(ក្រចេះ)៖ សិក្ខាសាលារៀបចំឡើងដោយរដ្ឋបាលសាលាខេត្តក្រចេះ រដ្ឋបាលជលផល ក្រសួងទេសចរណ៍ និងក្រសួងកសិកម្ម គាំទ្រដោយអង្គការ WWF ត្រូវបានរៀបចំឡើងក្រោមវត្តមានលោក អនុរដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ និងស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជលផល តំណាងលោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ស្ដីពីការអភិរក្សសត្វផ្សោតទន្លេមេគង្គ ដើម្បីអភិវឌ្ឍនទេសចរណ៍ប្រកបដោយនិរន្តរភាព។
សិក្ខាសាលានេះក្នុងគោលបំណង ធ្វើឡើងដើម្បីបំផុសគំនិត និងទស្សនទាន ដែលជាគន្លឹះសំខាន់ៗទៅអ្នកចូលរួមទាំងអស់អំពីសារសំខាន់ នៃការអភិរក្សសត្វផ្សោតទន្លេមេគង្គលើ ដែលជាថនិកសត្វដ៏កម្ររបស់បនុស្សជាតិទាំងមូល ហើយក៏មានការបង្ហាញ ពិភាក្សាលើការផ្សារភ្ជាប់ និងតួនាទីរបស់សត្វផ្សោតទៅក្នុងការរួមចំណែកអភិវឌ្ឍសង្គមក្នុងវិស័យផ្សេៗ ដូចជា វិស័យទេសចរណ៍ កសិកម្ម ជលផល និងសេដ្ឋកិច្ចជាដើម។
ម្យ៉ាងវិញទៀត ចូលរួមកំណត់ពីទស្សនវិស័យ និងផែនការយុទ្ធសាស្ត្រមួយចំនួន ចំពោះការអភិរក្សសត្វផ្សោតក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់។
សត្វផ្សោតជាថនិកសត្វដ៏កម្រ ដែលកំពុងរស់នៅតាមដងទន្លេមេគង្គលើ ចន្លោះពីខេត្តក្រចេះ និងខេត្តស្ទឹងត្រែង នៃប្រទេសកម្ពុជា។ យោងតាមការសិក្សាតាមដាន និងកត់ត្រារបស់អង្គភាពជំនាញ ស្ថិតិចុងក្រោយស្តីពី ចំនួនសត្វផ្សោតមេពូជដែលកំពុងមានវត្តមាននៅក្នុងទន្លេមេគង្គ គឺមានប្រមាណជាង ៩២ក្បាល។ សត្វផ្សោត ត្រូវបានចាត់ទុកថា ជាធនធានធម្មជាតិដ៏សំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាកំសាន្តនៅក្នុងខេត្តក្រចេះ។
ការអភិរក្សសត្វផ្សោតទន្លេមេគង្គ ដើម្បីអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើនទៀត ដែលមានគោលបំណងចំពោះការ បង្កើតចំណេះដឹង និងចែករំលែកព័ត៌មាន នៃការអភិរក្ស និងសារសំខាន់សម្រាប់ស្ថានប្រព័ន្ធ ការរស់នៅរបស់សហគមន៍មូលដ្ឋាន និងវិស័យទេសចរណ៍៕