(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តទៅលើយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស (CPS) ថ្មីមួយដែលមានរយៈពេល៥ឆ្នាំ ដែលមានកំណត់ចែងអំពីកិច្ចគាំទ្ររបស់ស្ថាប័ននេះ ចំពោះគោលដៅរបស់កម្ពុជា ក្នុងការក្លាយខ្លួនជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ត្រឹមឆ្នាំ២០៣០។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែតុលានេះបានបញ្ជាក់ថា ស្ថិតក្រោមយុទ្ធសាស្ត្រ ឆ្នាំ២០១៩-២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ី នឹងផ្តល់ថវិកាចំនួន ១.៤៥ពាន់លានដុល្លារ ក្នុងទម្រង់ជាឥណទានសម្បទាន ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេស សម្រាប់វិស័យ កសិកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ កែលម្អលក្ខខណ្ឌជីវភាពរស់នៅក្នុងតំបន់ទីក្រុង និងតំបន់ជនបទហេដ្ឋារចនាសម្ព័ន្ធថាមពលកកើតឡើងវិញ និងការអភិវឌ្ឍវិស័យអប់រំ និងជំនាញ។ ការគាំទ្រដល់កំណែទម្រង់វិស័យសាធារណៈ និងការកែលម្អសមត្ថភាពស្ថាប័ន នឹងនៅតែបន្តជាការផ្តោតយកចិត្តទុកដាក់ចម្បងរបស់កម្មវិធីធនាគារអភិវឌ្ឍន៍អាស៊ី។ ការផ្តួចផ្តើមទាំងនេះ មានគោលបំណងកែលម្អលទ្ធភាពទទួលបានសេវាកម្ម និង គុណភាពសេវាកម្មសម្រាប់ពលរដ្ឋកម្ពុជា ព្រមទាំងបរិយាកាសធុរកិច្ចផងដែរ។
លោកស្រី Sunniya Durrani-Jamal នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា «យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មីរបស់យើង នឹងគាំទ្រដល់គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតភាពប្រកួតប្រជែង និង ពិពិធកម្មប្រភពដែលជម្រុញឱ្យមានកំណើនសេដ្ឋកិច្ចការជម្រុញឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ការកសាងឱ្យមានភាពធន់ទៅនឹងអាកាសធាតុ និងការពន្លឿនកំណែទម្រង់អភិបាលកិច្ច»។
ADB បានលើកឡើងថា ជាមធ្យមសេដ្ឋកិច្ចរបស់កម្ពុជាបានកើនឡើង ៨.០% ពីឆ្នាំ ១៩៩៩-២០១៨ ដែលធ្វើឱ្យកម្ពុជាក្លាយជា ប្រទេសមួយក្នុងចំណោមបណ្តាប្រទេសនានា ដែលមានការរីកចម្រើនរហ័សបំផុតនៅក្នុងពិភពលោក។ ប្រាក់ចំណូលដុលជាតិក្នុងមួយនាក់ បានកើនឡើងពី ២៩០ ដុល្លារ ក្នុងឆ្នាំ ១៩៩៨ រហូតដល់ ១៣៨០ ដុល្លារក្នុងឆ្នាំ២០១៨។
បើទោះជាដូច្នេះក្តី ក៏នៅតែមានបញ្ហាប្រឈមមួយចំនួន ដោយរាប់បញ្ចូលទាំងភាពក្រីក្រក្នុងចំណោមស្រ្តីជាមេគ្រួសារ ដែលធ្វើឱ្យពួកគេងាយរងគ្រោះជាពិសេសទៅនឹងការងារគ្មានសុវត្ថិភាព។ កិច្ចគាំពារសង្គម នៅមានកម្រិត ហើយភាពរីកចម្រើនខាងផ្នែកសុខភាព អប់រំ និងទិដ្ឋភាពដទៃទៀតនៃការអភិវឌ្ឍមនុស្ស នៅតែបន្តមានភាពផុយស្រួយនៅឡើយ។ លទ្ធភាពទទួលបានបរិក្ខាអនាម័យ នៅស្ថិតក្រោមកម្រិតមធ្យមភាគនៅឡើយ សម្រាប់បណ្តាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។
កម្ពុជាក៏ជួបប្រទះបរិយាកាសពាណិជ្ជកម្មសកលដែលគ្មានភាពប្រាកដ្ឋប្រជា ព្រមទាំងកំណើននៃការប្រកួតប្រជែងក្នុងតំបន់ផងដែរ។ កិច្ចខិតខំក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចទៅក្នុងវិស័យសេវាកម្ម និង កម្មន្តសាល បាននិងកំពុងរងការរាំងស្ទះ ដោយសារកង្វះកម្មករជំនាញ ចន្លោះប្រហោងនៅក្នុងហេដ្ឋារចនាសម្ព័ន្ធថាមពល និងឡូជីស្ទីក ព្រមទាំងដំណើរការធុរកិច្ចខ្វះតម្លាភាព។
លោកស្រី Sunniya Durrani-Jamal បានបន្ថែមទៀតថា «យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសនេះ នឹងជួយបង្កើតឱ្យមានកាលានុវត្តភាពការងារកាន់តែប្រសើរ សម្រាប់ពលរដ្ឋកម្ពុជា តាមរយៈការវិនិយោគទៅលើការអប់រំ ជំនាញ និងការរៀនសូត្រពេញមួយជីវិតរបស់ពួកគេ។ ដោយសារប្រទេសកម្ពុជាមានចំនួនប្រជាពលរដ្ឋវ័យក្មេងច្រើន ដូច្នេះការពង្រីកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង ការទាញប្រយោជន៍ពីនវានុវត្តន៍នានា គឺជាចំណុចស្នូលនៃយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់យើង។ ការលើកកម្ពស់សក្តានុពល និង ភាពជាអ្នកដឹកនាំរបស់ស្ត្រី ជាពិសេសនៅក្នុងវិស័យសាធារណៈ និង ការការពារធនធានធម្មជាតិដ៏ច្រើនសន្ធឹកសន្ធាប់របស់កម្ពុជា មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍប្រទេស»៕