Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិនិយោគិនឥណ្ឌូនេស៊ី២០រូប មកស្វែងយល់ពីកាលានុវត្តភាពវិនិយោគ នៅកម្ពុជា, មន្ត្រីជាន់ខ្ពស់កម្ពុជា ប្រាប់ពីវិធានការថ្មីៗរបស់រាជរដ្ឋាភិបាលធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ

25-10-2019 20:33

(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការ ក.អ.ក បានទទួលជួបគណៈប្រតិភូវិនិយោគិនឥណ្ឌូនេស៊ី ដែលមានសមាជិកចំនួន២០រូប ដែលបានមកបំពេញទស្សនកិច្ច ស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដឹកនាំដោយលោកបណ្ឌិត តាហឺរ (Tahir) បេសកជនទទួលបន្ទុកកិច្ចការវិនិយោគ និងជាអនុប្រធានសភាពាណិជ្ជកម្មឥណ្ឌូនេស៊ី និងដោយមានវត្តមានចូលរួមរបស់លោក ស៊ូឌីរម៉ាន់ ហាសែង (Sudirman Haseng) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំប្រទេសកម្ពុជាផងដែរ។

លោក សុខ ចិន្តាសោភា បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់គណៈប្រតិភូ និងបានរំលឹកជូនគណៈប្រតិភូអំពីទំនាក់ទំនង ដែលមានលក្ខណៈមិត្តភាព ជាប្រវត្តិសាស្ត្រ និងស្និទ្ធស្នាលរវាងប្រទេសកម្ពុជា និងឥណ្ឌូណេស៊ី។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនគណៈប្រតិភូអំពីការវិវត្តសំខាន់ៗ នៅកម្ពុជាពាក់ព័ន្ធនឹងកាលានុវត្តភាពវិនិយោគ ក៏ដូចជាការដាក់ចេញនូវវិធានការថ្មីៗ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សំដៅធ្វើឱ្យកាន់តែប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។

តបទៅនឹងចំណាប់អារម្មណ៍ របស់អ្នកវិនិយោគឥណ្ឌូនេស៊ី លើវិស័យអចលនទ្រព្យ និងសេវាមន្ទីរពេទ្យ លោក សុខ ចិន្តាសោភា បានស្វាគមន៍ការបណ្តាក់ទុន នៅក្នុងវិស័យទាំងពីរនេះ ដោយកម្ពុជាមានគោលនយោបាយបើកចំហវិនិយោគដោយគ្មានការរើសអើង ហើយវិស័យទាំងពីរនេះទៀតសោតជាវិស័យដែលមានសក្តានុពលខ្លាំងនៅកម្ពុជា៕