(ភ្នំពេញ)៖ ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ សាលាប៊ែលធីអន្តរជាតិ បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិស្សភាសាអង់គ្លេសទូទៅ Level 6 ជំនាន់ទី៥១-៥២ និង Level 12 ជំនាន់ទី៥០ ចំនួន៧៣០នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី១ (ទួលស្លែង) ក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងលោកស្រី។
លោក ចាន់ ទីតា ប្រធាននាយកដ្ឋានភាសាអង់គ្លេសទូទៅ បានឱ្យដឹងថា សាលា ប៊ែលធី អន្តរជាតិ មាន២២សាខា ក្នុងនោះ ២០សាខាកំពុងដំណើរការ និង ២សាខាកំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សាជាង ៤៨,០០០នាក់។ កន្លងមក សាលាក៏មានសិស្សភាសាអង់គ្លេសទូទៅដែលបញ្ចប់ Level 12 ទាំង ៥០ជំនាន់ ចំនួន ៦,២៧៧នាក់ ក្នុងនោះប្រឡងជាប់ «តេស្តអន្តរជាតិ IELTS» ពិន្ទុចាប់ពី ៥.០ឡើងទៅ ចំនួន ៤,៥១៩នាក់ ស្មើនឹង ៧១.៩៩%។
កម្មវិធីភាសាអង់គ្លេសទូទៅ (ESL Program) ត្រូវបានរៀបចំឡើង យ៉ាងសម្រិតសម្រាំង លើគ្រប់មុខវិជ្ជា ដោយសិក្សារយៈពេល ៩ឆ្នាំ ចាប់ពី Preschool 1- 6 និង Level 1-12 ។ នៅពេលបញ្ចប់ Level 12 សិស្សត្រូវប្រឡងតេស្តអន្តរជាតិ «IELTS» និងត្រូវទទួលបានវិញ្ញាបនបត្រពីរ ចំពោះសិស្សបានពិន្ទុចាប់ពី ៥.០ ឡើងទៅគឺ វិញ្ញាបនបត្រចេញដោយប៊ែលធី (BELTEI ESL Diploma) និងវិញ្ញាបនបត្រតេស្តអន្តរជាតិ «IELTS» ចេញដោយក្រុមប្រឹក្សាភាសាអង់គ្លេស (British Council) នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ ចំពោះសិស្សដែលបានពិន្ទុពី ៧.៥ ឡើងទៅនឹងទទួលបានអាហារូបករណ៍ឧកញ៉ា លី ឆេង ទៅសិក្សានៅក្រៅប្រទេសផងដែរ។
ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង បានថ្លែងកោតសរសើរចំពោះក្មួយៗ ដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃ មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិរហូតទទួលជោគជ័យនាពេលនេះ ។ លោកបណ្ឌិត បានលើកឡើងថា ភាសាអង់គ្លេស គឺជាភាសាអន្តរជាតិមួយ ដែលត្រូវបានគេនិយាយយ៉ាងទូលំទូលាយ នៅទូទាំងសកលលោក ហើយអ្នកដែលមានសមត្ថភាពនឹងមានអាទិភាព ក្នុងការសម្រេចជោគជ័យនូវរាល់កិច្ចការងារផ្សេងៗ។
លោកបណ្ឌិត បានបន្ថែមថា បច្ចុប្បន្នភាសាអង់គ្លេស បានដើរតួនាទីយ៉ាងសំខាន់ សម្រាប់សិស្ស-និស្សិតកម្ពុជា ក្នុងការប្រកួតប្រជែងដណ្តើមទីផ្សារការងារ ជាមួយបណ្តាយុវជនទាំងក្នុងតំបន់អាស៊ាន និងពិភពលោក ជាពិសេសដើរទាន់នូវការរីកចម្រើន ផ្នែកបច្ចេកវិទ្យាសម័យបដិវត្តឧស្សាហកម្មជំនាន់ ៤.០ ។ ជាមួយគ្នានេះដែរ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បាននិងកំពុងបណ្តុះបណ្តាល លើពីរកម្មវិធីសិក្សាគឺ កម្មវិធីសិក្សាជាភាសាជាតិ និងអន្តរជាតិ ។
កម្មវិធីសិក្សាជាភាសាជាតិ បង្រៀនជាពីរភាសាគឺ ខ្មែររួមជាមួយអង់គ្លេស និងកម្មវិធីសិក្សាអន្តរជាតិ បង្រៀនជាភាសាអង់គ្លេស ១០០% ដោយរួមមាន ថ្នាក់បំប៉នភាសាអង់គ្លេស ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលធ្វើឱ្យនិស្សិតប៊ែលធីមានជំនាញវិជ្ជាជីវៈច្បាស់លាស់ និងចំណេះដឹងយ៉ាងទូលំទូលាយ។
ជាទីបញ្ចប់ លោកបណ្ឌិត ប្រធានគណៈអធិបតីបានចូលរួមអបអរសាទរ និងប្រគល់វិញ្ញាបនបត្រដល់សិស្សជ័យលាភីទាំង ៧៣០នាក់ នាពេលនោះផងដែរ៕