(ព្រះសីហនុ)៖ មិនយូរប៉ុន្មានទៀតទេ ក្រុងព្រះសីហនុនឹងក្លាយទៅជាទីក្រុងទំនើបមានសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច ខណៈគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ ដែលបានសិក្សា និងរៀបចំឡើងដោយក្រុមការងារបច្ចេកទេស នៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលសាលា ខេត្តព្រះសីហនុ ត្រូវបានអនុម័ត និងបាននិងកំពុងអនុវត្តគម្រោង ជាបណ្តើរៗព្រមៗគ្នា។
យោងតាមមន្ត្រីនៃគណៈកម្មាធិការជាតិ គ្រប់គ្រងអនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ផ្លូវសរុប៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ប្រវែងសរុបជាង៨៤គីឡូម៉ែត្រ នឹងត្រូវបានស្ថាបនាជាថ្មីឡើងវិញ ដោយចំណាយទឹកប្រាក់សរុបប្រមាណជាង២០០លានដុល្លារអាមេរិក ស្របតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីសំដៅ ប្រែក្លាយក្រុងព្រះសីហនុ ជាទីក្រុងទំនើប និងជាតំបន់សេដ្ឋកិច្ចពហុប៉ូលរបស់កម្ពុជា។
បច្ចុប្បន្ននេះផ្លូវចំនួន២៤ខ្សែ ក្នុងខេត្តព្រះសីហនុ បាននឹងកំពុងចាប់ផ្ដើមស្ថាបនាជាបណ្ដើរៗហើយ ក្នុងនោះរួមមាន៖ ១៖ កងវិស្វកម្ម សម្តេចតេជោ ហ៊ុន សែន សៀមរាប ស្ថាបនាផ្លូវមហាវិថីជំទាវម៉ៅ ប្រវែង៩,៣៦៥ម៉ែត្រចំនួន០១ ខ្សែ។ ២៖ កងវិស្វកម្ម លេខ១៧៨ ស្ពានថ្នល់ ស្ថាបនាវិថីឯករាជ្យ ប្រវែង៥,៣៦៥ម៉ែត្រ ចំនួន០១ខ្សែ។ ៣៖ ក្រុមហ៊ុន ហេង សម្បត្តិ ស្ថាបនាមហាវិថីឆ្នេររាម, វិថីអូរត្រេះ, វិថីពូទ្បូវៃ, វិថី២ធ្នូ, វិថី២៨ មិថុនា ប្រវែងសរុប ២៣,៣៦០ម៉ែត្រ ចំនួន០៥ខ្សែ។ ៤៖ ក្រុមហ៊ុន រ៉ូយ៉ាល់មេគង្គ ស្ថាបនា
មហាវិថីរាមលេខ ៤៥ និងវិថីមិត្តភាពកម្ពុជា-រុស្សី លេខ ៧០៥ ប្រវែងសរុប ១១,៦០៣ម៉ែត្រ ចំនួន០២ខ្សែ។ ៥៖ ក្រុមហ៊ុន សារជីវកម្ម ពិស្ណុការ ស្ថាបនាខ្សែផ្លូវលេខ៤, ៦, ១២, ៧, ១៧, ១៨, ១៩, ២០, ១១ ប្រវែងសរុប១២,៥៧២ម៉ែត្រ ចំនួន០៩ខ្សែ ។ ៦៖ ក្រុមហ៊ុន SCE ស្ថាបនាវិថីចំណោតអូរត្រាវ លេខ៤៩ ប្រវែងសរុប ៦,៥០៦ម៉ែត្រចំនួន១ខ្សែ និង ៧៖ ក្រុមហ៊ុន VT ស្ថាបនាផ្លូវលេខ ១១៥, ១៣៥, ១០២, ១២៦, ៥០២ ប្រវែងសរុប ៥,៥៦២ម៉ែត្រចំនួន០៥ខ្សែ។
នៅអំឡុងពេលចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវ «មហាវិថីជំទាវម៉ៅ» នាពេលថ្មីៗនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានថ្លែងថា៖« បងប្អូនប្រជាពលរដ្ឋកម្ពុជា ទាំងអស់ នឹងភ្ញាក់ផ្អើលជាមួយសមិទ្ឋផលថ្មី ក្នុងទឹកដីខេត្តព្រះសីហនុ ដែលកើតមាននៅពេលខាងមុខនេះ។ ប៉ុន្តែដើម្បីសម្រេចបានតាមផែនការ គឺមិនមែនត្រឹមអាជ្ញាធរខេត្តទេ គឺប្រជាពលរដ្ឋក្នុងខេត្តទាំងមូលត្រូវរួមគ្នាប្រឹងប្រែងឲ្យអស់លទ្ឋភាព ដើម្បីប្រែក្លាយទីក្រុងមួយនេះ ឲ្យទៅជាទីក្រុងបៃតង និងជាទីក្រុងទេសចរណ៏ដ៏ទំនើប សម្រាប់បងប្អូនកម្ពុជា មកកំសាន្តនៅឆ្នាំ២០២០ ខាងមុខនេះ»។
តាមផែនការគ្រោងទុក «មហាវិថីជំទាវម៉ៅ» គឺជាខ្សែផ្លូវយុទ្ឋសាស្រ្តថ្មីមួយ សម្រាប់ដោះស្រាយបញ្ហាចរាចរណ៍ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ពីផ្លូវបំបែករាម មកកាន់ក្រុងព្រះសីហនុ ដោយចំណាយរយៈពេលក្រោម៣០នាទី។ សូមបងប្អូនប្រជាពលរដ្ឋចូលរួម ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការកសាង និងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងខេត្តព្រះសីហនុ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេស គឺដើម្បីស្វាគម៍ភ្ញៀវជាតិអន្ដរជាតិ អ្នកវិនិយោគ និងស្ដារស្ថានភាពសេដ្ឋកិច្ចខេត្ត ក៏ដូចជារបស់បងប្អូន បានដោយរីកចម្រើន និងមានស្ថេរភាពជារៀងរហូត៕