Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតក្រុមប្រឹក្សាឃុំសង្កាត់ អតីតគណបក្សសង្គ្រោះជាតិ ២នាក់ទៀត នៅខេត្តស្វាយរៀង ចូលមកសារភាព និងប្រកាសមិនចូលរួមតាមផែនការក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី (Video inside)

25-10-2019 18:30

(ស្វាយរៀង)៖ អតីតក្រុមប្រឹក្សាជំទប់ទី២ ឃុំត្នោត ស្រុកកំពង់រោទ៌ និងអតីតប្រធានបក្សភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត អតីតគណបក្សសង្គ្រោះជាតិ ចំនួន២នាក់ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ បានចូលមកសារភាព និងប្រកាសថា ពួកគេនឹងមិនដើរតាមផែនការក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ីនោះឡើយ ព្រមទាំងចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

អតីតសមាជិកក្រុមប្រឹក្សា និងអតីតប្រធានបក្សទាំង ២រូបនេះ គឺលោក សៅ វៃ អាយុ៥៥ឆ្នាំ មានទីលំនៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង និងលោក ហ៊ុន យាប់ អាយុ៧៤ឆ្នាំ មានទីលំនៅភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ទាំងលោក លោក ហ៊ុន យាប់ និងលោក សៅ វៃ បានថ្លែងថា ដោយមើលឃើញអំពីក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី ដែលបានរៀបចំផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការឆ្នោត និងយល់ឃើញពីការដឹកនាំ ដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ ទើបលោកសំរេចចិត្តដោយមិនមានការបង្ខិតបង្ខំ អ្វីឡើយ គឺចូលដោយស្ម័គ្រចិត្ត។

សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី បានប្រកាសវិលចូល ប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ក្នុងគោលបំណងធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ក្រោយប្រកាសវិលចូលប្រទេស លោកបានអំពាវនាវឱ្យកងទ័ពផ្តាច់ខ្លួនពីរាជរដ្ឋាភិបាលទៅចុះចូលជាមួយខ្លួន ដោយប្រកាសថានឹងផ្តល់ថវិកាលើកទឹកចិត្តដល់ពួកគេ មិនតែប៉ុណ្ណោះ មេដឹកនាំក្រុមឧទ្ទាមថែមទាំងអំពាវនាវប្រឆាំងរដ្ឋធម្មនុញ្ញ ដោយបង្គាប់ឱ្យព្រះមហាក្សត្រដាក់រាជ្យ ដើម្បីរំលាយរបបរាជានិយមថែមទៀតផង។

សាររបស់ឧក្រិដ្ឋជន សម រង្ស៉ី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម។

ជាមួយគ្នានេះ ស្ថាប័នមានសមត្ថកិច្ច បានព្រមានថា អ្នកចូលរួម និងគាំទ្រ ដល់ផែនការរដ្ឋប្រហាររបស់ លោក សម រង្ស៉ី នឹងត្រូវផ្តន្ទាទោសទៅតាមច្បាប់ពីបទ «រួមគំនិតក្បត់» ដែលប្រឈមនឹងការដាក់ពន្ធនាគារពី១៥ រហូតដល់៣០ឆ្នាំ។ ទោះជាយ៉ាងនេះក្តី សម្រាប់អ្នកដែលចូលសារភាព ទទួលស្គាល់កំហុស នឹងត្រូវអនុញ្ញាតឱ្យរួចទោសឡើងវិញ៕