើមឈើប្រភេទពូជឈើប្រណីតដូចជាធ្នង់ បេង នាងនួន គគីរជាដើម នៅតាមសហគមន៍ វត្តអារាម និងនៅតាមសាលារៀន ជាការចូលរួមចំណែកក្នុងការពារ និងអភិរក្សជីវៈចម្រុះ ជាពិសេសប្រភេទឈើកម្រមួយចំនួន នៅក្នុងស្រុក បន្ថែមធនធានធម្មជាតិព្រៃឈើដែលកម្ពុជា មានស្រាប់ហើយត្រូវបានគ្រប់គ្រង និងអភិរក្ស។

យោងតាមការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងបរិស្ថាន បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បាននឹងកំពុងគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិ ក្នុងនោះរួមមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសា និងតំបន់បេតិកភណ្ឌធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ សរុបជាង ៦០កន្លែង ដែលមានផ្ទៃដីសរុបជាង ៧,២លានហិកតា ដែលស្មើនឹងប្រមាណ៤១% នៃផ្ទៃដីប្រទេសកម្ពុជា។

រដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានលើកឡើងថា ក្រសួងបរិស្ថាន បានសូមបងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ដែលកម្ពុជាមាននាពេលបច្ចុប្បន្ននេះ ដើម្បីមនុស្សជំនាន់តទៅមុខទៀត៕