(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៅល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ បានអំពាវនាវដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជនទាំងអស់ បញ្ជូនភ្នាក់ងាររបស់ខ្លួនសហការជាមួយកម្លាំងសមត្ថកិច្ច ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកនាពេលខាងមុខនេះ។
ក្នុងពិធីបិទវគ្គបំប៉នជំនាញសន្ដិសុខ លើកទី២២ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានចាត់ទុកថា ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ជាកម្លាំងជំនួយយ៉ាងសំខាន់ដល់កម្លាំងសមត្ថកិច្ច ដូច្នេះហើយពេលមានបទល្មើសអ្វីកើតឡើង ត្រូវរាយការណ៍ជូនសមត្ថកិច្ចដែលនៅក្បែរឬកន្លែងដែលខ្លួនឈរជើងភ្លាមៗ ដើម្បីចេញអន្ដរាគមន៍បានទាន់ពេលវេលា។
លោកឧត្តមសេនីយ៍ ឯក លឹម សុខារស្មី បានលើកឡើងថា វិស័យសន្តិសុខឯកជននេះ មានសារៈសំខាន់ណាស់ ក្នុងការរួមចំណែក ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូល ជាពិសេសដែលឈរជើង នៅតាមតំបន់សេដ្ឋកិច្ចពិសេស ធនាគារ កន្លែងប្តូរប្រាក់ ទីតាំងលក់វត្ថុមានតម្លៃមាស-ពេជ្រ ផ្សារទំនើប ផ្សារសាធារណៈ សណ្ឋាគារទំនើបៗ ភោជនីដ្ឋាន រម្មណីដ្ឋាន ផ្ទះសំណាក់ បុរី រោងចក្រ ក្លឹបកម្សាន្ដ និងទីកន្លែងកម្សាន្ដនានា។
ប្រធាននាយកដ្ឋានរូបនេះ បានអះអាងទៀតថា ដើម្បីឲ្យភ្នាក់ងារសន្តិសុខឯកជន ពោពេញទៅដោយសមត្ថភាពពេញលេញ អគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងខិតខំធ្វើយ៉ាងណា ឲ្យភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវតែមានសមត្ថភាព ចំណេះដឹង វិជ្ជាជីវៈ ក្រមសីលធម៌ ដើម្បីលើកកម្ពស់ដល់វិស័យនេះ ឲ្យមានភាពរីកចម្រើនជាបន្តបន្ទាប់។
រយៈពេល០២ថ្ងៃនេះ លោកជឿជាក់ថា សិក្ខាកាមទាំងអស់បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ អស់កម្លាំងកាយចិត្ត ហើយទទួលបានចំណេះដឹងជាច្រើន ដើម្បីយកទៅបំពេញតួនាទីរបស់ខ្លួនបម្រើផលប្រយោជន៍សង្គមជាតិ ក្នុងផ្លូវវិជ្ជមាន ឲ្យបានសមស្របតាមក្រមសិលធម៌វិជ្ជាជីវៈរបស់ សន្តិសុខឯកជន និងអនុលោមទៅតាមច្បាប់នៅប្រទេសកម្ពុជា។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានលើកទឹកចិត្តឲ្យយកចំណេះដឹង ដែលទទួលបានពេលនេះ ទៅផ្សព្វផ្សាយ និងចែករំលែកបន្ត ដល់សហសេវិករបស់ខ្លួន ឬប្រជាពលរដ្ឋដ៏ទៃទៀត ឲ្យបានយល់អំពីសារៈសំខាន់នៃការថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ សន្តិសុខសង្គម ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល៕