(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយស្រុកកណ្តៀង និងស្រុកក្រគរ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩នេះ បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខកងកម្លាំង និងផ្ដល់អំណោយដល់កងកម្លាំងវរសេនាតូចលេខ១ នៅព្រំដែនខេត្តពោធិ៍សាត់-ថៃ និងកងពលតូចអន្តរាគមន៍លេខ១៤ ក្នុងខេត្តពោធិ៍សាត់។
លោក កែវ រតនៈ បានថ្លែងថា ក្នុងដំណើរចុះសំណេះសំណាល និងសួរសុខទុក្ខ កងកម្លាំងវរសេនាតូចលេខ១ គឺត្រូវតែអនុវត្តឲ្យមានប្រសិទ្ធិភាពខ្ពស់បំផុត ស្របតាមអនុសាសន៍ដ៏មានតម្លៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបំផុសឲ្យមានចលនាចងសម្ព័ន្ធមេត្រីភាព រវាងសមរភូមិក្រោយ ជាមួយសមរភូមិមុខ ក្នុងកាលៈទេសៈមួយ ដូចដែលពាក្យស្លោកពោលថា ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ ដើម្បីពង្រឹងខឿនការពារឲ្យមានប្រសិទ្ធិភាពខ្ពស់តាមខ្សែបន្ទាត់ព្រំដែន។
លោក ក៏បានជម្រាបជូនដែរថា អគ្គិសនីកម្ពុជា តែងតែបានរៀបចំគណៈប្រតិភូ ដោយផ្អែកទៅលើគោលជំហរ និងជាទម្លាប់ផងនោះ ទោះជាមានការងារមមាញឹក យ៉ាងណាក៏ដោយ ត្រូវតែចុះសួរសុខទុក្ខ ដល់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងជួរមុខ ការពារខ្សែបន្ទាត់ព្រំដែនឲ្យខានតែបាន ក្នុងគោលបំណងផ្សារភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ បង្កើននូវការទំនាក់ទំនងគ្នាឲ្យកាន់តែល្អ ក្នុងការទ្រទ្រង់នូវជីវភាព និងភាពចាំបាច់របស់កងទ័ព និងគ្រួសារពិសេសអង្គភាពវរសេនាតូចការពារព្រំដែនលេខ១ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ជាមួយអគ្គិសនីកម្ពុជា។
ជាមួយគ្នានោះ លោក កែវ រតនៈ ក៏បានសម្តែងនូវការគោរពកោតសរសើរ ដឹងគុណចំពោះវីរភាព ការលះបង់ ការតស៊ូ និងការធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាជនរបស់កងទ័ពយើង។ លោកក៏បានផ្តាំផ្ញើ ដល់កងកម្លាំងគ្រប់កងឯកភាព ត្រូវបន្តកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងគ្នាឲ្យបានល្អ ជាមួយកងកម្លាំងជួរមុខរបស់កម្ពុជា-ថៃ ត្រូវចេះថែរក្សាសុខភាពឲ្យបានជាប្រចាំ៕