(កំពង់ស្ពឺ)៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបរសេដ្ឋ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយ ស្រុកបរសេដ្ឋ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយ ទី៣៣ នៅព្រឹកថ្ងៃសៅរ៍ ១៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៩។
ពិធីនេះមានការចូលរួមពីលោក យឹម សុខុម សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រធានគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ព្រមទាំងអស់លោកជា ប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះជួយស្រុក ឃុំ គណៈកម្មាធិការគណបក្សស្រុកបរសេដ្ឋ និងសិក្ខាកាមចំនួន១២០នាក់។
បន្ទាប់ពីស្តាប់របាយការណ៍របស់លោកប្រធានស្តីទីគណបក្សស្រុករួចមក, លោកទេសរដ្ឋមន្ត្រី បានថ្លែងនូវការអបអរសាទរចំពោះសិក្ខាកាមដែលមកទទួលការអប់រំ នយោបាយគណបក្សនៅ ពេលនេះ។ លោកបានបញ្ជាក់ថា សិក្ខាកាមទាំង ១២០នាក់ដែលកំពុងចូលរួមវគ្គអប់រំនេះ គឺជាសកម្មជនប្រយុទ្ធរបស់គណបក្សយើង។ ការដែលសិក្ខាកាមយល់ដឹងពីប្រវត្តិរបស់គណបក្ស នាំឱ្យស្គាល់ពីប្រវត្តិនៃការខិតខំ និងការតស៊ូរបស់គណបក្ស។
ជាមួយគ្នានេះ ទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «ការកាន់អំណាចរបស់គណបក្សយើង គឺផ្អែកលើការគាំទ្ររបស់ប្រជាជន បម្រើផលប្រយោជន៍ប្រជាជន ការគោរពនីតិរដ្ឋ ឈរលើមូលដ្ឋានរក្សាសន្តិភាព និងការអភិវឌ្ឍ។ យើងបម្រើប្រជាជន ដោយការកសាងសុវត្ថិភាព សន្តិភាព និងមិនអនុញ្ញាតឱ្យមានចលាចលខ្វះសណ្តាប់ធ្នាប់ឡើយ»។
លោកក៏បានសង្កត់បញ្ជាក់ថា «បើគ្មានសន្តិភាពកុំនិយាយពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍ។ យើងក៏យកព្រំដែនរបស់យើងឱ្យក្លាយជាព្រំដែនសន្តិភាព និងការអភិវឌ្ឍ។ វិធីដែលល្អគឺថែរក្សាភាពសុខដុមរមនាជាមួយប្រទេសជិតខាង។ យើងកសាងព្រំដែននៃការអភិវឌ្ឍសេដ្ឋកិច្ច និងជាព្រំដែនអ្នកជិតខាងល្អ។ ការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការបោះបង្គោលព្រំដែន ជាការងារនៃការបញ្ជាក់ពីព្រំប្រទល់ពិតបា្រកដ ដើម្បីកុំឱ្យមានការរំលោភពីប្រទេសជិតខាង។ យើងបោះបង្គោលព្រំដែនបាន៨៤% ជាមួយប្រទេសវៀតណាមហើយ។ បង្គោលព្រំដែនដែលភាគីកម្ពុជា-វៀតណាម ទទួលស្គាល់មាន៨៤% ហើយ ដូច្នេះនៅសល់១៦%ទៀតដែលយើងត្រូវចរចា និងធ្វើបន្ត»។
លោកក៏បានបន្តថា សម រង្ស៊ី មិនគោរពរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដោយប្រមាថព្រះមហាក្សត្រ និងបំផុសប្រជាជនឱ្យព័ទ្ធផ្ទះមេភូមិ ព័ទ្ធប៉ុស្តិ៍ ប៉ូលីស។ យើងឃើញថា សម រង្ស៊ី បានវាយតម្លៃខុស នាំឱ្យប្រកាន់គោលនយោបាយខុស។
លោកថា ការវាយតម្លៃខុសនោះរួមមាន៖
*ទី១៖ ពីមុនគេថាស្រុកខ្មែរជាស្រុកយួន ឥឡូវថាជាស្រុកចិន
*ទី២៖ គេថា អ្នកមានអំណាចរំលោភជិះជាន់ប្រជាជន
*ទី៣៖ គេថា ខ្មែរកាន់តែក្រទៅៗ។ ដូចយើងបានដឹង ក្នុងពិភពលោករបបណាក៏ដោយ បើគ្មានការគាំទ្ររបស់ប្រជាជនមិនអាចរស់បានទេ។ បើនិយាយពីរឿងក្រ ឆ្នាំ១៩៧៩ យើងក្រទាំងអស់គ្នា។ ឥឡូវយើងមានមាស ៣០តោនតម្កល់នៅក្នុង និងក្រៅប្រទេស។ ពួកប្រឆាំងយករឿងជំពាក់ធនាគារមកនិយាយថាជាភាពក្រីក្រ។ ប៉ុន្តែលើពិភពលោកនេះ អាមេរិកជំពាក់លុយគេច្រើនជាងគេ។ ឯសិង្ហបុរីជំពាក់លុយគេច្រើនជាងគេនៅអាស៊ាន។
មុននឹងបញ្ចប់ លោកទេសរដ្ឋមន្ត្រីបានបន្តថា ជម្រើសរបស់បក្សប្រឆាំងពេលនេះមានតែ ២ទេគឺ
*ទី១៖ ដើរតាមគន្លងប្រជាធិបតេយ្យ ដោយថ្នាក់ដឹកនាំខ្លួនអាចសុំសិទ្ធិធ្វើនយោបាយ ហើយមកចូលរួមក្នុងការបោះឆ្នោត
*ទី២៖ ធ្វើដូច សម រង្ស៊ី (អនុវត្តឧបាយកលធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់) នោះពេលចូលមកនឹងជាប់គុកច្រវាក់ គេចមិនផុតទេ។
នៅទីបញ្ចប់ លោកបានសង្កត់បញ្ជាក់ថា ការដែលរាជរដ្ឋាភិបាលចាត់វិធានការនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំជាការត្រឹមត្រូវ។ ដូច្នេះអ្នកដែលជ្រុលខ្លួនចូលរួម មកសារភាពអាចនឹងរួចខ្លួន៕