(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩នេះ ក្រុមកីឡាករតេក្វាន់ដូកម្ពុជា ITF បានបើកការសម្តែងក្បាច់គុន ដើម្បីបង្ហាញពីសមត្ថភាពរបស់ពួកគេ មុនបើកការប្រកួតកីឡាតេក្វាន់ដូ ITF ប្រចាំអាស៊ីអាគ្នេយ៍ ឆ្នាំ២០២០ ខាងមុខនេះ ដែលប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ លើកទី២។

ការសម្តែងក្បាច់គុនតេក្វាន់ដូ ITF បានធ្វើឡើងនៅវិទ្យាល័យសម្តេចឪ ដោយមានការអញ្ជើញចូលរួមពី លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍, ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូអន្តរជាតិ (ITF) ព្រមទាំងមានការអញ្ជើញ ចូលរួមពីសំណាក់ថ្នាក់ដឹកកីឡាតេក្វាន់ដូ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោក កែវ រ៉េមី បានឱ្យដឹងថា សម្រាប់កិច្ចប្រជុំរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ដែលបានធ្វើឡើងនៅសណ្ឋាគារម៉ានេ ហរិហរ៉ាល័យ នៅខេត្តសៀមរាបនេះ គឺជាកិច្ចប្រជុំមួយដើម្បីត្រៀម សម្រាប់កិច្ចប្រជុំនៅឆ្នាំ២០២០ ខាងមុខនេះ ក្នុងឱកាសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

នៅក្នុងឱកាសនេះដែរ លោក កែវ រ៉េមី ក៏បានប្តេជ្ញាចិត្តខិតខំធ្វើឱ្យល្អសម្រាប់កិច្ចប្រជុំលើកទី២នេះ ឱ្យដំណើរការល្អជាងលើកទី១ ព្រោះថា ដោយសារតែកាលពីលើកទី១ ដោយសារតែមានភាពលឿនពេក ក៏ប៉ុន្តែសម្រាប់ក្នុងឱកាសដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះលើកទី២ នៅឆ្នាំ២០២០ ខាងមុខនេះ នឹងធ្វើយ៉ាងណារៀបចំឱ្យមានលក្ខណៈល្អប្រសើរ ដោយមានការទម្រង់នូវចំណុចមួយចំនួនរួមមាន៖

គឺពាក់ព័ន្ធនឹងការកែទម្រង់ចៅក្រម អាជ្ញាកណ្តាល ដោយនឹងរៀបចំឱ្យមានចៅក្រម និងអាជ្ញាកណ្តាល ជាលក្ខណៈអន្តរជាតិ ឱ្យមានការចូលរួម ព្រមទាំងប្រគល់តួនាទីនេះ ឱ្យទៅស្ត្រីដែលជាគ្រូ និងជនជាតិម៉ាឡេស៊ី ដើម្បីលើកស្ទួយស្ត្រី ដើម្បីឱ្យគាត់ទទួលខុសត្រូវ ចំពោះចៅក្រម និងអាជ្ញាកណ្តាល ហើយចៅក្រម និងអាជ្ញាកណ្តាលដែលនឹងរៀបចំលើកទី២នេះ គឺមិនមែនត្រឹមតែបណ្តុះអាសន្ននោះទេ គឺសម្រាប់ការប្រកួតរាល់ លើកតែម្តង ដើម្បីឱ្យពួកគាត់ទទួលខុសត្រូវ ជាពិសេសត្រូវបង្កើតក្រុម ដើម្បីផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេស និងការដាក់ពិន្ទុ ដើម្បីយ៉ាងផ្តល់ ភាពយុត្តិធម៌ ដល់កីឡាករ កីឡាការិនី បន្ថែមលោកក៏បានស្នើសុំឱ្យបណ្តាប្រទេសផ្សេងបញ្ជូនឈ្មោះ បុគ្គលដែលត្រូវជ្រើសរើសជាចៅក្រម និងអាជ្ញាកណ្តាល។

លោកបានបន្តថា ហើយសម្រាប់ការប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ គឺកម្ពុជាក៏បានដាក់បញ្ចូលកីឡាតេក្វាន់ដូ ITF ឱ្យចូលរួមក្នុងការប្រកួត ពីព្រោះបច្ចុប្បន្ននេះ កីឡាតេក្វាន់ដូកម្ពុជា មានសក្តានុពល និងសមត្ថភាពគ្រប់គ្រាន់សម្រាប់ការប្រកួតផងដែរ។ ដូច្នេះ កិច្ចប្រជុំនេះ ដើម្បីផ្ទាស់ប្តូរបច្ចេកទេស ព្រមទាំងគំនិតផ្សេងៗ ជាពិសេសកិច្ចសហប្រតិបត្តិការ ពង្រីងនូវទំនាក់ទំនងជាមួយគ្នា។

លោក កែវ រ៉េមី បានបន្ថែមទៀតថា ដូច្នេះ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូ អាស៊ីអាគ្នេយ៍ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកទី២ សង្ឃឹមថា កីឡាករ កីឡាការិនី របស់កម្ពុជានឹងខិតខំប្រឹងប្រែង កែឆ្នៃនូវចំណុចខ្វះខាត ព្រមទាំងបច្ចេកទេសប្រយុទ្ធនានា ដើម្បីធ្វើឱ្យខ្លួនកាន់តែមានភាពរីកចម្រើន និងទទួលបានភាពជោគជ័យក្នុងការប្រកួតនានា ដើម្បីដណ្តើមមេដាយ និងនាំកិត្តិយសជូនជាតិមាតុភូមិផងដែរ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាតេក្វាន់-ដូ ITF នៅប្រទេសប៊ុលហ្គារី ជាព្រឹត្តិការណ៍ពិភពលោក (World ITF Taekwon-do Championship)មួយ ដែលចាប់ផ្តើមពីថ្ងៃទី២៤-៣០ ខែសីហា ឆ្នាំ២០១៩។ ការប្រកួតនេះ មានកីឡាករ-កីឡាការិនី មកពីបណ្ដាប្រទេសចំនួន ៧៤ អត្តពលិកតេក្វាន់ដូចូលរួមសរុប ១,៤១២នាក់ ក្នុងនោះអត្តពលិកប្រកួតមានចំនួន ៩៧១នាក់។ ដោយឡែកកីឡាករជម្រើសជាតិចំនួន ១៧នាក់ (ស្រី២នាក់) បានចូលរួមក្នុងព្រឹត្តិការណ៍ពិភពលោកនេះផងដែរ៕