(ភ្នំពេញ)៖ បន្ទាប់ពីមានការរិះគន់មួយចំនួន ក្នុងបណ្តាញសង្គម Facebook ជុំវិញករណីសន្តិសុខ របស់ទីក្រុងកោះពេជ្រ បានចាប់បុរសអ្នកលក់ពោតស្ងោរម្នាក់ ដែលចូលមកលក់ល្មើសនឹងគោលការណ៍របស់ក្រុមហ៊ុន កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នោះ, នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៩នេះ លោក ជិន ហុក ប្រធានគ្រប់គ្រងទីក្រុងកោះពេជ្របានចេញ មកពន្យល់ចំពោះករណីនេះ និងបានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋ កុំមានការភ័ន្ត ច្រឡំថាសន្តិសុខក្រុមហ៊ុនបានធ្វើបាបអ្នកទន់ខ្សោយ។

បុរសដែលជាអ្នកលក់ពោតនោះមានឈ្មោះ ជាប ទូច និងប្រពន្ធ ឈ្មោះ ឈាង គន្ធា មានកូន២នាក់ មានស្រុកកំណើតនៅស្រុកព្រះស្ដេច ខេត្តព្រៃវែង បានមកជួលបន្ទប់គេស្នាក់ នៅរកស៊ីស្ងោរពោតជិះកង់ដើរលក់ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គាត់។

លោក ជិន ហុក បានពន្យល់ថា កាលដែលសន្តិសុខរបស់ក្រុមហ៊ុន ចាប់យកពោតស្ងោររបស់ អ្នកលក់ពោតយកមកទុក នៅការិយាល័យសន្តិសុខនោះ គឺសន្តិសុខអនុវត្តន៍ទៅតាម គោលការណ៍របស់ក្រុមហ៊ុន ដែលមិនអនុញ្ញាតឲ្យមានការលក់ដូរអនាធិបតេយ្យ ក្នុងទីតាំងផ្សាររាត្រីកោះពេជ្រ និងកន្លែងក្មេងលេង (Play Ground) ព្រោះតែទីតាំងនេះ មានអាជីវករ លក់ដូរត្រឹមត្រូវ និងមិនអនុញ្ញាតឲ្យមានការលក់ដូរតាមម៉ូតូ កង់ រទេះ ឬដើរលក់បែបល្អី កញ្ច្រែងឡើយ ហើយបុរសលក់ពោតនោះ បានដឹងយ៉ាងច្បាស់ថាជាកន្លែងហាមឃាត់ ប៉ុន្តែគាត់នៅតែចូលលក់ ។

លោកបន្តថា «មូលហេតុដែលយើងមានគោលការណ៍ ហាមឃាត់ការលក់ដូរតាម ម៉ូតូ កង់ រទេះ ឬដើរលក់បែបល្អីកញ្ច្រែងនេះ គឺដើម្បីថែរក្សានូវសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ និងអនាម័យក្នុងតំបន់នេះ ដែលជាទីតាំងកម្សាន្តមួយសម្រាប់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ។ តាមពិតទៅប្អូនប្រុសដែលលក់ពោតនោះ ក៏បាននិយាយដែរថាសន្តិសុខបាន ប្រាប់គាត់ផងដែរអំពីគោលការណ៍ទីតាំងនោះ ប៉ុន្តែគាត់លក់នៅខាងក្រៅមិនដាច់ ទើបគាត់ចូលមកលក់បែបនេះ»។

លោកបន្ថែមទៀតថា «តាមពិតទៅ គឺសន្តិសុខបានចាប់ពោតគាត់យកមកទុកនៅ ការិយាល័យក្រុមហ៊ុន ដើម្បីឲ្យធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តបែបនេះតទៅទៀត និង ប្រគល់ពោតឲ្យគាត់វិញ ប៉ុន្តែជាការធ្វេសប្រហែសមួយដែលសន្តិសុខមិនបានប្រាប់ បុរសនោះឲ្យបានច្បាស់អំពីទីតាំងការិយាល័យ ទើបធ្វើឲ្យពោតរបស់គាត់ខូចខាត។ ដោយសារមានការខាតបង់បែបនេះ ទើបក្រុមហ៊ុនផ្តល់ថវិកាឧបត្ថម្ភជូនប្អូនប្រុសនោះ ដោយមើលឃើញពីការលំបាករបស់គាត់»

ការឧបត្ថម្ភនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះផងដែរ ដោយលោក ជិន ហុក ប្រធានគ្រប់គ្រងទីក្រុងកោះពេជ្រ បានអញ្ជើញទៅកាន់បន្ទប់ជួលស្នាក់នៅរបស់បុរស លក់ពោតដោយផ្ទាល់នៅតំបន់បឹងសាឡាង ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ និងបាន ប្រគល់ថវិការមួយចំនួនជូនដល់បុរសលក់ពោតស្ងោរផងដែរ។

លោកបន្តថា «ខ្ញុំសូមអំពាវនាវដល់សាធារណជនទូទៅ សូមកុំឲ្យមានការភ័ន្តច្រឡំថាសន្តិសុខ ក្រុមហ៊ុនធ្វើបាបប្អូនប្រុសដែលលក់ពោតនោះ ការពិតទៅ គឺសន្តិសុខគាត់អនុវត្តន៍ទៅតាម គោលការណ៍របស់ក្រុមហ៊ុន ដើម្បីថែរក្សានៅវសណ្តាប់ធ្នាប់ សន្តិសុខ និងអនាម័យជូនភ្ញៀវ ជាតិ និងអន្តរជាតិដែលបានអញ្ជើញមកកម្សាន្តនៅក្នុងទីក្រុងកោះពេជ្រតែប៉ុណ្ណោះ»

សូមជម្រាបថា ទីក្រុងកោះពេជ្រតែងតែចូលរួមជួយដល់ការងារសង្គមជាច្រើន ជាក់ស្តែង ទីក្រុងនេះមានរថយន្តពន្លត់អគ្គិភ័យចំនួន៧គ្រឿង ដែលតែងតែចេញទៅជួយបាញ់ពន្លត់ ករណីអគ្គិភ័យនានា ដែលបានកើតឡើងនៅក្នុងរាជធានីភ្នំពេញ៕