(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចំណាយថវិកា សរុបជាង៨០០លានដុល្លារ សម្រាប់ឲ្យថ្នាក់ក្រោមជាតិ (ថវិការដ្ឋបាលរាជធានី-ខេត្ត រដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់) ក្នុងឆ្នាំ២០២០ ខាងមុខនេះ។ នេះបើតាមខ្លឹមសារសង្ខេបប្រតិបត្តិ ស្តីពី «សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០» របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
ខ្លឹមសារសង្ខេប បានបញ្ជាក់ថា ចំណាយថវិកាថ្នាក់ក្រោមជាតិ ត្រូវបានបង្កើនជាង៤ដង គឺពីប្រមាណតែចំនួន ៧៦៦ប៊ីលានរៀល នៅឆ្នាំ២០១៣ ឬសមមូលស្មើនឹង១៩០លានដុល្លារអាមេរិក ដែលមានសមាមាត្រ ស្មើនឹង៦.១ភាគរយ នៃចំណាយថវិការដ្ឋសរុប ហើយត្រូវជា១.២៥ភាគរយ នៃ ផសស ទៅដល់ប្រមាណចំនួន ៣,៣២៩ ប៊ីលានរៀល នៅឆ្នាំ២០២០ ឬសមមូលស្មើនឹង៨២១លានដុល្លារអាមេរិក ដែលមានសមាមាត្រ ស្មើនឹង១០.០ភាគរយ នៃចំណាយថវិការដ្ឋសរុប ហើយត្រូវជា២.៨០ភាគរយ នៃ ផសស ក្នុងនោះ៖
* ១៖ ថវិការដ្ឋបាលរាជធានី-ខេត្ត ត្រូវបានបង្កើនពីប្រមាណតែចំនួន ៥០២ប៊ីលានរៀល ឬសមមូលស្មើនឹង១២៥លានដុល្លារអាមេរិក នៅឆ្នាំ២០១៣ ទៅដល់ប្រមាណចំនួន ២,២៧៩ប៊ីលានរៀល ឬសមមូលស្មើនឹង៥៦២លានដុល្លារអាមេរិក នៅឆ្នាំ២០២០។
* ២៖ ថវិការដ្ឋបាលក្រុង-ស្រុក ត្រូវបានបង្កើនពីប្រមាណតែចំនួន ៥៩ ប៊ីលានរៀល ឬសមមូលស្មើនឹង ១៥ លានដុល្លារអាមេរិក នៅឆ្នាំ២០១៣ ទៅដល់ប្រមាណចំនួន ២៤៧ ប៊ីលានរៀល ឬសមមូលស្មើនឹង៦១ លានដុល្លារអាមេរិក នៅឆ្នាំ២០២០ និង
* ៣៖ ថវិការដ្ឋបាល ឃុំ-សង្កាត់ ត្រូវបានបង្កើនពីប្រមាណតែចំនួន ២០៤ ប៊ីលានរៀល ឬសមមូលស្មើនឹង ៥១លានដុល្លារអាមេរិក នៅឆ្នាំ២០១៣ ទៅដល់ប្រមាណចំនួន៨០៣ប៊ីលានរៀល ឬសមមូលស្មើនឹង១៩៨
លានដុល្លារអាមេរិក នៅឆ្នាំ២០២០។
គូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចំណាយសរុបប្រមាណ ៣៣,៣៣៩,៦៣៣លានរៀល ដែលស្មើនឹង ៨២២៣លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការគ្រប់គ្រងរដ្ឋ។ គម្រោងចំណាយនេះ មានប្រមាណ២៨.០១ភាគរយ នៃ ផសស នឹងកើនឡើង ២២.៧ភាគរយ បើធៀបនឹងឆ្នាំ២០១៩។
ក្នុងចំណោមគម្រោងចំណាយថវិកាជាតិ ជាង៨ពាន់លានដុល្លារសហរដ្ឋអាមេរិករបស់កម្ពុជា សម្រាប់ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលមានទិសដៅជាយុទ្ធសាស្រ្ត កំណត់ចំណាយថវិកាថ្នាក់ជាតិ ឲ្យស្ថិតក្នុងកម្រិតចំនួន ៣១,០៩៥,៨៥៥លានរៀល ដែលស្មើនឹងប្រមាណជាង៧,៦០០លានដុល្លារ ត្រូវជា២៦.១២ភាគរយ នៃ ផសស កើនឡើង២០.៧ភាគរយ បើធៀបនឹងច្បាប់ឆ្នាំ២០១៩ ដែលក្នុងនោះ ចំណាយចរន្តថ្នាក់ជាតិ មានចំនួន ១៨,០៣៦,៨៨៤លានរៀល (ប្រមាណ៤៤៥៩លានដុល្លារ) និងចំណាយមូលធនថ្នាក់ជាតិ មានចំនួន ១៣,០៥៨,៩៧១លានរៀល (៣២០០លានដុល្លារ)៕