(កណ្ដាល)៖ លោកស្រី ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានក្រើនរម្លឹក និងជំរុញដល់គ្រប់សង្កាត់ទាំងអស់ នៃក្រុងតាខ្មៅ ពិសេសគឺរដ្ឋបាលក្រុងតាខ្មៅ ត្រូវស្រុសគ្នា ដាក់ចិត្ត ដាក់កាយ ពិនិត្យមើល និងដោះស្រាយបញ្ហាបរិស្ថាន និងគ្រប់ហេដ្ឋារចនាសម្ព័ន្ធឲ្យបានល្អស្អាតដើម្បីយកពានរង្វាន់នៃចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២។

លោកស្រីលើកឡើងបែបនេះនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារទីក្រុងស្អាត ដើម្បីត្រៀមចូលរួមប្រទ្បងប្រណាំង ទីក្រុងស្អាតអាស៊ានលើកទី២ នៅសាលាខេត្តកណ្ដាល។

ក្នុងកិច្ចប្រជុំនេះដែរ លោកស្រីអភិបាលរងខេត្តបានបញ្ជាក់ថា ទីក្រុងតាខ្មៅជាទីប្រជុំជន និងជាទីកន្លែងទេសចរណ៍ ពោរពេញទៅដោយភាពស្រស់បំព្រង មានដងទន្លេបាសាក់ ស្ទឹងព្រែកត្នោត ដែលជាផ្លូវទឹកដ៏សំខាន់ និងជាទីក្រុងប្រកបដោយបរិស្ថានល្អក្នុងការរស់នៅ ប្រកបការងារ លំហែរកាយ សម្រាកកម្សាន្ត ប្រកបដោយសុខសុវត្ថិភាព។

លោកស្រីបន្តថា កាលពីឆ្នាំ២០១៨ កន្លងមក ក្រុងតាខ្មៅធ្លាប់ទទួលបានពានរង្វាន់ទីក្រុងស្អាត ផ្ការំដួល ២ទងម្ដងហើយ បច្ចុប្បន្នក្រុងតាខ្មៅបានជាប់ឈ្មោះជាក្រុងបេក្ខភាព ចូលរួមប្រឡងប្រណាំងដណ្ដើមពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន(២០១៨-២០២១)។

លោកស្រីគូសបញ្ជាក់ថា ដើម្បីទទួលបានពានរង្វាន់ក្នុងការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន គឺគ្រប់សង្កាត់ទាំង១០ ក្នុងក្រុងតាខ្មៅ ចូលរួមរៀបចំ និងសម្អាតបរិស្ថាន ធើ្វការបញ្រ្ជាបការយល់ដឹងដល់ប្រជាពលរដ្ឋ អំពីការការពារបរិស្ថាន និងភាពស្អាត អនុវត្តតាមការរៀបចំទីក្រុង ឲ្យស្របតាមសូចនាករគោល៧ សូចនាករលម្អិត២៨ និងលក្ខណៈវិនិច្ឆ័យចំនួន១០៨ នៃស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន។

គួរជម្រាបថា ក្នុងចំនោមប្រទេសក្នុងអាស៊ាននេះ មាន៦ទីក្រុង ដែលត្រូវបានដាក់បញ្ចូលឲ្យប្រកួតប្រណាំងទីក្រុងទេសចរណ៍អាស៊ាន ក្នុងនោះទីក្រុងតាខ្មៅ ក៏មានមានឈ្មោះចូលរួមប្រកួតផងដែរ ៕