(ភ្នំពេញ)៖ ក្រុមហ៊ុន Schneider Electric និងក្រុមហ៊ុន Campura Triangulum Corporation បានសហការរួមគ្នាបើកសិក្ខាសាលាមួយស្តីអំពីរ Schneider Electric UPS EASY Series And Galaxy VS Launch ដោយបង្ហាញផលិតផលថ្មីរបស់ APC (UPS) ក្នុងគោលបំណងសម្រួលការផ្គត់ផ្គង់ប្រព័ន្ធអគ្គីសនីក្នុងស្ថាប័នទូទៅផងដែរ។
ក្រុមហ៊ុនទាំងពីរនេះបានរួមសហការគ្នាបើកសិក្ខាសាលាមួយស្តីអំពីរ Schneider Electric UPS EASY Series And Galaxy VS Launch នៅសណ្ឋាគារ បៃតង (Baitong Hotel & Resort Phnom Penh) កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ដោយក្រុមហ៊ុន Schneider Electric គឺជាក្រុមហ៊ុនដ៏ល្បីល្បាញមួយដែលឈានមុខគេនៅលើ ឧបករណ៍សម្ភារៈបរិក្ខារប្រព័ន្ធអគ្គីសនី ដែលបានជួយសម្រួលដល់ស្ថាប័នរបស់អតិថិជនឲ្យមានភាពរីកចម្រើន និងក្រុមហ៊ុន Campura Triangulum Corporation ជាដៃគូរក្នុងការផ្គត់ផ្គង់ផលិតផលនេះ ដើម្បីចែកចាយ និងជួយដោះស្រាយនូវរាល់បញ្ហាជូនអតិថិជននៅក្នុងប្រទេសកម្ពុជា។
លោក ជីន ឡងឌី ដែលជានាយកគ្រប់គ្រងផ្នែក Data Center Division របស់ក្រុមហ៊ុន Campura Triangulum Corporation បានបញ្ជាក់ថា កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹង ក៏ដូចជាបច្ចេកវិទ្យាថ្មីៗទាក់ទងទៅនឹងប្រព័ន្ធ UPS ហើយនិងផ្សព្វផ្សាយផលិតផលស៊េរីថ្មីៗរបស់ APC (UPS) ដែលត្រូវបានទទួលស្គាល់ថាជាផលិតផលឈានមុខគេ ទៅតាមស្តង់ដាបច្ចេកវិទ្យា និងមានឈ្មោះបោះសំឡេងយ៉ាងខ្លាំង ទាំងនៅលើ ទីផ្សារប្រទេសកម្ពុជា និងអន្តរជាតិ។
លោក ស្រ៊ុន ហាក់ ដែលជា Secure Power Sale Director តំណាងឲ្យក្រុមហ៊ុន Schneider Electric បានលើកឡើងថា «ការសហការរបស់យើងជាមួយ Campura Triangulum Corporation កើតឡើងដោយសារចក្ខុវិស័យ នៃការបង្កើតអាជីវកម្មជាមួយគ្នា ហើយដើម្បីគាំទ្រគ្នាទៅវិញទៅមក ក្នុងគោលបំណងលើកស្ទួយ និងបំពេញនូវរាល់តម្រូវការរបស់អតិថិជន ដើម្បីឈានទៅរកភាពជោគជ័យ ហើយក៏មានផលិតផលថ្មី UPS Galaxy VS និង EASY 3Mផងដែរ ដែលអាច ឲ្យអតិថិជនបានស្វែងយល់ពីគុណប្រយោជន៍ក្នុងការប្រើប្រាស់ផលិតផលនេះដែលអាចជួយសម្រូលរាល់បញ្ហាដែលអតិថិជនកំពុងជួបប្រទះ»។
លោក ណេង វណ្ណី ដែលជា Distributor Account Manager តំណាងឲ្យក្រុមហ៊ុន Schneider Electric លោកក៏បានលើកយកនូវផលិតផលរបស់ APC ប្រភេទ Medium Offer (UPS-1PH 230V) ដើម្បីបង្ហាញជូនអតិថិជនដែលបានចូលរួមនៅក្នុងកម្មវិធីនេះឲ្យបានយល់ដឹងកាន់តែច្បាស់ពីលក្ខណៈពិសេសរបស់ UPS ប្រភេទនានាដែលមាន។ លោកក៏បានបន្ថែមថា Schneider Electric នឹងបន្តបង្កើននូវសមត្ថភាពក្នុងការច្នៃប្រឌិតថ្មីៗ ដើម្បីឲ្យអតិថិជននៅទូទាំងពិភពលោក បន្តភាពជឿជាក់ និងទុកចិត្តក្នុងការទទួលយកនូវដំណោះស្រាយ និងសេវាកម្មបច្ចេកវិទ្យានេះតទៅមុខទៀត។
ឆ្លៀតក្នុងឱកាសនេះផងដែរលោកក៏ថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រដល់ផលិតផល Schneider Electric កន្លងមក ហើយសន្យាថា នឹងខិតខំប្រឹងប្រែងពង្រឹងគុណភាព និងសេវាកម្មរបស់ខ្លួនជាបន្តទៀតជូនដល់អតិថិជនទាំងអស់ ដើម្បីបង្កើនអាជីវកម្មឲ្យកាន់តែល្អបន្ថែមទៀត៕