(ភ្នំពេញ)៖ ក្រុមជនទុច្ចរិតប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា បានព្យាយាមបង្កើតគណនេយ្យ Facebook ក្លែងក្លាយជាច្រើន ដោយភ្ជាប់ជាមួយរូបថតរបស់ថ្នាក់ដឹកនាំជាតិ និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូប ហើយធ្វើសកម្មភាពបង្ហោះនូវសារផ្សេងៗប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។
សកម្មភាពទាំងនេះ ត្រូវបានគេមើលឃើញថា ក្រុមជនទុច្ចរិត មានចេតនាឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ និងញុះញង់ចង់ឱ្យមានការបែកបាក់ក្នុងជួររាជរដ្ឋាភិបាល ក៏ដូចជាក្នុងកងកម្លាំងប្រដាប់អាវុធ ដើម្បីសម្រេចមហិច្ឆតាពិសពុលរបស់ពួកគេក្នុងការបង្កភាពវឹកវរនៅក្នុងសង្គម។
នៅពេលនេះក្រុមជនទុច្ចរិតទាំងនេះ បានបង្កើតគណនេយ្យ Facebook មួយឈ្មោះ «ខ្មែរ សរ» ដោយយករូបភាពនាយឧត្តមសេនីយ៍ ណុប រតនា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំអគ្គបញ្ជាការ ទៅបង្ហោះសារបង្ហាញពីទង្វើក្បត់ជាតិក្នុងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល របស់ក្រុមជនក្បត់ជាតិ សម រង្ស៉ី និងបក្ខពួក។
ឧត្តមសេនីយ៍ទោ ឈុន ហុង អ្នកនាំពាក្យរបស់បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ បានចេញមកច្រានចោល និងបញ្ជាក់ថា គណនេយ្យ Facebook មានឈ្មោះ «ខ្មែរ សរ» មិនមែនជាគណនេយ្យរបស់នាយឧត្តមសេនីយ៍ ណុប រតនា នោះឡើយ។ អ្នកនាំពាក្យរូបនេះ អំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរ និងអ្នកលេងបណ្តាញសង្គម Facebook កុំមានការភ័ន្តច្រឡំ។
ឧត្តមសេនីយ៍ទោ ឈុន ហុង បានអំពាវនាវទៅដល់អាជ្ញាធរមានសមត្ថកិច្ចតាមវែកមុខរកជនទុច្ចរិតបង្កើតគណនេយ្យ Facebook ដោយភ្ជាប់រូបភាពនាយឧត្តមសេនីយ៍ ណុប រតនា មកផ្តន្ទាទោសឱ្យបានធ្ងន់ធ្ងរបំផុតទៅតាមច្បាប់៕
ឧត្តមសេនីយ៍ទោ ឈុន ហុង អ្នកនាំពាក្យរបស់បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ