(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០២០ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចំណាយថវិកា ៩,៤៩៧,១៣២លានរៀល (ប្រមាណ២,៣៤២លានដុល្លារ) សម្រាប់ការងារផ្សេងៗ ក្រៅពីបើកប្រាក់ខែឲ្យមន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។ នេះបើតាមខ្លឹមសារសង្ខេបប្រតិបត្តិ ស្តីពី «សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០» របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩។
ខ្លឹមសារសង្ខេបប្រតិបត្តិ ស្តីពី សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ បានបញ្ជាក់យ៉ាងដូច្នេះថា ចំណាយមិនមែនបន្ទុកបុគ្គលិក ត្រូវបានគ្រោងចំនួន៩,៤៩៧,១៣២លានរៀល (ប្រមាណ២,៣៤២លានដុល្លារ) មានសមាមាត្រស្មើនឹង ៥២.៦៥ភាគរយ នៃចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវជា៧.៩៨ភាគរយ នៃផសស គឺមានកំណើន ៥.៩ភាគរយ ធៀបនឹងច្បាប់ឆ្នាំ ២០១៩, ហើយត្រូវបានវិភាជ ដោយផ្អែកលើតម្រូវការ និងអាទិភាពចាំបាច់តាមវិស័យនីមួយៗ ដូចខាងក្រោម៖
១៖ វិស័យរដ្ឋបាលទូទៅ៖
* លើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រងចំណូល និងប្រមូលចំណូលសារពើពន្ធ
* គាំទ្រការអនុវត្តកម្មវិធីជាតិ កំណែទម្រង់រដ្ឋបាលសាធារណៈ
* គាំទ្រកំណែទម្រង់វិស័យដីធ្លី
* គាំទ្រ និងពង្រឹងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ ២០១៥-២០២៥
* គាំទ្រដល់ការប្រយុទ្ធប្រឆាំងអំពើពុករលួយ
* បង្កើនប្រសិទ្ធភាពនៃកិច្ចការទូត តាមរយៈបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ត្រីការទូត
* គាំទ្រដល់ការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចការប្រជុំកំពូល អាស៊ី-អឺរ៉ុប ឆ្នាំ២០២០។
២៖ វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ៖
* គាំទ្រដល់ការពង្រឹងសមត្ថភាពរបស់នគរបាល និងកងកម្លាំងប្រដាប់អាវុធ
* បន្តផ្តោតការយកចិត្តទុកដាក់លើជីវភាព និងសុខុមាលភាពកងកម្លាំងប្រដាប់អាវុធ
* បង្កើនការគាំទ្រដល់កិច្ចដំណើរការរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងរដ្ឋបាលតុលាការ
* គាំទ្រកិច្ចដំណើរការរដ្ឋបាល និងអន្តរាគមន៍ផ្សេងៗ
* គាំទ្រដល់ដំណើរការ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ
* គាំទ្រការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព
* គាំទ្រដល់ការរៀបចំប្រព័ន្ធត្រួតពិនិត្យសន្តិសុខតាមច្រកព្រំដែន និងការផលិតលិខិតឆ្លងដែន
* បន្តគាំទ្រដល់ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ស្ត្រី និងកុមារ
* បន្តគាំទ្រដល់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន
* បន្តគាំទ្រសេវាឥតគិតថ្លៃ របស់គណៈមេធាវីកម្ពុជា។
៣៖ វិស័យសង្គមកិច្ច៖
* ពង្រឹងគុណភាព និងគាំទ្រសេវាអប់រំ
* លើកកម្ពស់វិស័យកីឡាជាតិ
* អភិវឌ្ឍន៍ជំនាញ និងវិស័យការងារ
* លើកកម្ពស់គុណភាព និងការទទួលបានសេវាសុខាភិបាល
* ទប់ស្កាត់អំពើហិង្សាលើស្រ្តី និងកុមារ
* ឧបត្ថម្ភគាំទ្រដល់សមាគមអតីតយុទ្ធជន
* បង្កើនការឧបត្ថម្ភដល់មជ្ឈមណ្ឌលស្តារនីតិសម្បទា តាមបណ្តារាជធានី-ខេត្ត និងការឧបត្ថម្ភគាំទ្រមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម កាយសម្បទា ដើម្បីផ្តល់សេវាជូនជនពិការ
* ផ្តល់ថវិកាគាំទ្រដល់ការដោះស្រាយជីវភាពចំពោះជនក្រីក្រ និងចាស់ជរានៅតាមសហគមន៍
* ការពារ និងអភិរក្សធនធានធម្មជាតិ
* អភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ
* សុខដុមនីយកម្មសាសនា។
៤៖ វិស័យសេដ្ឋកិច្ច៖
* បន្តការលើកកម្ពស់បច្ចេកទេសកសិកម្ម
* ជំរុញផលិតកម្មស្បៀង ពិសេសការចិញ្ចឹមសត្វ និងមច្ឆាវប្បកម្ម
* ពង្រឹងការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច និងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ និងជលផល
* បង្កើនការគាំទ្រដល់ការពង្រឹងប្រសិទ្ធភាព ក្នុងការគ្រប់គ្រងធនធានរ៉ែគ្រប់ប្រភេទ
* ជំរុញការអភិវឌ្ឍទឹកស្អាត និងអនាម័យជនបទ
* ជួសជុល និងថែទាំប្រព័ន្ធធារាសាស្ត្រ
* ជំរុញការអភិវឌ្ឍផលិតផល និងការពង្រឹងគុណភាពសេវាទេសចរណ៍
* បន្តបើកទីផ្សារសម្រាប់ការនាំចេញរបស់កម្ពុជា
* បន្តជួសជុល ថែទាំផ្លូវ ស្ពាន និងផ្លូវលំជនបទ ព្រមទាំងការស្តារស្រះ ជីកស្រះ និងអណ្តូងទឹក ដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួត
* ត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ
* អភិវឌ្ឍន៍ប្រព័ន្ធរដ្ឋបាលអេឡិកត្រូនិក
* ពង្រឹងនូវក្របខណ្ឌ និងយន្តការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម
* អភិវឌ្ឍន៍ប្រព័ន្ធស្តង់ដា និងមាត្រាសាស្រ្ត។
ក្រៅពីនេះសម្រាប់ឆ្នាំ២០២០ រាជរដ្ឋាភិបាលក៏បានគ្រោងថវិកា ឆ្លើយតបនឹងសកម្មភាពគាំពារសង្គមដែលរួមមានជាអាទិ៍ដូចជា៖
១៖ បន្តគាំទ្រការថែទាំសុខភាពសម្រាប់កម្មករ៖ បានត្រៀមថវិកាក្នុងកញ្ចប់ថវិការបស់ក្រសួងសុខាភិបាល សម្រាប់ពង្រីកវិសាលភាពមូលនិធិសមធម៌ ដើម្បីផ្តល់លទ្ធភាពឲ្យកម្មករ (ទាំងក្នុងប្រព័ន្ធ និង ក្រៅប្រព័ន្ធ) ដែលមិនទាន់ជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ទទួលបានរបបថែទាំសុខភាពដូចប្រជាជន ដែលមានបណ្ណក្រីក្រដែរ។
២៖ បន្តការឧបត្ថម្ភមាតុភាពសម្រាប់កម្មករនិយោជិត៖ បានគ្រោងនៅក្នុងកញ្ចប់ថវិការបស់ក្រសួងសុខាភិបាល សម្រាប់បន្តបើកផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មការិនី នៅក្រោយពេលសម្រាលកូន និងសម្រាកលំហែរមាតុភាព។
៣៖ ការបន្តនិរន្តរភាពមន្ទីរពេទ្យគន្ធបុប្ផា៖ បន្តផ្តល់ថវិកាសម្រាប់បង្កើន «មូលនិធិគន្ធបុប្ផាកម្ពុជា» បន្ថែមលើថវិកាដែលត្រូវផ្តល់ផ្ទាល់ ទៅមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ចំណាយប្រតិបត្តិការឆ្នាំ២០២០, ដើម្បីធានានិរន្តភាព គុណភាព និងប្រសិទ្ធភាព របស់មន្ទីរពេទ្យផង និងធានាការផ្តល់សេវា ដោយមិនយកថ្លៃជូនដល់កុមារ នៃគ្រួសារក្រីក្រផង។
៤៖ ការបន្តសកម្មភាពរបស់រាជរដ្ឋាភិបាលក្នុងការចុះសួរសុខទុក្ខកម្មករ-កម្មការិនី តាមបណ្តារោងចក្រ សហគ្រាស ដើម្បីស្វែងយល់ និងរកដំណោះស្រាយសមស្របជូនកម្មករ -កម្មការិនី ក៏ដូចជាជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម។
៥៖ កម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់ស្ត្រីក្រីក្រមានផ្ទៃពោះ និងកុមារតូច៖ បានគ្រោងថវិកាសម្រាប់ឧបត្ថម្ភពេលពិនិត្យផ្ទៃពោះ ចំនួន ៤លើក, ១លើក ៤ម៉ឺនរៀល, ពេលសម្រាលកូននៅមណ្ឌលសុខភាព ឬពេទ្យរដ្ឋ ជូន២០ម៉ឺនរៀល, ឧបត្ថម្ភ ១០លើកទៀត ១លើក ៤ម៉ឺនរៀល ពេលទៅទទួលថ្នាំបង្ការ រហូតដល់កុមារអាយុ ២ឆ្នាំ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចំណាយសរុបប្រមាណ ៣៣,៣៣៩,៦៣៣លានរៀល ដែលស្មើនឹង ៨២២៣លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការគ្រប់គ្រងរដ្ឋ។ គម្រោងចំណាយនេះមានប្រមាណ២៨.០១ភាគរយ នៃ ផសស នឹងកើនឡើង ២២.៧ភាគរយ បើធៀបនឹងឆ្នាំ២០១៩៕