(ស្វាយរៀង)៖ អតីតក្រុមប្រឹក្សាអតីតគណបក្សសង្គ្រោះជាតិម្នាក់ និងបណ្តាញក្រុមឧទ្ទាមក្រៅច្បាប់ ២នាក់ទៀត នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង បានចូលសារភាព និងសុំរួមរស់ជីភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានប្រកាសថា ពួកគេនឹងមិនដើរតាមផែនការក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី ទៀតនោះឡើយ ដែលនាំឲ្យប្រទេសជាតិធ្លាក់ទៅរកភ្លើងសង្គ្រាម។
ពួកគេទាំង៣នាក់ ដែលបានភ្ញាក់ខ្លួន និងចាកចេញពីផែនការក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី រួមមាន៖
*ទី១៖ លោក សេក សាវឿន អាយុ៣៥ឆ្នាំ រស់នៅភូមិទាហានក្រោម សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង អតីតក្រុមប្រឹក្សាសង្កាត់ស្វាយតឿ អតីត CNRP
*ទី២៖ លោក ពៀក វណ្ណា អាយុ៤២ឆ្នាំ រស់នៅភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង សមាជិកក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយទណ្ឌិត សម រង្ស៊ី
*ទី៣៖ លោក អ៊ុង ធឿន អាយុ៥២ឆ្នាំ រស់នៅភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង សមាជិកក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយទណ្ឌិត សម រង្ស៊ី។
ទាំងលោក សេក សាវឿន, លោក ពៀក វណ្ណា និងលោក អ៊ុង ធឿន បានថ្លែងថា ដោយមើលឃើញអំពីក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី បានរៀបចំផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត និងយល់ឃើញពីការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ ទើបលោកទាំង៣នាក់ បានសំរេចចិត្តដោយមិនមានការបង្ខិតបង្ខំអ្វីឡើយ គឺចូលសារភាពដោយស្ម័គ្រចិត្ត និងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី បានប្រកាសវិលចូល ប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ក្នុងគោលបំណងធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ក្រោយប្រកាសវិលចូលប្រទេស លោកបានអំពាវនាវឱ្យកងទ័ពផ្តាច់ខ្លួនពីរាជរដ្ឋាភិបាលទៅចុះចូលជាមួយខ្លួន ដោយប្រកាសថានឹងផ្តល់ថវិកាលើកទឹកចិត្តដល់ពួកគេ មិនតែប៉ុណ្ណោះ មេដឹកនាំក្រុមឧទ្ទាមថែមទាំងអំពាវនាវប្រឆាំងរដ្ឋធម្មនុញ្ញ ដោយបង្គាប់ឱ្យព្រះមហាក្សត្រដាក់រាជ្យ ដើម្បីរំលាយរបបរាជានិយមថែមទៀតផង។
សាររបស់ឧក្រិដ្ឋជន សម រង្ស៉ី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម។
ជាមួយគ្នានេះ ស្ថាប័នមានសមត្ថកិច្ច បានព្រមានថា អ្នកចូលរួម និងគាំទ្រ ដល់ផែនការរដ្ឋប្រហាររបស់ លោក សម រង្ស៉ី នឹងត្រូវផ្តន្ទាទោសទៅតាមច្បាប់ពីបទ «រួមគំនិតក្បត់» ដែលប្រឈមនឹងការដាក់ពន្ធនាគារពី១៥ រហូតដល់៣០ឆ្នាំ។ ទោះជាយ៉ាងនេះក្តី សម្រាប់អ្នកដែលចូលសារភាព ទទួលស្គាល់កំហុស នឹងត្រូវអនុញ្ញាតឱ្យរួចទោសឡើងវិញ៕