(កណ្ដាល)៖ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីសិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី លោក ម៉ុង គឹមហេង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញលទ្ធផលនៃការខិតខំកាត់បន្ថយបញ្ហាកូដកម្ម-បាតុកម្មនៅតាមរោងចក្រ សហគ្រាសទូទាំងប្រទេស និងបានបង្ហាញគន្លឹះជាច្រើនទៀតក្នុងការបង្រួមបញ្ហានេះឱ្យកាន់តែតិចទៅៗ។

ពិធីបិទវគ្គបណ្តុះបណ្តាលខាងលើត្រូវបានធ្វើឡើងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងនោះលោក ម៉ុង គឹមហេង បានលើកឡើងថា នៅក្នុងឆ្នាំ២០១៨ ក្រសួងការងារបានធ្វើអធិការកិច្ចការងារចំនួន ៩,៣៥០លើក បានដាក់កំហិតចំនួន ១,០៥១សហគ្រាស បានផាកពិន័យចំនួន ១០០សហគ្រាស និងបានប្តឹងទៅតុលាការចំនួន ៤សហគ្រាស។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា «ការធ្លាក់ចុះនៃចំនួនកូដកម្ម និងបាតុកម្មនេះ កើតឡើងដោយសារកត្តាមួយចំនួន ដូចជា លក្ខខណ្ឌការងារកាន់តែមានភាពល្អប្រសើរ ការធ្វើអធិការកិច្ចការងារ និងការដោះស្រាយវិវាទការងារកាន់តែមានប្រសិទ្ធភាព ការយល់ដឹង និងអនុវត្តច្បាប់របស់និយោជក និងកម្មករនិយោជិតកាន់តែមានភាពល្អប្រសើរ និងភាពចាស់ទុំរបស់ភាគីនិយោជក និងកម្មករនិយោជិតនៅក្នុងទំនាក់ទំនងវិជ្ជាជីវ:ជាដើម»។

អ្វីដែលជាអនុសាសន៍លោក ម៉ុង គឹមហេង ចំពោះសិក្ខាកាមនោះ រួមមាន៖

១៖ បន្តចែករំលែកចំណេះដឹងអំពីសិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី ស្របតាមបទប្បញ្ញត្តិជាតិ-អន្តរជាតិដល់មន្រ្តីនគរបាលដទៃទៀត តាមរយ:ការផ្តល់ការបណ្តុះបណ្តាលបន្ត។

២៖ ប្រើប្រាស់នូវចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ជាមូលដ្ឋានដើម្បីអនុវត្តតួនាទី-ភារកិច្ចរបស់ខ្លួន ប្រកបដោយភាពអត់ធ្មត់ និងការទទួលខុសត្រូវខ្ពស់ ចៀសវាងការប្រើប្រាស់ហិង្សា ឬទង្វើទាំងឡាយណាដែលផ្ទុយនឹងបញ្ញាតិច្បាប់ជាធរមាន។

៣៖ បន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ តាមរយៈការចែករំលែកព័ត៌មានឱ្យបានឆាប់រហ័ស ដើម្បីបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកម្ម-បាតុកម្ម ដែលបានកើតឡើង ឬដែលនឹងកើតឡើងបានទាន់ពេលវេលា។

រដ្ឋលេខាធិការរូបនេះបានស្នើដល់ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ បណ្ឌិត្យសភានគរបាលកម្ពុជា អង្គការអន្តរជាតិខាងការងារ និងការិយាល័យឧត្តមស្នងការនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បន្តផ្តល់កិច្ចសហការជាមួយក្រសួងការងារ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះដល់មន្រ្តីនគរបាលនៅតាមខេត្តបន្តទៀត៕