(ភ្នំពេញ)៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងឲ្យដឹងថា ការបង្កើនឲ្យមានជើងហោះហើរបន្ថែមរបស់ក្រុមហ៊ុនចិន ដោយហោះហើរត្រង់រវាងកម្ពុជា-ចិន នឹងជួយជំរុញកំណើនភ្ញៀវទេសចរបន្ថែម។
ការលើកឡើងបែបនេះ របស់លោកស្រី ឆាយ ស៊ីវលីន ធ្វើឡើងក្នុងឱកាសដែលលោកស្រីអញ្ជើញចូលរួម ក្នុងកម្មវិធីសម្ពោធការបន្ថែមជើងហោះហើរថ្មី របស់ក្រុមហ៊ុនអាកាសចរណ៍ស្ព្រីនអ៊ែរឡាញ ឆ្នាំ២០១៩-២០២០។
ជើងហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ ស្ព្រីនអ៊ែរឡាញ នឹងហោះហើរត្រង់ពីកម្ពុជាទៅស៊ីអាន និងពីកម្ពុជាទៅណានជីន។
លោកស្រី ឆាយ ស៊ីវលីន ថ្លែងឲ្យដឹងថា «ខ្ញុំជឿជាក់ថា ការហោះហើរត្រង់ពីកម្ពុជាទៅស៊ីអាន និងពីកម្ពុជាទៅណានជីន នេះនឹងទាក់ទាញភ្ញៀវទេសចរ ចូលមកកម្ពុជាកាន់បន្ថែមទៀត ដោយសារតែក្រុមហ៊ុនស្ព្រីនអ៊ែរឡាញហោះហើរជារៀងរាល់ថ្ងៃ»។
លោកស្រីបន្ថែមថា កត្តាសំខាន់នៃការបន្ថែមជើងហោះហើរ គឺចង់នាំទេសចរមកប្រទេសកម្ពុជាឲ្យច្រើន ដោយសារកន្លងមកអ្នកទាំងអស់គ្នាឃើញហើយថា មានការធ្លាក់ចុះចំនួនភ្ញៀវទេសចរ ហោះចូលមកខេត្តសៀមរាប ហើយបច្ចុប្បន្ននេះយើងខ្វះការហោះហើរត្រង់មកខេត្តសៀមរាបផងដែរ។ ដូច្នេះហើយបានជាក្រុមហ៊ុនស្ព្រីនអ៊ែរឡាញ បង្កើនជើងហោះហើរបន្ថែមចូលមកទីក្រុងភ្នំពេញ និងហួសទៅខេត្តសៀមរាប។
លោកស្រី ឆាយ ស៊ីវលីន បានបន្ថែមថា ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្ពុជាឲ្យកាន់តែច្រើន អ្នកទាំងអស់គ្នាត្រូវតែរួមគ្នាផ្ដល់នូវសេវាកម្ម ប្រកបដោយគុណភាព និងស្មោះត្រង់ជាមួយភ្ញៀវ ហើយស្ថាប័នដែលពាក់ព័ន្ធត្រូវចូលរួម បង្ហាញនូវបដិសណ្ឋាកិច្ចចំពោះភ្ញៀវ ហើយសម្រាប់អាជីវករលក់ដូរ ត្រូវលក់ប្រកបដោយភាពស្មោះត្រង់, មានក្រមសីលធម៌ សម្រាប់អ្នកជំនាញទេសចរណ៍ត្រូវមាន ក្រមសីលធម៌សម្រាប់ភ្ញៀវផងដែរ។
លោកស្រី Aminta ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន ស្ព្រីនអ៊ែរឡាញប្រចាំប្រទេសថៃ ថ្លែងឲ្យដឹងថា ថ្ងៃនេះក្រុមហ៊ុនអាកាសចរណ៍ ស្ព្រីនអ៊ែរឡាញ បានបើកសម្ពោធជាផ្លូវការនៅការបន្ថែម ជើងហោះហើរត្រង់ពីកម្ពុជាទៅស៊ីអាន និងពីកម្ពុជាទៅណានជីន ដោយហោះហើរជារៀងរាល់ថ្ងៃ។
លោកស្រីបន្ថែមថា មូលហេតុដែលក្រុមហ៊ុន ស្ព្រីនអ៊ែរឡាញ បន្ថែមជើងហោះហើរថ្មីនេះដោយសារតែ ចង់ទាក់ទាញភ្ញៀវទេសចរពីកម្ពុជាទៅស៊ីអាន និងណានជីន ដោយសារតែកន្លែងពីនេះ មានទីតាំងប្រវត្តិសាស្រ្ដល្បីៗជាច្រើនកន្លែង មួយវិញទៀតក៏ដើម្បីទាក់ទាញភ្ញៀវទេសចរពីចិនមកកម្ពុជា។
លោកស្រីបន្ថែមថា ជើងហោះហើរថ្មីទាំង២នេះ នឹងចាប់ផ្ដើមហោះហើរ ចាប់ពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ៕