(សៀមរាប)៖ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងលោក Abdul Rasheed Ghaffour ទេសាភិបាលរង ធនាគារកណ្តាលម៉ាឡេស៊ី ដែលជាសហប្រធានកិច្ចប្រជុំគណៈកម្មាធិការជាន់ខ្ពស់អាស៊ាន បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាន់ខ្ពស់អាស៊ាន ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប។
កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងជាន់ខ្ពស់របស់ធនាគារកណ្តាលនៃប្រទេសសមាជិកអាស៊ាន និងសហប្រធាននៃគណៈកម្មាធិការដែលស្ថិតក្រោម SLC និងបានពិភាក្សាលើ៖
១៖ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់។
២៖ គំនិតផ្តួចផ្តើមជាគន្លឹះក្នុងការធ្វើសមាហរណកម្មវិស័យហិរញ្ញវត្ថុ។
៣៖ ភាពធន់ និងប្រព័ន្ធបែងចែងព័ត៌មាន cybersecurity របស់អាស៊ាន
៤៖ តួនាទីរបស់ធនាគារកណ្តាលអាស៊ាន ក្នុងការលើកកម្ពស់ចីរភាពនៃវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុអាស៊ាន។
កិច្ចប្រជុំនេះក៏មានការចូលរួមធ្វើបទបង្ហាញដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន (AMRO) លើប្រធានបទស្តីពីហានិភ័យពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុនិងបរិដ្ឋាន៖ ឥទ្ធិពលមកលើវិស័យហិរញ្ញវត្ថុ និងតួនាទីរបស់អាជ្ញាធរ និងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ជាលទ្ធផលកិច្ចប្រជុំបានពិនិត្យឃើញថា កំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ាន មានការថមថយ ដោយសារកត្តាខាងក្រៅមួយចំនួនដូចជា ការចាកចេញរបស់ចក្រភពអង់គ្លេស ជាដើម។
ចំពោះការអនុវត្តការធ្វើសមាហរណកម្ម វិស័យហិរញ្ញវត្ថុអាស៊ាន គណៈកម្មាធិការនៃវិស័យនេះ ភាគច្រើនបានសម្រេចតាមផែនការគោលដៅ ដែលបានគ្រោងទុកក្នុងរយៈពេលកន្លងមក និងបានកំណត់រួចរាល់ផងដែរ នូវការងារអាទិភាពក៏ដូចជាសូចនាករវាស់វែងវឌ្ឍនភាព សម្រាប់ឆ្នាំ២០១៩នេះ៕