(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ឬហៅម្យ៉ាងទៀតថា ច្បាប់ថវិកាជាតិឆ្នាំ២០២០ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ សម្រេចអនុម័តទាំងស្រុងហើយ។
១៖ ស្ថានភាពសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២០
តាមការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានក្នុងអត្រា៦.៥ភាគរយ ដែលកំណើននេះមានការថមថយ បើធៀបទៅនឹងកំណើនឆ្នាំ២០១៩ ដែលត្រូវបានប៉ាន់ស្មានថា អាចសម្រេចបាន៧.១ភាគរយ ដែលធ្វើឲ្យផ.ស.ស (GDP) ថ្លៃបច្ចុប្បន្នឆ្នាំ២០២០ ស្ថិតនៅក្នុងរង្វង់១១៩,០៣៤,២២៩លានរៀល សមមូលនឹងប្រមាណ២៩,៣៦២លានដុល្លារអាមេរិក ហើយផ.ស.ស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងកើនឡើងដល់១,៨១៦ ដុល្លារអាមេរិកធៀបនឹង១,៦៧៩ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។
កំណើនសេដ្ឋកិច្ច៦.៥%នេះ ត្រូវបានទ្រទ្រង់ដោយវិស័យ៣សំខាន់ៗរួមមាន៖ កំណើននៃវិស័យឧស្សាហកម្ម, កំណើនវិស័យសេវាកម្ម និងកំណើនវិស័យកសិកម្ម ខណៈ អត្រាអតិផរណាមធ្យមប្រចាំឆ្នាំត្រូវបានប៉ាន់ស្មានថា ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ក្នុងអត្រា២.៩ភាគរយក្នុងឆ្នាំ២០២០។
២៖ ស្ថានភាពថវិកាជាតិ
ចំណូលក្នុងប្រទេសថវិការដ្ឋ ឬថវិកាជាតិ ត្រូវបានគ្រោងចំនួន ២៦,៣៣៦,៤៤៣លានរៀល (៦៤៩៦លានដុល្លារ) ស្មើនឹង២២.១៣% នៃផ.ស.ស និងមានកំណើន២៤.៣% ធៀបនឹងច្បាប់ឆ្នាំ២០១៩ ចំណែកឯចំណាយសរុបថវិការដ្ឋ ឬថវិកាជាតិ ត្រូវបានគ្រោងចំនួន ៣៣,៣៣៩,៦៣៣លានរៀល (៨២២៣លានដុល្លារ) ស្មើនឹង២៨.០១% នៃផ.ស.ស និងមានកំណើន ២២.៧% ធៀបនឹងច្បាប់ឆ្នាំ ២០១៩។
ជាលទ្ធផល អតិរេកថវិកាចរន្ត អាចរក្សាបានក្នុងកម្រិតប្រមាណ ៥.៣១% នៃផ.ស.ស នៅឆ្នាំ២០២០ និងមានឱនភាពថវិកាសរុបស្មើនឹង-៥,៨៨% នៃ ផ.ស.ស ស្របតាម គោលនយោបាយវិត្ថារកម្មថវិកា (Stimulus Budget)។ ឱនភាពនេះ ត្រូវបានបំពេញបន្ថែមដោយហិរញ្ញប្បទាន ក្រៅប្រទេសក្នុងទំហំ ៥.០៩% នៃផ.ស.ស, មូលនិធិទ្រទ្រង់ថវិកាប្រមាណ ០.២១% នៃផ.ស.ស និងប្រាក់បញ្ញើរាជរដ្ឋាភិបាលក្នុងទំហំ០.៥៩% នៃផ.ស.ស ស្មើនឹង ៧០០,០០០លានរៀល ឬសមមូលនឹង១៧៣ លានដុល្លារអាមេរិក ដែលត្រូវបានគ្រោងយកមកប្រើប្រាស់ ដើម្បីត្រៀមលក្ខណៈអនុវត្តវិធានការឆ្លើយតបនឹងផលប៉ះពាល់ នៃភាពមិនច្បាស់លាស់ ពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ជាមួយដៃគូមួយចំនួន។
៣៖ ចំណូលថវិកាជាតិ
រាជរដ្ឋាភិបាលត្រូវបង្កើនចំណូលសរុបថវិការដ្ឋ ឬ ចំណូលសរុបថវិកាជាតិ ឱ្យស្មើនឹង ៣២,៦៣៩,៦៣៣លានរៀល (ស្មេីនឹងចំណូលក្នុងប្រទេសថវិការដ្ឋ ២៦ ៣៣៦ ៤៤៣ លានរៀល + ចំណូលមូលធនក្រៅប្រទេស ៦ ៣០៣ ១៩០លានរៀល) ស្មើប្រមាណ៨០៥១លានដុល្លា ក្នុងនោះចំណូលចរន្ដថ្នាក់ជាតិឱ្យស្មើនឹង ២៣,៨៩៩,៣២៤លានរៀល (ដែលរួមមានចំណូលសារពើពន្ធ ២១,០៩១,១៤៥លានរៀល និងចំណូលមិនមែនសារពើពន្ធ ២,៨០៨,១៧៩លានរៀល) ស្មើនឹងប្រមាណ៥៨៩៥លានដុល្លារ។
ដោយឡែកសម្រាប់ចំណូលមូលធនថវិការដ្ឋត្រូវបានគ្រោងចំនួន ៦,៤៩៦,៥៣១លានរៀល (ស្មើនឹងប្រមាណ១៦០០លានដុល្លារ) ត្រូវជា៥.៤៦% នៃផ.ស.ស គឺមានកំណើន១២.៧% ធៀបនឹងច្បាប់ឆ្នាំ២០១៩ ក្នុងនោះចំណូលមូលធន ដោយហិរញ្ញប្បទានពីក្រៅប្រទេសស្មើនឹងប្រមាណជិត១៩% នៃចំណាយថវិការដ្ឋសរុបឆ្នាំ២០២០ប៉ុណ្ណោះ។
៤៖ ចំណាយថវិកាជាតិ
សម្រាប់ឆ្នាំ២០២០ ចំណាយសរុបថវិការដ្ឋ ឬចំណាយសរុបថវិកាជាតិ ត្រូវបានគ្រោងចំនួន៣៣,៣៣៩,៦៣៣លានរៀល ស្មើនឹងប្រមាណ៨២២៣លានដុល្លារ ត្រូវជា២៨.០១% នៃផ.ស.ស គឺមានកំណើន២២.៧% ធៀបនឹងច្បាប់ឆ្នាំ២០១៩ ដែលក្នុងនោះ ១៖ ចំណាយចរន្តថវិការដ្ឋមានចំនួន១៩,៨១៨,៣០៦លានរៀល ស្មើនឹង៤៨៨៨លានដុល្លារ ត្រូវជា១៦.៦៥% នៃផ.ស.ស គឺមានកំណើន១០.៧% ធៀបនឹងច្បាប់ឆ្នាំ ២០១៩ និង ២៖ ចំណាយមូលធនថវិការដ្ឋមានចំនួន ១៣,៥២១,៣២៧លានរៀល ស្មើនឹងប្រមាណ៣៣៣៥លានដុល្លារ ត្រូវជា១១.៣៦% នៃផ.ស.ស គឺមានកំណើន៤៦.១% ធៀបនឹងច្បាប់ឆ្នាំ២០១៩។
* គម្រោងចំណាយថ្នាក់ជាតិ
ថវិកាឆ្នាំ២០២០ មានទិសដៅជាយុទ្ធសាស្ដ្រកំណត់ចំណាយថវិកាថ្នាក់ជាតិឱ្យស្ថិតក្នុងកម្រិតចំនួន៣១,០៩៥,៨៥៥លានរៀល ត្រូវជា២៦.១២% នៃផ.ស.ស គឺមានកំណើន ២០.៧%ធៀបនឹងច្បាប់ឆ្នាំ ២០១៩ ដែលក្នុងនោះ ចំណាយចរន្តថ្នាក់ជាតិ មានចំនួន ១៨,០៣៦,៨៨៤លានរៀល និងចំណាយមូលធនថ្នាក់ជាតិមានចំនួន ១៣,០៥៨,៩៧១ លានរៀល។
- ចំណាយលើបន្ទុកបុគ្គលិក (ប្រាក់ខែ) ត្រូវបានគ្រោងចំនួន ៨,៥៣៩,៧៥២លានរៀល (ប្រហែល២១០០លានដុល្លារ) សម្រាប់ (១)៖ ការដំឡើងបៀវត្សមូលដ្ឋានក្នុងអត្រា ៧,០% តាមតម្លៃឯកតាសន្ទស្សន៍ ២,៥០០រៀល ដោយអនុវត្តន៍ចាប់ពីខែមករា ឆ្នាំ២០២០, (២)-ការដំឡើងប្រាក់បំណាច់មុខងារនឹងត្រូវ អនុវត្តចាប់ពីខែមេសា ឆ្នាំ២០២០ ដោយផ្តល់បន្ថែម ៣០,០០០ រៀល ជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលមានប្រាក់បំណាច់មុខងារក្នុងកម្រិតក្រោម ៩៦០,០០០រៀល និង ចាប់ពីកម្រិត ៩៦០,១០០រៀល ដល់១,១១០,០០០ រៀល នឹងផ្តល់បន្ថែមចំនួន ២០,០០០ រៀល, (៣)៖ ការដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់មន្រ្តីជាប់កិច្ចសន្យា ពី ៦៥០,០០០ រៀល ទៅដល់ ៦៧០,០០០ រៀល ដោយអនុវត្តន៍ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២០។
- ចំណាយមិនមែនបន្ទុកបុគ្គលិក (ការទិញទំនិញ ការទិញសេវាផ្សេងៗ ប្រាក់បេសកកម្ម ប្រជុំ ស្រាវជ្រាវ សងការប្រាក់ជាដើម) ត្រូវបានគ្រោងចំនួន ៩,៤៩៧,១៣២លានរៀល (ប្រមាណ២៣៤០លានដុល្លារ) មានសមាមាត្រ ស្មើនឹង៥២.៦៥% នៃចំណាយចរន្ដថវិកាថ្នាក់ជាតិ ត្រូវជា៧.៩៨% នៃផ.ស.ស គឺមានកំណើន៥.៩% ធៀបនឹងច្បាប់ឆ្នាំ ២០១៩, ហើយត្រូវបានវិភាជដោយផ្អែកលើតម្រូវការ និងអាទិភាពចាំបាច់តាមវិស័យនីមួយៗ ដូចខាងក្រោម៖ វិស័យរដ្ឋបាលទូទៅ, វិស័យការពារជាតិ សន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ, វិស័យសង្គមកិច្ច និងវិស័យសេដ្ឋកិច្ច។
- ចំណាយមូលធនថ្នាក់ជាតិ ត្រូវបានគ្រោងចំនួន ១៣,០៥៨,៩៧១លានរៀល (ស្មើនឹងប្រមាណ៣២២០លានដុល្លារ) មានសមាមាត្រស្មើនឹង៤២% នៃចំណាយថវិកាថ្នាក់ជាតិសរុប ត្រូវជា១០.៩៧% នៃ ផ.ស.ស គឺមានកំណើន ៤៦.១% ធៀបនឹងច្បាប់ឆ្នាំ២០១៩។ គម្រោងវិនិយោគផ្ទាល់ដោយហិរញ្ញប្បទានក្នុងប្រទេស នៅថ្នាក់ជាតិមានកំណើន ១៧០.២% ធៀបនឹងច្បាប់ឆ្នាំ ២០១៩, ហើយត្រូវជា ៤.២២% នៃ ផ.ស.ស គឺដោយសារការគ្រោងប្រើប្រាស់ ក្នុងបរិបទនៃភាពមិនច្បាស់លាស់ ពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ជាមួយដៃគូមួយចំនួន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ និងបង្កើតការងារជូនប្រជាពលរដ្ឋបន្ថែម ដោយដាក់ចេញនូវវិធានការអន្តរាគមន៍ ដើម្បីស្រូបយកការប៉ះទង្គិចរយៈពេលខ្លី, ដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ, ពង្រឹងភាពធន់នឹងវិបត្តិលើផ្នែក ម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ ព្រមទំាងបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃស្ថាប័នសាធារណៈ។
* ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ
គម្រោងចំណូល-ចំណាយរបស់រដ្ឋបាលរាជធានី-ខេត្ដ ក្រុង-ស្រុក និងឃុំ-សង្កាត់ខាងលើ បានធ្វើឱ្យមានឱនភាពថវិកាចំនួន ១,០៨៥ ៤៥៨លានរៀល (ស្មើនឹងប្រមាណ២៦៧លានដុល្លារ) ត្រូវជា០.៩១% នៃ ផ.ស.ស ដែលត្រូវបានគ្រោងឧបត្ថម្ភដោយថវិកាថ្នាក់ជាតិ ដែលការឧបត្ថម្ភនេះមានកំណើន ៣៥.៧% ធៀបនឹងច្បាប់ឆ្នាំ ២០១៩ ក្នុងនោះ (១)-ឧបត្ថម្ភរាជធានី-ខេត្ត ចំនួន ៤៧,០២៤ លានរៀល, (២)-ឧបត្ថម្ភមូលនិធិក្រុង-ស្រុក ចំនួន ២៣៥ ១១៧ លានរៀល មានកំណើន ២២.៤% ធៀបនឹងច្បាប់ឆ្នាំ ២០១៩ និង (៣)-ឧបត្ថម្ភមូលនិធិឃុំ-សង្កាត់ ចំនួន៦០៧,៣៨៦ លានរៀល មានកំណើន ១៦.០% ធៀបនឹងច្បាប់ឆ្នាំ ២០១៩ និងមូលនិធិអភិវឌ្ឍន៍ឃុំ-សង្កាត់ ចំនួន១៩៥,៩៣១លានរៀល ដែលជាការផ្ទេរធនធានបន្ថែមពីថវិការដ្ឋចំនួន ១% ក្នុង១ឆ្នាំ នៃចំណូលចរន្តថ្នាក់ជាតិជូនរដ្ឋបាលឃុំ-សង្កាត់ សម្រាប់ចំណាយអភិវឌ្ឍមូលដ្ឋានចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៣។
ការឧបត្ថម្ភធនបន្ថែមនេះ នឹងធ្វើឱ្យទំហំមូលនិធិអភិវឌ្ឍឃុំ-សង្កាត់ នឹងកើនឡើងទ្វេដងនៅឆ្នាំ ២០២០ ពីប្រមាណ៣៥,០០០ ដុល្លារអាមេរិក ជាមធ្យមក្នុង១ ឆ្នាំ ទៅប្រមាណជាង ៧០,០០០ ដុល្លារអាមេរិកជាមធ្យមក្នុង១ឆ្នាំ។
៥៖ កម្ពុជាអាចខ្ចីបរទេសជិត២ពាន់លានដុល្លារ ខណៈបំណុលសរុបមានជាង៧ពាន់លានដុល្លារ
នៅឆ្នាំ២០២០ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជាអាចខ្ចីលុយបរទេសបានប្រមាណ ១៤០០លានSDR (ជាខ្នាតកណ្ដាលមួយ សម្រាប់វាយតម្លៃនៃលុយ) ស្មើនឹងជិត២ពាន់លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់ការអភិវឌ្ឍនៅកម្ពុជា ខណៈបំណុលសរុបជាង៧ពាន់លានដុល្លារ។
ប្រាក់កម្ចីនេះ ប្រើសម្រាប់យកទៅអភិវឌ្ឍលើវិស័យសំខាន់មួយចំនួនដូចជា ថាមពល ធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអាទិភាពមួយចំនួនទៀតដូចជា៖ គម្រោងក្នុងវិស័យកសិកម្ម សុខាភិបាល ការផ្គត់ផ្គង់ទឹកស្អាត ហិរញ្ញវត្ថុបណ្តុះបណ្តាលវិជ្ជាជីវៈ និងអប់រំ។
កម្ចីនេះផ្តល់លទ្ធភាពឱ្យរាជរដ្ឋាភិបាលចុះហត្ថលេខាខ្ចីប្រាក់ពីប្រទេសជាមិត្ត និងអង្គការដៃគូអភិវឌ្ឍន៍អនុវត្តលើគម្រោងសំខាន់ៗចំនួន២៩គម្រោង ក្នុងចំណោមគម្រោងសរុបចំនួន៣២។ គម្រោងដែលនឹងត្រូវចុះហត្ថលេខាទទួលកម្ចីនោះរួមមាន៖ ធនាគារពិភពលោកចំនួន៣គម្រោង, ធនាគារអភិវឌ្ឍន៍អាស៉ីចំនួន៧គម្រោង, ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ចំនួន១គម្រោង, សាធារណរដ្ឋប្រជាមានិតចិនចំនួន៨គម្រោង, ប្រទេសជប៉ុនចំនួន២គម្រោង, សាធារណរដ្ឋកូរ៉េចំនួន៣គម្រោង, សាធារណរដ្ឋបារាំងចំនួន៣គម្រោង, ព្រះរាជាណាចក្រថៃចំនួន១គម្រោង និងសាធារណរដ្ឋឥណ្ឌាចំនួន១គម្រោង។
ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានបញ្ជាក់ថា ថវិកាឆ្នាំ២០២០ ត្រូវបានរៀបចំក្រោមការគិតគូរ ប្រកបដោយភាពប្រយ័ត្នប្រយែង និងត្រូវបានវិភាជ សម្រាប់អនុវត្តសកម្មភាពដែលឆ្លើយតបនឹងអាទិភាពគោលនយោបាយធំៗ របស់រាជរដ្ឋាភិបាល និងតម្រូវការចាំបាច់ជាមូលដ្ឋានរបស់ក្រសួង-ស្ថាប័ននានា ជាពិសេសសម្រាប់ការអនុវត្ត ឲ្យចេញជាលទ្ធផលជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ព្រមទាំងផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ របស់រាជរដ្ឋាភិបាលដែលជាមាគ៌ារយៈពេលមធ្យម ដើម្បីឈានទៅសម្រេចបាននូវបំណងប្រាថ្នា រយៈពេលវែងរបស់ប្រជាជនកម្ពុជា។
ក្រសួងសេដ្ឋកិច្ចជឿជាក់ថា ថវិកាឆ្នាំ២០២០ នឹងដើរតួនាទីជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយ ក្នុងការជួយឲ្យរាជរដ្ឋាភិបាល អាចឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យទាំងក្នុង និងក្រៅប្រទេស ហើយក៏ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជន ក៏ដូចជាជួយឲ្យកម្ពុជា អាចសម្រេចបុព្វហេតុចម្បងៗរបស់ខ្លួន ជាពិសេសការបង្កើនល្បឿននៃការអភិវឌ្ឍ, ការលើកកម្ពស់ ប្រសិទ្ធភាពសេវាសាធារណៈ និងការចូលរួមដោះស្រាយបញ្ហា ជាច្រើនទៀតរបស់ជាតិ និងប្រជាជន ដែលស្តែងឡើងតាមរយៈការបន្តដំឡើងប្រាក់បៀវត្ស ជូនមន្ត្រីរាជការទូទៅឲ្យកាន់តែខ្ពស់ជាង១លានរៀល ក្នុងឆ្នាំ២០២០ និងការបង្កើនការផ្តល់នូវមធ្យោបាយ និងធនធានសមស្របដល់ក្រសួង-ស្ថាប័ន ដើម្បីបំពេញភារកិច្ចរបស់ខ្លួន ស្របតាមទិសដៅនៃការកែទម្រង់ស៊ីជម្រៅ ឲ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងបន្តគាំទ្រការវិនិយោគចាំបាច់នានា ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច។
ក្រសួងសេដ្ឋកិច្ចបានសង្កត់ធ្ងន់ថា ថវិកាឆ្នាំ២០២០ គឺត្រូវបានរៀបចំឡើងតាមគោលនយោបាយវិត្ថារកម្មថវិកា ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើមនុស្ស និងការកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិបាលកិច្ចជាស្នូលហើយអាចប្រសិទ្ធនាមបានថាជា «ថវិកាយុទ្ធសាស្រ្តនៃការផ្ដួបកម្លាំងសរុប ដើម្បីទប់ទល់នឹងបញ្ហាប្រឈម និងហានិភ័យទាំងក្នុង និងក្រៅប្រទេស តាមរយៈការពង្រឹងសមត្ថភាពផ្ទៃក្នុង ដោយជំរុញឲ្យបានខ្លាំងក្លានូវការកែទម្រង់ស៊ីជម្រៅ និងមុតស្រួច ដើម្បីធានាសុខសន្តិភាព ស្ថិរភាព និងចីរភាពនៃកំណើនសេដ្ឋកិច្ច សំដៅលើកកម្ពស់សុខុមាលភាពជូនប្រជាជន លើមាគ៌ាឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ ២០៣០ និងឆ្នាំ២០៥០»៕