(ភ្នំពេញ)៖ ក្រុមអ្នកវិនិយោគិនមកពីប្រទេសចិន បានសហការគ្នា បើកការដ្ឋានសាងសង់មជ្ឈមណ្ឌលសម្ភារៈសំណង់ខ្នាតអន្តរជាតិដ៏ធំមួយ នៅរាជធានីភ្នំពេញ ដោយចំណាយដើមទុន៨លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបំពេញតម្រូវការនៃការប្រើប្រាស់គ្រឿងសំណង់គ្រប់ប្រភេទ នៅក្នុងរាជធានីភ្នំពេញ និងទូទាំងប្រទេសកម្ពុជា។
ការដ្ឋានសាងសង់មជ្ឈមណ្ឌលសម្ភារៈសំណងខ្នាតអន្តរជាតិដ៏ធំនេះ បានធ្វើឡើង នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩នេះ ដោយមានការចូលរួមពីសំណាក់ លោកឧកញ៉ា ជា សឿន អនុប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន, លោក ប៉ាវ ចឺឈីង អគ្គនាយកមជ្ឈមណ្ឌលសម្ភារៈសំណង់ខ្នាតអន្តរជាតិ ព្រមទាំងក្រុមអ្នកវិនិយោគិនចិន កម្ពុជាយ៉ាងច្រើន ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក ប៉ាវ ចឺឈីង បានថ្លែងដឹងថា ការជ្រើសរើសយកទីផ្សារកម្ពុជានាពេលនេះ ព្រោះប្រទេសកម្ពុជា និងប្រទេសចិន មានមិត្តភាពយ៉ាងជិតស្និតជាមួយគ្នា ហើយប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ក៏កំពុងមានការអភិវឌ្ឍន៍ និងរីកចម្រើនឥតឈប់ឈរ បូករួមជាមួយប្រទេសទាំងពីរជាប្រទេស មានភាពជិតស្និតនឹងគ្មានផងនោះ និងធ្វើឱ្យការវិនិយោគរឹងមាំល្អ និងគ្មានហានីភ័យ។
លោក ប៉ាវ ចឺឈីង បានបន្តថា ដោយសម្លឹងមើលឃើញប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំងលើវិស័យសំណង់ ដូច្នេះតម្រូវការគ្រឿងសំណង់ក៏កើនខ្ពស់តាមហ្នឹង ចំណុចនេះទើបជំរុញឱ្យលោកសម្រេចចិត្តបើកមជ្ឈមណ្ឌលសម្ភារៈសំណង់ខ្នាតអន្តរជាតិ ដ៏នេះនៅរាជធានីភ្នំពេញតែម្តង។
លោកឧកញ៉ា ជា សឿន អនុប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន បានបង្ហាញក្តីសង្ឃឹមថា មជ្ឈមណ្ឌលសម្ភារៈសំណង់ខ្នាតអន្តរជាតិ បន្ទាប់ពីសាងសង់រួចវានឹងក្លាយជាទីផ្សារមួយ ដែលប្រមូលផ្តុំដោយសម្ភារៈសំណង់គ្រប់ប្រភេទទាំងលក់រាយ និងបោះដុំ ដែលធំជាងគេ នៅក្នុងប្រទេសកម្ពុជា។
លោកបានបន្តថា គម្រោងនេះ មិនត្រឹមតែនាំផលិតផលគ្រឿងសំណង់ចម្រុះមកដាក់លក់នៅកម្ពុជានោះទេ គឺវាអាចនឹងបង្កើតការងារថ្មីៗជាច្រើនដល់ប្រជាជនកម្ពុជាផងដែរ។
មជ្ឈមណ្ឌលសម្ភារៈសំណង់ខ្នាតអន្តរជាតិនេះ មានផ្ទៃក្រឡាសរុបចំនួន ៣៣០០០ម៉ែត្រការ៉េ ដោយមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ព្រមទាំងឃ្លាំងធំៗចំនួន២០ ដើម្បីស្តុកទុកគ្រឿងសំណង់គ្រប់ប្រភេទ ដើម្បីបំពេញតម្រូវការរបស់អតិថិជន៕