(កោះកុង)៖ ដើម្បីហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តឲ្យមានសោភ័ណ្ឌភាព និងលើកស្ទួយក្នុងការងាយស្រួល ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនារដូវវស្សា រងគ្រោះដោយសារទឹកជំនន់ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ អាជ្ញាធរខេត្តក្រុង ក្រោមការដឹកនាំដោយលោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្ត លោក ឈេងសុវណ្ណដា អភិបាលក្រុង បានដឹកនាំក្រុមការងារ និងក្រុមជំនាញចុះបើកការដ្ឋាន ដើម្បីដាក់ប្រព័ន្ធលូចំនួន៤១២ម៉ែត្រ មានអង្កត់ផ្តិត០,៨០តឹក ដើម្បីបញ្ចៀសទឹកជំនន់ ស្ថិតនៅភូមិសាស្ត្រភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទខេត្តកោះកុង។
លោក ផៃធូន ផ្លាមកេសន បានថ្លែងថា ការចាប់ផ្តើមដំណើរការបើកការដ្ឋានដាក់ប្រព័ន្ធលូនេះ បញ្ជាក់ឲ្យឃើញថា អាជ្ញាធរខេត្តនៅតែយកចិត្តទុកដាក់ជាប់ជានិច្ច ចំពោះទុកកង្វល់របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅមក ដោយសារនារដូវវស្សាមានទឹកជំនន់ ដោយទឹកភ្លៀង ហូរកាត់ផ្លូវថ្នល់ធ្វើឲ្យខូចផ្លូវ នាំឲ្យខាតបង់ថវិការដ្ឋផងដែរ។
លោកបានបន្តថា ការអភិវឌ្ឍដើម្បីហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានរបស់ខ្លួន មានតួនាទីសំខាន់ណាស់ ពិសេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលសម្តេចតេជោ ជាអ្នកដឹកនាំដ៏ឈ្លាសវៃ តែងតែយកចិត្តទុកប្រជាពលរដ្ឋជានិច្ច ចំពោះបញ្ហា ប្រព័ន្ធលូ ផ្លូវ ទឹក ភ្លើងព្រោះទាំងនេះជាជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋដែលរស់នៅគ្រប់មូលដ្ឋាន ហេតុនេះទីណាមានប្រជាពលរដ្ឋរស់នៅ ត្រូវមាន ផ្លូវ ប្រព័ន្ធលូ ទឹក ភ្លើងដល់ទីនោះ។
លោកបានថ្លែងបន្តថា មិនថាផ្លូវតូច ឬធំនោះទេមានផ្លូវមានប្រព័ន្ធលូសម្រាប់បញ្ចៀសទឹកជំនន់ ព្រោះទាំងនេះជាសសៃឈាម នៃខឿនសេដ្ឋកិច្ចសម្រាប់ប្រទេសជាតិផង សម្រាប់ប្រជាពលរដ្ឋផង ហើយក៏ធនធាននៃការអភិវឌ្ឍប្រទេសជាតិទៅរកភាពរីកចម្រើន។
លោកអភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា ការដាក់ប្រព័ន្ធលូចំនួន៤១២ម៉ែត្រ រួមទាំងការសាងស់ផ្លូវចំនួន៩ខ្សែនេះក្នុងក្រុង គឺជាគម្រោងវិនិយោគរបស់រដ្ឋបាលខេត្តឆ្នាំ២០១៩ សម្រាប់គម្រោងផ្លូវបេតុងដាក់ប្រព័ន្ធលូប្រចាំឆ្នាំនេះ ត្រូវបានសាងសង់ជាជំហានៗ តាមដំណាក់កាលត្រូវបែងចែកទៅតាមសង្កាត់ផ្សេងៗ ដូចជាផ្លូវប្រព័ន្ធលូរំដោះទឹក ហើយត្រូវឲ្យមានស្តង់ដារតាមបច្ចេកទេស។
លោកសូមឲ្យប្រជាពលរដ្ឋកុំយកសម្រាមបោះចូលក្នុងប្រព័ន្ធលូ នាំឲ្យកកស្ទះធ្វើឲ្យកើតជាទឹកជំនន់។ បើបានផ្លូវល្អប្រើប្រាស់ងាយស្រួល ក្នុងការធ្វើដំណើរហើយសូមចូលរួមថែរក្សាទាំងអស់គ្នា ព្រោះផ្លូវទាំងនេះជារបស់ទាំងអស់គ្នា មិនមែនរបស់បុគ្គលណាម្នាក់ឡើយ។
លោកក៏សូមឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ គួរតែព្រមាន ឬធ្វើការណែនាំដល់ម្ចាស់អាជីវកម្មដឹកដីលក់ កុំឲ្យដឹកហួសការកំណត់ នាំឲ្យខូចខាត់ផ្លូវរបស់រដ្ឋគិតតែផលប្រយោជន៍ខ្លួនឯង។ លោកសូមឲ្យចូលរួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកទេសចរណ៍ ក្នុងដំណើរកម្សាន្តទឹកដីខេត្តកោះកុង៕