(ភ្នំពេញ)៖ គណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ម្សិលមិញនេះ បានបើកសម័យប្រជុំពេញអង្គរបស់ខ្លួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃម្សិលមិញ គឺជាកិច្ចប្រជុំដ៏សំខាន់មួយ ដើម្បីពិនិត្យ និងអនុម័តទៅលើការងារសំខាន់ ដែលពាក់ព័ន្ធយ៉ាងពិសេសទៅនឹងដំណើរការរបស់រដ្ឋ និងការរស់នៅរបស់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាធានាឱ្យបាននូវការរីកចម្រើនលូតលាស់របស់ជាតិ និងជីវភាពកាន់តែប្រសើររបស់ប្រជាពលរដ្ឋ។

ការងារដែលលើកយកមកពិនិត្យ និងសម្រេចនៅថ្ងៃម្សិលមិញនេះរួមមាន៖ ១- សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ និងទី២- សេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។

ក្រៅពីសេចក្តីព្រាងច្បាប់ទាំងពីរនៅក្នុងកិច្ចប្រជុំម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រចំនួនពីររួមមាន៖ យុទ្ធសាស្ត្រស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ ២០១៩-២០២៥ និង យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៣។

ក្រៅពីការងារខាងលើសម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចពីការដកហូតសិទ្ធិគ្រប់គ្រង និងប្រមូលសំរាមរបស់ក្រុមហ៊ុនស៉ិនទ្រី មកឱ្យសាលារាជធានីភ្នំពេញគ្រប់គ្រង រង់ចាំរៀបចំការជ្រើសរើសក្រុមហ៊ុនថ្មី ដែលមានយ៉ាងតិច៤ក្រុមហ៊ុន។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្រេចដកសេវាបង់ថ្លៃសំរាមចេញពីវិក្កយបត្របង់ថ្លៃអគ្គិសនីចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ផងដែរ។

ខាងក្រោមជាលទ្ធផលលំអិតនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃម្សិលមិញនេះ៖