(ភ្នំពេញ)៖ ស្ត្រីជើងខ្លាំងម្នាក់ បានបើករថយន្តមិនប្រក្រតីមានស្លាកលេខមុខ អត់ស្លាកលេខក្រោយ បានបើកបុកបារ៉ាស់នគរបាលចរាចរណ៍ផ្លូវគោក ដែលកំពុងរឹតបន្តឹងនៅលើដងផ្លូវ។ ហេតុការណ៍ ដែលនាំឲ្យអ្នកដំណើរផ្សេងទៀតឈប់ម៉ូតូ និងរថយន្តមើលផងនោះ បានកើតឡើងនៅវេលាម៉ោង ៨៖៤០នាទីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នៅកន្លែងរឹតបន្តឹងច្បាប់ចរាចរណ៍ក្រោមស្ពានអាកាស ៧មករា តាមបណ្ដោយផ្លូវលេខ៥៩៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចដែលកំពុងឈរនៅគោលដៅរឹតបន្តឹងនោះបានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានឃាត់រថយន្តមួយគ្រឿងម៉ាក PORCHES ពណ៌ចំរុះ ពាក់ស្លាក លេខភ្នំពេញ 2AO-6366 មានស្លាកលេខខាងមុខ អត់ខាងក្រោយ បើកបរដោយស្ត្រីវ័យចំណាស់ម្នាក់ និងរួមដំណើរជាស្រ្តីម្នាក់ទៀត តាមបណ្ដោយផ្លូវ៥៩៨ មកដល់កន្លែងកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់រថយន្តនោះដើម្បីធ្វើការសាកសួរ។ ប៉ុន្តែស្រ្តីចំណាស់នោះមិនបានឈប់ ថែមទាំងបើកបុកបារ៉ាស់សមត្ថកិច្ចរត់ប្រហែល ៣០០ម៉ែត្រ ទើបឈប់ឲ្យធ្វើការសាកសួរ។
បើតាមសំដីរបស់ស្រ្តី បើកបរបានប្រាប់ឲ្យដឹងថា គាត់បានបើករថយន្តដោយមិនបានពាក់ខ្សែក្រវ៉ាត់ ដោយឃើញមានសមត្ថកិច្ច ហើយគាត់ក៏បានយកខ្សែក្រវ៉ាត់មកគៀបនឹងក្លៀក តែសមត្ថកិច្ចនៅតែឃាត់គាត់ទៀត ហើយគាត់បើករថយន្តបន្តទៅមុខ ប៉ុន្តែសមត្ថកិច្ចបានយកបារ៉ាស់មកដាក់ពីមុខរថយន្តរបស់គាត់ទើបគាត់បុកតែម្ដង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ និងនាំយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើសាកសួរ និងយកឯកសារពាក់ព័ន្ធរថយន្តដើម្បីធ្វើការផាកពិន័យ៕
យោងតាមសេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការចាប់ផ្តើមផាកពិន័យចំពោះយានយន្ត ទោចក្រ-ត្រីចក្រយានយន្តណា ដែលធ្វើចរាចរណ៍ដោយគ្មានស្លាកលេខ និងពាក់ស្លាកលេខមិនប្រក្រតី ត្រូវធ្វើឡើងចាប់ពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ក្រោយទទួលបានការណែនាំពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ក្រោមការណែនាំនេះ កម្លាំងនគរបាលចរាចរផ្លូវគោក និងអធិការខណ្ឌទាំង១៤ បានចាប់ផ្តើមឃាត់ទុកបណ្តោះអាសន្ន និងផាកពិន័យទៅតាមច្បាប់កំណត់ ចំពោះយានយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្តទាំងឡាយណា ដែលធ្វើចរាចរណ៍ដោយគ្មានស្លាកលេខ ឬពាក់ស្លាកលេខមិនប្រក្រតី។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមសហការគោរពច្បាប់ ដោយយកយានយន្តទៅធ្វើស្លាកលេខ ដើម្បីកុំឲ្យខាតពេលវេលា និងចៀសផុតពីការផាកពិន័យ៕